ភ្នំពេញ ៖ នគរបាលខណ្ឌពោធិ៍សែនជ័យ ដេញស្ទាក់ចាប់ខ្លួនយុវជន៤នាក់ ដែលមិនឲ្យឆែកឆេរ ក៏បង្កហិង្សាវាយតប់គ្នាទៅវិញទៅមក រហូតដល់សមត្ថកិច្ច បានផ្ទុះអាវុធចំនួន៥គ្រាប់ ដើម្បីបង្ក្រាប និងចាប់ខ្លួន កាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រទី៣ ខែឧសភា ឆ្នាំ២០១៩ នៅក្បែរបន្ទាយ 99 តាមបណ្ដោយផ្លូវ ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជន៤នាក់ ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាកហុងដាឌ្រីមសង់មិនចាំស្លាកលេខ និងមួយគ្រឿងទៀតម៉ាកហុងដា ប៉ឹក ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ 1HC.9972 ត្រូវបានកម្លាំងសមត្ថកិច្ចប្រដេញ តាមបណ្តោយផ្លូវម៉ៃដា(២០០៤)ទឹសដៅពីលិចទៅកើតនិងកាក់ឲ្យឈប់នៅត្រង់ចំណុចកើតហេតុខាងលើដើម្បីឆែកឆែ ក៏ប៉ុន្តែយុវជនទាំង៤នាក់ខាងលើមិនឲ្យសមត្ថកិច្ចធ្វើការឆែកឆែនោះទេ ព្រមទាំងឈ្លោះគ្នាជាមួយសមត្ថកិច្ចជាខ្លាំង និងបង្កជាហិង្សាវាយតប់គ្នារវាងសមត្ថកិច្ចនិងយុវជនខាងលើបណ្ដាលឲ្យយុវជនម្នាក់របួសបែកក្បាល និងសមត្ថកិច្ចរងរបួសត្រង់ក្ដោងច្រមុះ ។
ក្នុងករណីខាងលើ ក៏មានបងប្អូនប្រុសស្រីជាច្រើននាក់ ដែលជាម្ចាស់ហាង ខេធីវី ព្រមទាំស្រីៗ ធ្វើការខេធីវី ជាកូនចៅ ដែលនៅ ហាងក្បែរនោះបានជួយហាមឃាត់ ព្រមទាំងជេរប្រម៉ាតដល់ សមត្ថកិច្ច និងញ៉ួសញ៉ុងឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរនោះឲ្យជួយឃាត់សមត្ថកិច្ចកុំឲ្យចាប់កូនចៅរបស់គាត់ ។ សមត្ថកិច្ចជាច្រើននាក់បានចុះមកជួយអន្តរាគមន៍ តែយុវជនទាំង៤នាក់ខាងលើមិនសុខចិត្ត ក៏បានឈ្លោះជាមួយសមត្ថកិច្ចបន្ថែមទៀត ព្រមទាំងមានបក្សពួកជាច្រើននាក់មកជាមួយ ទើបធ្វើឲ្យសមត្ថកិច្ចផ្ទុះអាវុធចំនួន៥គ្រាប់ ដើម្បីបំបែកក្រុមយុវជនខាងលើ ហើយឃាត់ខ្លួនបានមនុស្ស៤នាក់ដឹកយកទៅប៉ុស្ដិ៍នគរបាលរដ្ឋបាល កាកាបទី១ ដើម្បីធ្វើការសាកសួរបន្ត។
ប្រភពពីរប្រជាពលរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថាយុវជនទាំង៤នាក់ខាងលើជាអ្នកកាងស្រីនិងជាអ្នកហៅភ្ងៀវឲ្យចូលច្រៀងនៅកន្លែងកើតហេតុ៕ ដោយ ៖ កូឡាប