ខេត្តកោះកុង ៖ ប្រជាពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទ មានការភ្ញាក់ផ្អើល និងបង្ហាញការព្រួយបារម្ភពីសុខសុវត្ថិភាពកូនចៅ ក្រោយពេលបានឃើញហេតុការណ៍ជនមិនស្គាល់អត្តសញ្ញាណ បានផ្លុងចោលវ៉ាលីជាច្រើន នៅក្បែររបងផ្ទះលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។
ករណីនេះ សមត្ថកិច្ចនគរបាលខេត្តកោះកុង បានឲ្យដឹងថា កាលពីម៉ោង ៦ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ប្រជាពលរដ្ឋជាច្រើនគ្រួសារ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ បន្ទាប់ពីបានឃើញវ៉ាលីចំនួន ៤ ដែលត្រូវបានជនមិនស្គាល់មុខយកមកផ្លុងចោលនៅចំណុចក្បែរផ្ទះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង មានទីតាំងស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ទាក់ទិនបញ្ហានេះ លោក ហេង លាង អធិការក្រុងខេមរភូមិន្ទ បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានគេផ្លុងវ៉ាលីចោលនៅចំណុចខាងលើ លោកបានចាត់ឲ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលដងទង់ និង កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌចុះមកធ្វើការហ៊ុំព័ទ្ធកន្លែងកើតហេតុ និង រាយការណ៍ទៅថ្នាក់ដឹកនាំខេត្ត កោះកុង ដើម្បីចាត់កម្លាំងជំនាញចុះមកពិនិត្យ។
ប្រភពដដែលបន្តថា បន្ទាប់ពីបានចុះពិនិត្យជាក់ស្ដែងឃើញថានៅក្នុងវ៉ាលីទាំងបួន ដែលជនមិនស្គាល់មុខផ្លុងចោលនោះ ពុំមានផ្ទុកសារធាតុជាតិផ្ទុះអ្វីគួរឲ្យកត់សំគាល់នោះទេ ដោយគ្រាន់តែមានសម្លៀកបំពាក់បុរស និង នារី ព្រមទាំងគ្រឿងសំអាងមួយចំនួនតែប៉ុណ្ណោះនៅក្នុងវ៉ាលីទាំងនោះ។
សមត្ថកិច្ចឲ្យដឹងទៀតថា បន្ទាប់ពីបានពិនិត្យរួចរាល់ហើយ បច្ចុប្បន្ននេះសមត្ថកិច្ច ក៏បាននាំយកវ៉ាលីទាំង៤នោះ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីស្វែងរកម្ចាស់។
សមត្ថកិច្ចបន្តឲ្យដឹងទៀតថា កន្លងមកពុំដែលធ្លាប់មានករណីបែបនេះ កើតឡើងនៅលើទឹកដីខេត្តកោះកុងនោះទេ។ ហើយថា រឿងនេះបានធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងបាននិយាយតគ្នាៗថា ពួកគាត់មានការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាពកូនចៅ នៅតាមក្រុមគ្រួសារនីមួយៗ។ ចំណុចនេះ ប្រជាពលរដ្ឋថ្លែងហួសចិត្តកាលបើសង្កេតឃើញថាថា ប្រសិនបើនៅក្នុងវ៉ាលីទាំងនោះ មានផ្ទុកនូវសារធាតុជាតិផ្ទុះអ្វីមួយនោះ ទំនងជានឹងអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងជាក់ជាពុំខាន៕ ដោយ៖ ដែន សីមា