Saturday, September 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន និង​គណៈប្រតិភូ​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម ឡេ ឌឹ​ក​អាញ់ អតីត​ប្រធាន​រដ្ឋ​វៀតណាម

​នៅ​ព្រឹក​ថ្ងៃទី​៣ ឧសភា​នេះ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ប្រារព្វ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ផ្លូវការ សពឯកឧត្តម ឡេ ឌឹ​ក​អាញ់ អតីត​ប្រធាន​រដ្ឋ​វៀតណាម ដើម្បី​ឲ្យ​បណ្តា​មេដឹកនាំ​ពិភពលោក និង​ប្រជាជន​វៀតណាម ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​ការជូន​ដំណើរ​ជា​លើកចុងក្រោយ​ជូន​ដល់​វិញ្ញាណក្ខន្ធ ឯកឧត្តម ឡេ ឌឹ​ក​អាញ់​។ ពិធី​គោរព​វិញ្ញាណក្ខន្ធ​ផ្លូវការ​នេះ និង​រៀន​ចំ​ឡើង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៣​និង​ទី​៤​ឧសភា មុន​ពិធី​ហែរ​ទៅ​បញ្ចុះសព​នៅ​ស្រុកកំណើត​របស់​ឯកឧត្តម​នៅ​ភូមិភាគ​កណ្តាលរបស់​ប្រទេស​វៀតណាម​។​

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង នាម​ជា​មេដឹកនាំ​ពិភពលោក​មួយ​រូប និង​ជា​អ្នក​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង ឯកឧត្តម ឡេ ឌឹ​ក​អាញ់ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់ដឹកនាំ​កង យោធពលខេមរភូមិន្ទ សរុប​ចំនួន ២៥​រូប អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម ឡេ ឌឹ​ក​អាញ់ អតីត​ប្រធាន​រដ្ឋ​វៀតណាម ដែល​ប្រារព្វ​ធ្វើឡើង​នៅ​វិមាន​តម្កល់សព​អគារ​លេខ​៥ ចិន​ថាញើ​តុង (Tran Thanh Tong) ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។ ក្នុង​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវការ​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋា​ភិបាល​កម្ពុជា អុជ​ធូប​និង​ធ្វើការ​លំអោនកាយវាចា​ចិត្ត​គោរព​ចំពោះ​សព ឯកឧត្តម ឡេ ឌឹ​ក​អាញ់ អតីត​ប្រធាន​រដ្ឋ​វៀតណាម ដែល​ក្នុង​មួយ​ជីវិត​របស់​ឯកឧត្តម ឯកឧត្តម​បាន​បូជា​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី អាយុ សង្ខា ក្នុង​បុព្វហេតុ​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ​របស់​វៀតណាម រហូតដល់​ប្រទេស​ទទួលបាន​នូវ​សុខ សន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​រហូតមកដល់​បច្ចុប្បន្ន​។

សូមបញ្ជាក់​ថា ឯកឧត្តម ឡេ ឌឹ​ក​អាញ់ បាន​ចំណាយពេល​ភាគច្រើន ក្នុង​មួយ​ជីវិត​របស់​លោក នៅឯ​ភាគខាងត្បូង​ប្រទេស​វៀតណាម ជា​ទី​ដែល​ឯកឧត្តម​បាន​ចូលរួម​ក្នុង​សង្គ្រាម របស់​បក្សកុម្មុយនិស្ត​វៀតណាម ប្រឆាំង​នឹង​អាមេរិក​។ ឯកឧត្តម​បាន​កាន់​មុខតំណែង​ជា​ប្រធាន​រដ្ឋ​វៀតណាម ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៧ និង​នៅ​ឆ្នាំ​១៩៩៥ ឯកឧត្តម​បាន​ក្លាយជា​ប្រមុខរដ្ឋ​វៀតណាម​ដំបូង​គេ ដែល​បាន​ឈាន​ជើង​ជាន់​លើ​ទឹកដី​អាមេរិក ក្រោយ​សម័យ​សង្គ្រាម​វៀតណាម នៅពេលដែល ឯកឧត្តម​ធ្វើដំណើរ​ទៅ​ចូលរួម​គម្រប់​ខួប ៥០​ឆ្នាំ របស់​អង្គការ​សហប្រជាជាតិ​នៅ​ញូយ៉ក​។ ជាមួយនឹង​ប្រទេស​កម្ពុជា ឯកឧត្តម ឡេ ដឹក​អាញ់ អតីត​ប្រធាន​រដ្ឋ និង​ជា​អតីត​មេទ័ព​វៀត​ណា​ម្នាក់ ដែល​បាន​ជួយ​កម្ពុជា ក្នុង​ការផ្តួលរំលំ​រប​ប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​។ ឯកឧត្តម​បាន​ទទួលមរណភាព ក្នុង​អាយុ​៩៩​ឆ្នាំ កាលពី​វេលា​យប់ ថ្ងៃ​ចន្ទ ទី​២២ ខែ​មេសា ឆ្នាំ​២០១៩ ដោយសារ​រោគាពាធ​។ ឯកឧត្តម​អតីត​ប្រធាន​រដ្ឋ ទទួលបាន​ការអប់រំ​នៅក្នុង​អតីត​សហភាពសូវៀត (​រុស្ស៊ី​បច្ចុប្បន្ន​) និង​ពិការ​ភ្នែក​មួយ​ចំហៀង និង​ធ្លាប់​បាន​កាន់​តួនាទី​យោធា​ខុសគ្នាៗ ក្នុងអំឡុង​សង្គ្រាម​វៀតណាម​។ ថ្នាក់ដឹកនាំ​និង​ប្រជាជន​វៀតណាម ចាត់ទុក​ឯកឧត្តម ឡេ ឌឹ​ក​អាញ់ ជា​បុគ្គល​មួយរូប ដែល​បាន​ជួយ​រំដោះ​ទីក្រុង​សៃ​ហ្គ​ន (Saigon – ទីក្រុង​ហូជីមិញ​បច្ចុប្បន្ន​) នៅ​ក្នុង​ប្រតិបត្តិការ​វាយ និង​ផ្តួលរំលំ​រដ្ឋាភិបាល​វៀតណាម​ខាងត្បូង ដែល​គាំទ្រ​ដោយ​អាមេរិក​។​

​នៅក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ និង​ជា​ការជូន​ដំណើរ​ជា​លើកចុងក្រោយ ឯកឧត្តម ឡេ ឌឹ​ក អាញ់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​សរសេរ​លើ​សៀវភៅ​ក្រាំងមាស នៃ​ការចូលរួម​មរណទុក្ខ ជូន​ចំពោះ​រដ្ឋ រដ្ឋាភិបាល គ្រួសារ​សព និង​ប្រជាជន​វៀតណាម ដែល​មាន​អត្ថន័យ​យ៉ាង ជ្រាលជ្រៅ​ថា ៖ ” អ៊ុំ ឡេ ឌឹ​ក​អាញ់ ជាទីគោរព ខ្ញុំ និង​គណៈប្រតិភូ​បក្ស រាជរដ្ឋាភិបាល និង​កងទ័ព​កម្ពុជា បាន​មក​ជូន​ដំណើរ​អ៊ុំ​ជា​លើក​ចុងក្រោយ ដែល​គ្មាន​ពេល​នឹង​បាន​ជួប​វិញ​។ តាំងពី​បាន​ជួប​គ្នា​លើក​ដំបូង​នា​ដើមឆ្នាំ​ ១៩៧៨ នៅ​មន្ទីរពេទ្យ ថុង​ញិត ក្រុង​ហូជីមិញ រហូតមកដល់​ពេលនេះ រូប​អ៊ុំ​ផ្ទាល់​រួម​ជាមួយ​កងទ័ព និង​ប្រជាជន​វៀតណាម បាន​ជួយ​ដល់​ប្រជាជន​កម្ពុជា​ច្រើន​ណាស់​។ កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវបាន​កសាងឡើង​ក្រោម​ការជួយ​ឧបត្ថម្ភ​ផ្ទាល់​ពី​សំណាក់​លោក​អ៊ុំ ដែល​ពេលនោះ លោក​អ៊ុំ ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម​។ ការ​រំដោះប្រជាជន​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ការទប់ស្កាត់​ការវិលត្រឡប់ នៃ​របប​ប្រល័យ​ពូជសាសន៍ ការកសាង​កម្ពុជា​ឡើង​វិញ ពិសេស​ការរីក​ធំធាត់ នៃ​កងទ័ព​កម្ពុជា ។​ល​។ សុទ្ធតែ​មាន​ការរួមចំណែក​របស់​លោក​អ៊ុំ​។ ក្នុងពេល​បំពេញ​ភារកិច្ច​នៅ​កម្ពុជា លោក​អ៊ុំ​បាន​តំណាង​ឲ្យ​បក្ស រដ្ឋាភិបាល និង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម អនុវត្តបាន​យ៉ាង​ពេញលេញ នូវ​គោលការណ៍ គោរព​ឯករាជ្យ អធិបតេយ្យភាព​កម្ពុជា គោរព​យ៉ាង​ម៉ឺងម៉ាត់ នូវ​ការជ្រើសរើស​របស់​ប្រជាជន​កម្ពុជា នូវ​ប្រព័ន្ធ​នយោបាយ សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​។ ក្នុងពេល​បំពេញ​មុខងារ​ជា​ប្រធាន​រដ្ឋ​វៀតណាម លោក​អ៊ុំ​ជា​មនុស្ស​ម្នាក់ ដែល​បាន​រួម​ជាមួយ​បក្ស រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​វៀតណាម ជំរុញ​នូវ​ទំនាក់ទំនង​លើ​គ្រប់​វិស័យ រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម ឲ្យ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ តាំងពី​ពេល​ស្គាល់​គ្នា​រហូត​មកដល់​ពេល​បែក​គ្នា លោក​អ៊ុំ តែង​យកចិត្តទុកដាក់​ដល់​រូបខ្ញុំ ភរិយា និង​កូនៗ របស់ខ្ញុំ ដូច​ឪពុក និង​កូន ជីតា​និង​ចៅ​។ ខ្ញុំ​នៅ​ចាំបាន​ថា នៅ​ក្នុង​គ្រា​ដែល ខ្ញុំ​លំបាក​បំផុត ពេល​កសាង​កងទ័ព​ដំបូង លោក​អ៊ុំ​បាន​ផ្តល់​នូវ​ការឧបត្ថម្ភ​គ្រប់យ៉ាង ដើម្បី​ឲ្យ​កងទ័ព​កម្ពុជា បាន​រីក​ធំធាត់​យ៉ាង​ឆាប់រហ័ស​។ លោក​អ៊ុំ​មិន​ពិសារ​បារី​ទេ តែ​លោក​អ៊ុំ​មិន​ភ្លេច​ផ្ញើ​បារី​ឲ្យ​ខ្ញុំ ដោយសា​អ៊ុំ​ដឹងថា ខ្ញុំ​ជា​អ្នក​ជក់បារី​ច្រើន​។ លោក​អ៊ុំ​តែង​ផ្តល់​យោបល់​ឲ្យ​ខ្ញុំ​ថែ​សុខភាព​។ ក្នុងឋានៈ​ជា​អ្នកនយោបាយ​មួយ​រូប និង​ជា​មេបញ្ជាការ​កងទ័ព​មួយរូប ខ្ញុំ​បាន​ចាត់ទុក​លោក​អ៊ុំ ជា​អ្នក​កំពូល​យុទ្ធសាស្ត្រ​លើ​ផ្នែក​យោធា និង​នយោបាយ ដែល​ខ្ញុំ​ពុំ​ទាន់​ជួប​មនុស្ស​ផ្សេងទៀត នៅ​តាម​ប្រទេស​នានា​នៅឡើយ​។ សូម​គោរព​លា និង​ជូន​ដំណើរ លោក​អ៊ុំ ដោយ​ក្តី​អាឡោះអាល័យ​ជាមួ​យ​នឹង​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​។ ហាណូយ ថ្ងៃ​សុក្រ ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៩ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ” ៕​ ដោយ​ ៖ ​កូឡាប​

spot_img
×