ខេត្តស្ទឹងត្រែង ៖ ស្ថានីយ៍ប្រេងឥន្ធនៈនិងហ្គាសប៉ាវចិន្តា២ បានឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យផ្ទុះធុងហ្គាស។
ហេតុការណ៍ឆាបឆេះស្ថានីយប្រេងឥន្ធនៈនិងផ្ទះនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ត្រង់ចំណុចជិតផ្សារចែហួងគីឡូម៉ែត្រលេខ២ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ក្រុង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ស្ថានីយប្រេងឥន្ធនៈដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនេះ មានឈ្មោះប៉ាវចិន្តា២ ដែលមានលក់សាំងនិងហ្គាសដ៏ធំមួយនៅចំណុចខាងលើនោះ។
បើតាមការរៀបរាប់របស់បុរសម្នាក់ដែលជិះឡានទៅចាក់សាំងនៅចំណុចនោះបាននិយាយថា មុនពេលកើតហេតុម្ចាស់ស្ថានីយបានផ្សារដែកដែលមេឃកំពុងក្តៅបានខ្ទាតផ្កាភ្លើង ថែមទាំងមានចំហាយហ្គាសធ្វើឲ្យមានការឆាប់ឆេះតែម្ដង។
ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឱ្យដឹងថាដំបូងឡើងពួកគាត់ឮសូរសំឡេងផ្ទុះខ្លាំងៗចំនួន២ដង ហើយបានឃើញផ្សែងភ្លើងចេញពីផ្ទះហ្គារាសនេះ និងមានកម្មករធ្វើការក្នុងហ្គារាស់សាំចំនួន២ទៅនាក់បាន់រត់ចេញពីកន្លែងកើតហេតុទាំងមានរបួស។
អំឡុងពេលភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅសមត្ថកិច្ចខំប្រឹងប្រែងយករថយន្តអគ្គិភ័យមកជាច្រើនគ្រឿងជួយអន្តរាគមន៍រហូតដល់វេលាម៉ោងប្រមាណ០៩និង៣៥នាទីទើបអាចគ្រប់គ្រងស្ថានការណ៍ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់ទទួលបានរបាយការណ៍អំពីទំហំនៃការខូចខាតនៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចកំពុងធ្វើការបំពេញការងារទៅតាមជំនាញ ៕ ដោយ ៖ បញ្ញាស័ក្តិ