Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដ្ឋាន​ជួសជុល​ផ្លូវជាតិ​លេខ​៦២​ពី​ទី​រួម​ខេត្ត​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ នឹង​បញ្ចប់​នៅ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​

spot_img

​ព្រះវិហារ ៖ ការដ្ឋាន​ជួសជុល​ផ្លូវជាតិ​លេខ​៦២ ចេញ​ពី​ទី​រួម​ខេត្ត ឆ្ពោះទៅ​កាន់​ប្រាសាទ​ព្រះវិហារ ត្រង់​ព្រំប្រទល់​ស្រុក​គូ​លេន និង​ស្រុក​ជាំ​ក្សាន្ត ដែល​ទទួលរង​ការខូចខាត​កាល​ពី​រដូវវស្សា​កន្លង​មកនេះ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​បាន​នឹង​កំពុង​កាយ​ដី​ស្អុយ​ចេញ​ជម្រៅ​ជិត​២​ម៉ែត្រ និង​ចាក់​ថ្ម​ចូល​កិន​បង្ហាប់ ហើយ​ការដ្ឋាន​នេះ​នឹង​បញ្ចប់​ការងារ​របស់​ខ្លួន​នៅ​មុន​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។​

​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ ក្នុងឱកាស​ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ផ្លូវ​ជាតិ​មួយ​ខ្សែ​នេះ​កាលពី​រសៀល​ថ្ងៃទី​២៤​ធ្នូ​បាន​បញ្ជាក់​អោយដឹងថា កំណាត់​ផ្លូវជាតិ​លេខ​៦២ ត្រង់​ព្រំប្រទល់​ស្រុក​គូ​លេន និង​ស្រុក​ជាំ​ក្សាន្ត កាល​ពី​រដូវវស្សា​កន្ល​ង​មកនេះ បាន​ទទួលរង​ការខូចខាត​ប្រវែង​៣៦០០ ម៉ែត្រ ដោយ​ចាប់ពី​គីឡូម៉ែត្រ​១៦៤+០០ ដល់​គីឡូម៉ែត្រ​១៦៧+៦០០ ហើយ​ដើម្បី​ស្ដារ​ហេដ្ឋារចនាសម្ព័ននេះ​ឡើ​ង​វិញ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ ក៏​បាន​បើ​ការដ្ឋាន​ជួសជុល​ជាបន្ទាន់ ដោយ​ចាប់ផ្តើម​បើក​ការដ្ឋាន​កាលពី ដើមខែ​តុលា ហើយ​គម្រោង​នេះ​នឹង​បញ្ចប់​នៅ​ចុងខែ​មិនា​ឆ្នាំ​២០១៨​ខាងមុខ ដោយ​ប្រើប្រាស់​ថវិកា​ជាតិ​។​

​លោក សំ លាង​ទ្រី បាន​បញ្ជាក់​ផង​ដែរ​ថា មូលហេតុ​ដែល​បង្ក​អោយ​កំណាត់​ផ្លូវ​ជាង​៣​គីឡូម៉ែត្រ​នេះ​ទទួលរង​ការខូចខាត ក៏​ព្រោះតែ​ស្រទាប់ដី​ខាងក្រោម​ច្រោះ​ទឹក ដែល​ធ្វើអោយ​ដី​ស្អុយ ខូច​ថ្នល់​ខាងលើ​តែម្តង ។ ដោយ​មើលឃើញ​ពី​មូលហេតុ​នេះ ទើប​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ សម្រចចិត្ត​ជីក​កាយ​ដី​ស្អុយ​នេះ​ចេញ ដែលមាន​ជម្រៅ​រហូតដល់​ជិត​២​ម៉ែត្រ​រួច​ចាក់​ថ្ម​ចូល​កិន​បង្ហាប់​តែម្តង ដើម្បី​អោយ​ផ្លូវ​មួយ​ខ្សែ​នេះ​ប្រើប្រាស់​បាន​យូរអង្វែង​។​

​នៅក្នុង​ខេត្តព្រះវិហារ​ទាំងមូល បើ​ពិនិត្យ​ទៅលើ​ផ្នែក​ហេដ្ឋារចនាសម្ព័នរយៈ​ពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ​​មានការ​រើ​ច​ចំរើន​យ៉ាងខ្លាំង មាន​ផ្លូវ​ខ្វាត់ខ្វែង ដែល​ខុស​គ្នា​ស្រឡះ​កាលពីមុន ដោយ​កាលពីមុន បើ​ចង់​មក​ខេត្ត​ព្រះវិហារ​ត្រូវ​ធ្វើដំណើរ ដោយ​គេង​ផ្លូវ​ទើប​អាច​មក​ដល់​ខេត្ត​ព្រះវិហារ​បាន តែ​ឥឡូវនេះ​ការធ្វើដំណើរ​ឆាប់រហ័ស​ណាស់ មានន័យ​ថា ពី​ភ្នំពេញ​មក​ខេត្ត​ព្រះវិហារ ប្រើ​ពេល​ត្រឹមតែ​៤​ម៉ោង​ប៉ុណ្ណោះ​នឹង​មកដល់​ដោយ​សប្បាយចិត្ត​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×