Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួប​រវាង​ប្រតិភូ​ UN និង​រាជរដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​ចំណុច​សំខាន់ៗ​ ៣

​ភ្នំពេញ ​៖ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​អ្នកសម្របសម្រួល UN ដឹកនាំ​ដោយ​លោកជំទាវ PAULINE TAMESIS ។ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៦​ឧសភា​។​

​ក្នុងជំនួប​នោះ លោកជំទាវ PAULINE TAMESIS បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោថា អង្គការសហប្រជាជាតិ សូម​សំដែង​នូវ​ការអបអរសាទរ​ចំពោះ​ការងារ​ដែល​បាន​អនុវត្ត​ប្រចាំ​ឆ្នាំ​កន្លងមក ជាពិសេស បានបញ្ជាក់​ថា​ជំនួប​រវាង​ប្រតិភូ​ជា​ក្រុម​ភ្នាក់ងារ​អង្គការសហប្រជាជាតិ (UN) និង​រាជរដ្ឋាភិបាល​មាន​ការជួប​គ្នា​ជា​រៀងរាល់​១​ឆ្នាំ​ម្តង ដែល​ពេល​នេះ​ជា​លើក​ទី​៥​ហើយ ដែល​ភ្នាក់ងារ (UN) បាន​ចូល​ជួប​ប្រជុំ​ជាមួយ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន​។

​នៅក្នុង​កិច្ចប្រជុំ​នេះ ប្រតិភូ​នៃ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ (UN) បាន​លើកឡើង​នូវ​ចំណុច​សំខាន់ៗ​៣​គឺៈ ១) ពាក់ព័ន្ធ​ទៅនឹង​កិច្ច​គាំពារ​សង្គម​, ២)​ទាក់ទង​ទៅនឹង​ទិន្នន័យ​សម្រាប់​ការអភិវឌ្ឍន៍ និង ៣) បញ្ហា​ការចូលរួម​ពិនិត្យ​របាយការណ៍​ថ្នាក់​ជាតិ​លើ​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព នៅក្នុង​ទីក្រុង​ញ៉ូវ​យ៉​ក (New York) នៅ​ខែ​៧​ខាងមុខនេះ​។

​ពាក់ព័ន្ធ​ទៅនឹង​ចំណុច​ទី​១​នៃ​កិច្ច​គាំពារ​សង្គម គឺ​ប្រតិភូ​នៃ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​បានលើកឡើង​៣​ចំណុច​ដែល​ពាក់ព័ន្ឋ​គ្នា គឺ​ទី​១)​ការសម្របសម្រួល​រវាង​ស្ថាប័ន និង​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ការកសាង​សមត្ថភាព​។ ទី​២)​គឺ​ការ​គាំពារ​សង្គម​និង​ហិរញ្ញវត្ថុ និង​ទី​៣) គឺ​ការងារ​សង្គម​ជាមួយ​នឹង​ការអនុវត្ត​ប្រកប​ដោយ​សមភាព​។ ចំពោះ​ការងារ​នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ឲ្យ​ក្រសួង​៦ និង​ក្រុមប្រឹក្សា​១ ធ្វើ​ការបកស្រាយ​រួមមាន ១)​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ,២)​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ , ៣)​ក្រសួង​សុខាភិបាល ,៤)​ក្រសួង​ផែនការ , ៥)​ក្រសួង​កិច្ចការនារី និង ៦)​ក្រសួង​សង្គមកិច្ច និង ៧) ក្រុមប្រឹក្សា​ស្ដារ អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​។

​ចំពោះ​ចំណុច​ទី​១ គឺ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​ប្រតិភូ​នៃ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ (UN)​ពាក់ព័ន្ឋ​នឹង​កិច្ច​គាំពារ​សង្គម​ថា កម្ពុជា​កាលពី​ដើម​ឡើយ​គឺ​មាន​ភាពក្រីក្រ​រហូតដល់​(១០០%)​ឯណោះ ហើយ​ក្រោយមក​ក៏​មាន​ការចាប់ផ្ដើម​ផ្ដល់នូវ​កិច្ច​គាំពារ​សង្គម​ទៅដល់​ស្ត្រី​ដែល​មាន​ផ្ទៃពោះ បន្ទាប់​មក​ដល់​ស្ត្រី​ដែល​ធ្វើការ​នៅ​តាម​រោងចក្រ និង​បន្ទាប់មកទៀត​គឺ​ទៅ​ដល់​ស្ត្រី​ដែល​មាន​ភាពក្រីក្រ ហើយក៏​បាន​ធ្វើការ​មួយចំនួន​ថែមទៀត រួមទាំង​ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ការ​ជីក​អណ្តូងទឹក ជីក​ស្រះ​ទឹក​ជាដើម ដែល​ទាំងអស់​នេះ​សុទ្ធសឹងតែ​ជា​ការ​គាំពារ​សង្គម​។

​ទី​២)​ទាក់ទង​ទៅនឹង​ទិន្នន័យ​សម្រាប់​ការអភិវឌ្ឍ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ឱ្យ​ក្រសួង​៤​ធ្វើ​ការបកស្រាយ រួមមាន ១)​ក្រសួង​ផែនការ​, ២)​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​,៣)​ក្រសួង​កិច្ចការនារី , និង​៤)​ក្រសួង​អប់រំ​យុវជន និង​កីឡា​។ ជាមួយគ្នា​នោះ​ដែរ សម្តេច​តេជោ ក៏​បាន​ជម្រាប​ជូន​បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​ករណី​នេះ ដែល​ប្រតិភូ​នៃ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​បានស្នើ គឺ​ធ្វើ​យ៉ាងណា​ដើម្បី​បង្កើន​ថវិកាជាតិ​និង​ពង្រឹងគុណភាព​សមត្ថភាព​។ ការងារ​ទិន្នន័យ​សម្រាប់​ការអភិវឌ្ឍ​នេះ សម្តេច​តេជោ​បាន​ធ្វើ​ការបកស្រាយ​ថា កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ក្នុង​ការបង្កើន​ថវិកា​ជាតិ​ជា​ប្រចាំ ហើយ​សង្ឃឹមថា​នឹង​ឯកភាព​បង្កើន​ថវិកា​បន្ថែម​ទៀត​។

​ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង​ការពង្រឹង​សមត្ថភាព​វិញ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ធ្វើការ​ណែនាំ​ធ្វើ​យ៉ាងណា​ឲ្យមាន​ការជំរុ​ញ​ឲ្យមាន​ការសិក្សា​នៅ​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់​ផងដែរ ហើយ​ត្រង់​ចំនុច​នេះ លោក ហង់ ជួន​ណារ៉ុន ក៏​បាន​ធ្វើការ​ណែនាំ​ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បីអោយ​សាកលវិទ្យាធិការ​ទាំងអស់​ជំរុញ​ការអប់រំ​រហូតដល់​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​។

​ចំណុច​ទី​៣ ពាក់ព័ន្ធ​នឹង​កិច្ច​ចូលប្រជុំ​របាយការណ៍​ថ្នាក់​ជាតិ​លើ​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នេះ អង្គការសហប្រជាជាតិ​បាន​ស្នើ​ឲ្យ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​នៅ​ទីក្រុង​ញ៉ូវ​យ៉​ក (New York) នៅ​ខែ​៧​ខាងមុខនេះ ហើយ​ឲ្យមាន​ការគាំទ្រ​ដោយ​ការចូល​រួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​ក្រសួង​ផែនការ ធ្វើ​ការបកស្រាយ ដោយ​សម្ដេច​តេជោ​បាន​បន្ដថា​កម្ពុជា​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ចូលរួម​កិច្ចប្រជុំ នៅ​ខែ​៧​ខាងមុខនេះ​។ ដោយឡែក ដែល UN សុំអោយ​មាន​ការគាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា​នោះ គឺ​សម្តេច​តេជោ បាន​មានប្រសាសន៍​ឆ្លើយតប​ថា សព្វថ្ងៃ​នេះ​រាល់​ការងារ​ទាំងអស់​គឺ​មាន​ការសម្របសម្រួល​គ្នា ជា​ពិសេស​មាន​ការ​ត​ចូលរួម​ពី​ឧត្តម​ក្រុម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​កម្ពុ​ជា​ផងដែរ​៕​ ដោយ​៖​កូឡាប​