កាលពីយប់ថ្ងៃទី២៤/១២ (ម៉ោងនៅតំបន់) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Haley បានប្រកាសកាត់បន្ថយជាប្រវត្តិសាស្ត្រ នូវខ្ទង់ប្រាក់ឧបត្ថម្ភសម្រាប់រយៈពេល ២ឆ្នាំ ដល់អង្គការពិភពលោកមួយនេះ។

តាម Fox News អ្នកស្រី Haley ឲ្យដឹងថា អាមេរិកនឹងកាត់បន្ថយប្រាក់ ២៨៥លានដុល្លារ សម្រាប់ដែលជាខ្ទង់ប្រាក់ឧបត្ថម្ភដល់អង្គការសហប្រជាជាតិ សម្រាប់ឆ្នាំហិរញ្ញវត្ថុ 2018-2019។ អ្នកស្រី Haley ពោលថា ៖ “ការគ្មានប្រសិទ្ធភាព និងចំណាយលើសផែនការរបស់អង្គការសហប្រជាជាតិ ត្រូវបានដឹងថា មានច្រើន ហើយយើងខ្ញុំនឹងពុំអនុញ្ញាតឲ្យមានការកេងប្រវ័ញ្ចលើពលរដ្ឋអាមេរិក ក៏ដូចជាការពុំត្រួតពិនិត្យបាន”។
កន្លងមកនេះអាមេរិករួមវិភាគទាន ប្រមាណ២២% នៃថវិការរបស់អង្គការសហប្រជាជាតិ ដែលមានទឹកប្រាក់ប្រហាក់ប្រហែលនឹង ៣,៣ពាន់លានដុល្លារ ព្រមទាំងរួមចំណែក ២០% លើកិច្ចប្រឹងប្រែងរក្សាសន្តិសុខ។
គួរកត់សម្គាល់ថា ការប្រកាសរបស់អ្នកស្រី Haley ត្រូវបានលើកឡើងបន្ទាប់ពីអង្គការសហប្រជាជាតិបោះឆ្នោតថ្កោលទោសអាមេរិក ចំពោះការដែលប្រធានាធិបតី Donald Trump សម្រេចចិត្តទទួលស្គាល់ ជេរូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល។ ពេលនោះអ្នកស្រី Haley បានគំរាមថា នឹងឆ្លើយតបចំពោះការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិដោយគំរាមកាត់បន្ថយប្រភពហិរញ្ញវត្ថុពីសំណាក់អាមេរិក។
ថវិការរបស់អង្គការសហប្រជាជាតិត្រូវបានបែងចែកដំណាក់កាល២ឆ្នាំម្តង ហើយមុននឹងអាមេរិកប្រកាសពីការកាត់បន្ថយនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ទើបតែកសាងផែនការថវិការសម្រាប់អង្គការសហប្រជាជាតិ មានចំនួន ៥,៤ប៊ីលានដុល្លារ មានការថយចុះ២០០លានដុល្លារ ធៀបនឹងថវិការ 2016-2017៕ សូយន