Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន ចំពោះ​ធាតុអាកាស​ត្រជាក់ ដោយ​មាន​ភ្លៀង​រលឹម

សម្តេច​តេជោ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ថា នៅ​ទីក្រុង​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ធាតុអាកាស​ត្រជាក់​បន្តិច ដោយ​មាន​ភ្លៀង​រលឹម​បង្អុរ​ចុះ​មក​ផង គឺ​ធ្វើឲ្យ​បងប្អូន​ងើ​បហាត់កីឡា​ពី​ព្រឹក នៅតាម​ទីធ្លារ​សួន​សាធារណៈ និង​ស្តា​ត​អូឡាំពិក​មាន​ការលំបាក​ខ្លះៗ​។

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា ចំពោះ​បងប្អូន​ដែល​រស់នៅ និង​ប្រកប​របរ​ផ្សេងៗ​នៅតាម​តំបន់​សមុទ្រ សូម​មាន​ការប្រុងប្រយ័ត្ន​ផងដែរ ចំពោះ​ការប្រែប្រួល​ធាតុ​អាកាស និង​កម្លាំង​សម្ពាធ​ខ្យល់​។ សូម​បើកបរ​ឆ្ងាយ​ជិត​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។ អរគុណ​កូនក្មួយ​ដែល​បាន​ផ្ញើ​រូបថត “​សាលាបឋមសិក្សា​កំពង់កែស​” នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត ដែល​ពូ​មីង​បាន​កសាង​កំឡុង​ឆ្នាំ ១៩៩៥​។ ពូ​មីង​បាន​ចាត់​ក្រុម​ការងារ​ទៅ​ពិនិត្យ​ស្ថានភាព​សាលា ហើយ​នឹង​សាងសង់​ជូន​ក្មួយៗ និង​ចៅៗ​បាន​សិក្សា​ទាន់ពេលវេលា​។ ពូ​មីង​មិន​អោយ​កូន​ក្មួយៗ​និង​ចៅៗ​អត់​សាលារៀន​ទេ​។​

​ជូនពរ​បងប្អូន​ជន​រូ​ម​ជាតិ ព្រមទាំង​កូន​ក្មួយ និង​ចៅៗ​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​។ ជាពិសេស​ក្មួយៗ និង​ចៅៗ​ត្រូវ​ខិតខំ​រៀនសូត្រ​អោយបាន​ពូកែ ហើយ​ធ្វើ​ជា​សិស្ស​ល្អ កូន​ល្អ ចៅ​ល្អ និង​ជា​ពលរដ្ឋ​ល្អ​របស់​ប្រទេសជាតិ​។​

​សម្តេច​តេជោ បាន​ថ្លែងថា ធាតុអាកាស​ថ្ងៃនេះ នៅ​ខាងក្រៅ​គឺ​មិន​រងារ​ត្រជាក់​ខ្លាំង​ដូច​ប៉ុន្មាន​ថ្ងៃ​មុន​ទេ​។ ទោះយ៉ាងណា​ក៏ដោយ សូម​បងប្អូន​ថែរក្សា​សុខភាព​អោយបាន​ល្អ គឺ​ត្រូវ​ហាត់​កីឡា​អោយបាន​ទៀងទាត់ យ៉ាងហោច ណាស់​៣០​នាទី​ក្នុង​១​ថ្ងៃ​។​
​ឪពុក​ម្តាយ​គ្រប់រូប​តែងតែ​ចង់បាន​កូនចៅ​ល្អ​។ ដូច្នេះ​ក្មួយៗ និង​ចៅៗ​ត្រូវ​ខិតខំ​រៀនសូត្រ​ទាន់​ខ្លួន​នៅ​ក្មេង ហើយ​ត្រងត្រាប់​ស្តាប់​ដំបូន្មាន​ល្អៗ​របស់​ឪពុក​ម្តាយ លោកយាយ​លោកតា និង​លោកគ្រូ​អ្នកគ្រូ ដើម្បី​ក្លាយជា​កូន​ល្អ និង​ជា​ពលរដ្ឋ​ល្អ​របស់​ប្រទេសជាតិ​។ ខ្ញុំ​សប្បាយចិត្ត ដែល​ចៅៗ​ខិតខំ​យកចិត្តទុកដាក់​រៀនសូត្រ​គ្រប់ៗ​គ្នា​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ និង​មាន​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​កុំបី​ខាន​។​

​សូមបញ្ជាក់​ថា បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ស្នើ​សូម​បងប្អូន​ប្រជាពលរដ្ឋ អ្នកធ្វើ​ដំណើរ​តាម​សមុទ្រ ពិសេស​ចំពោះ​បងប្អូន​ប្រជា​នេសាទ គួរ​ផ្អាក​សកម្មភាព ចាប់​ពី​ល្ងាច​ថ្ងៃទី ២៥ ខែ​ធ្នូ​នេះ​តទៅ​។ បើ​យោង​តាម​សេចក្តីជូនដំណឹង​បន្ថែម​រស់​ក្រសួង​ធនធានទឹក នេះ​បង្ហាញថា ឥទ្ធិពល​របស់​ព្យុះ​ទី ២៧ ឈ្មោះ តឹម ប៊ិន (TEMBIN) នឹង​មាន​ឥទ្ធិពល​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បង្ក​ឱ្យមាន​ខ្យល់​បក់បោក​ខ្លាំង លាយឡំ​ជាមួយ​នឹង​ភ្លៀង​ខ្លាំង​នៅលើ​ផ្ទៃ​សមុទ្រ និង​តំបន់ឆ្នេរ ព្រមទាំង​ធ្វើឱ្យ​មាន​ភ្លៀង​ធ្លាក់ ពី​មធ្យម​ទៅ​ច្រើន ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស​។​
​បើ​ក្រសួង​ធនធានទឹក បានបង្ហាញ​ថា បន្ទាប់​ពី​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ឥទ្ធិពល​របស់​ព្យុះ​ទី​២៧ ឈ្មោះ តឹម ប៊ិន (TEMBIN) បានវិវត្ត​ខ្លួន​ទៅ​ជា​ព្យុះ​ទី​ហ្វុង​កម្រិ​តទី​១​។ យោង​តាម​ការណ៍​ព្យាករណ៍ បានបង្ហាញ​ថា ព្យុះ​តឹម​ប៊ិន នឹង​ធ្វើដំណើរ​មក​ដល់​ឆ្នេរ​ប្រទេស​វៀត​មាន​នៅ​ល្ងាច​ថ្ងៃទី​២៥​ខែ​ធ្នូ រួច​មក​បន្តដំណើរ​ម​ក​កាន់​តំបន់​ដីសណ្តរ​ទន្លេមេគង្គ ក្នុង​ប្រទេស​វៀតណាម​។ ព្យុះ​តឹម​ប៊ិន នឹង​មាន​ឥទ្ធិពល​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បង្ក​ឱ្យមាន​ខ្យល់​បក់បោក​ខ្លាំង លាយឡំ​ជាមួយ​នឹង​ភ្លៀង​ខ្លាំង​នៅលើ​ផ្ទៃ​សមុទ្រ និង​តំបន់ឆ្នេរ ព្រមទាំង​ធ្វើឱ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស​៕ ដោយ ៖ កូឡាប​

×