ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងទៅ កបឃ.ស ទាក់ទងនឹងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។ គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូងក្រុមប្រឹក្សាឃុំសង្កាត់ (កបឃ.ស) ពុំបានទទួលបណ្តឹងជំទាស់ឡើយ ប៉ុន្តែទទួលបណ្តឹងតវ៉ាចំនួន៤២បណ្តឹង។
បើតាមសេចក្តីប្រកាសព័ត៌មានគ.ជ.ប បណ្តឹងតវ៉ាទាំង៤២រួមមាន៖ បណ្តឹងតវ៉ាសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោត មានចំនួន៣បណ្តឹងក្នុងនោះមាន៖ ខេត្តបន្ទាយមានជ័យ ១បណ្តឹង យល់ព្រមតាមពាក្យបណ្តឹង។ ខេត្តកំពត ១បណ្តឹង យល់ព្រមតាមពាក្យបណ្តឹង និងរាជធានីភ្នំពេញ ១បណ្តឹង យល់ព្រមតាមពាក្យបណ្តឹង។ បណ្តឹងតវ៉ាសុំរក្សាទុកឈ្មោះក្នុងបញ្ជីបោះឆ្នោតមាន៣៩បណ្តឹង ក្នុងនោះមាន៖ ខេត្តពោធិ៍សាត់ ៣៨បណ្តឹង យល់ព្រមតាមពាក្យបណ្តឹង និងខេត្តតាកែវ ១បណ្តឹង យល់ព្រមតាមពាក្យបណ្តឹង។
គ.ជ.ប បានបញ្ជាក់ថា នៅថ្នាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញពុំមាន ពាក្យបណ្តឹងឡើយ៕ ដោយ៖បញ្ញាស័ក្តិ