Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំ​បាប់ និង​គុន​លំពែង​ខ្មែរ​

​មិន​ថា​ស្ថិត​ក្នុង​សម័យ​បុរេ​អង្គរ ឬ​អង្គរ​ទេ សំណល់​សិល្បៈ​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ​ខ្មែរ បាន​បង្ហាញ​អំពី​ទំនៀម​ទំលាប់​ប្រពៃណី​របស់​ជាតិខ្មែរ មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ តាម​ស្ថានភាព​នៃ​ទីតាំង និង​ពេលវេលា ។​

​ថ្វី​ត្បិត​តែ​ប្រពៃណី​ខ្លះៗ ត្រូវបាន​ឆ្លាក់​លើ​ជញ្ជាំង​ប្រាង្គ​ប្រាសាទ ឬ​ក៏​តាម​គំនូរ​បុរាណ​ក៏ពិតមែន ប៉ុន្តែ​ក៏​ពុំមែន​មានន័យថា សមិទ្ធផល​ទាំង​នោះ​ទើបតែ​មាន​នៅ​ពេល​ដែល​សំណង់​ស្ថាបត្យកម្ម ត្រូវបាន​សាងសង់​នោះឡើយ ។ យ៉ាងណាមិញ ការសំដែង​នូវ​ល្បែង​នានា ជាពិសេស​ចំបាប់ និង​ក្បាច់គុន​លំពែង​ដោយ​ប្រើ​ក្បាំង ឬ​ខែល​សម្រាប់​ការពារ​ជា​ដើម នា​សម័យ​មហានគរ បាន​ផ្តល់​នូវ​ឧទាហរណ៍​ពិសេស​មួយ​ស្តីពី ការកកើត​និង​ចលនា​វិវត្តន៍ នៃ​វិស័យ​វប្បធម៌​ខ្មែរ​យ៉ាង​ប្រាកដ ។​

​ជាជាង​ការអធិប្បាយ​យ៉ាង​ល្អិតល្អន់ អំពី​ក្បាច់​ចំបាប់​និង​គុន លំពែង ដែល​ត្រូវបាន​ពេញនិយម​នា​សម័យអង្គរ ចំណុច​វិជ្ជមាន​ដែល​យើង​គួរ​លើក​នៅ​ទីនេះ គឺ​តួនាទី​របស់​ល្បែង​ប្រជាប្រិយ​នោះ ក្នុង​សង្គម​ខ្មែរ​ដើម ។ បើ​និយាយ​ម្យ៉ាងទៀត ក្នុងន័យ​ច្បាស់លាស់​មួយ នៅទីនេះ​យើង​ចង់បង្ហាញ​ប្រភព​និង​សារៈសំខាន់ របស់​ទំនៀម​ទំលាប់​ទាំងនោះ ដែល​បាន​កើតឡើង​មក​ក្នុងពេល​ជាមួយគ្នា ។​

​សូម​រំលឹក​ថា ចំបាប់​គឺជា​សកម្មភាព ដែល​មនុស្ស​ពីរ​នាក់ ឬ​ច្រើន​នាក់​ចាប់​គ្នា​បោក​ផ្តួល ដោយ​ប្រើ​ស្នៀត ឬ​ប្រើ​កំលាំង (​វចនានុក្រម​សម្តេច​ជួន​ណាត​)​។ ម្យ៉ាងវិញទៀត​នា​សម័យបុរាណ ចំបាប់​ត្រូវបាន​និយម​ដោយ​កងទ័ព​ខ្មែរ ដើម្បី​មូលហេតុ​យោធា ។ សូម​ជម្រាប​ផងដែរ​ថា ក្នុង​បរិបទ​វប្បធម៌​ខ្មែរ ការនិយម​នូវ​ចំបាប់​និង​គុន​លំពែង (​ដោយ​ជួនកាល​មានប្រើ​ខែល​ផង​នោះ​) តាំងពី​បុរាណកាល​មក មាន​ដំណើរការ​ស្របគ្នា មិន​ខុស​គ្នា​ពី​ការបង្កើតឡើង នា​សម័យ​បុរេប្រវត្តិ នៅ​ប្រទេស​អឺរ៉ុប​នោះទេ ហើយ​ការ​លេចធ្លោ​ឡើង​នៃ​ចលនា​វប្បធម៌​នេះ ត្រូវបានគេទទួលស្គាល់​ថា ជា​មរតក​វប្បធម៌​ខ្មែរ​សុទ្ធសាធ ។ ការ​ពិត​នេះ​អាច​គូសបញ្ជាក់​តាមរយៈ​គំនូរ​របាំ​ខែល គូរ​លើ​ជញ្ជាំង​ថ្ម​នា​សម័យ​បុរេប្រវត្តិសាស្ត្រ ឬក៏​របាំ​ខែល​របស់​ខេត្តកំពង់ធំ​បច្ចុប្បន្ន ដែល​ជាប់​ទាក់ទិន​ទៅ​នឹង​ចម្លាក់​ខ្មែរ នា​សម័យ​បុរេ​អង្គរ និង​អង្គរ និង​ក្រោយ​អង្គរ​យ៉ាង​ជាក់ច្បាស់ ។​ដូច្នេះហើយ​បានជា​ខ្មែរ​សម័យ​អង្គរវត្ត បញ្ចូល​ទាំង​ល្បែង​ចំបាប់ ទាំង​ល្បែង​ក្បាច់គុន​លំពែង ទៅក្នុង​ប្រពៃណីជាតិ ដូច​ករណី​នៃ​ចម្លាក់ លើ​ប្រាសាទ​បាយ័ន ជា​ភស្តុតាង​ស្រាប់ ។ កុំ​ភ្លេច​ថា​ប្រពៃណី​ទាំងនេះ សុទ្ធតែ​មាន​លក្ខណៈ​ជា​ប្រជាប្រិយ ក៏​មែនពិត តែ​ទាក់ទិន​នឹង​ការ​ធ្វើ​សឹក​សង្គ្រាម ។ ប្រការ​ទាំងនេះ​ហើយ​ជា​សំ​ណុ​ច​សំខាន់បំផុត សំរាប់​បង្ហាញ​ភាពចំណាស់ នៃ​មរតក​វប្បធម៌​ខាងលើនេះ ដែល​គួរឲ្យ​គេ​ចាប់​អារម្មណ៍ ។ ផ្ទុយទៅវិញ ជនជាតិ​សៀម​ដែល​ជា​ជន​អន្តោ​ប្រវេស៍ មិន​បាន​បង្កើត​ល្បែង​ចំ​បាប់ និង​ល្បែង​គុណ​លំពែង​នោះឡើយ ពីព្រោះ​ពួកគេ​គឺជា​មនុស្ស​ចំណូល​ថ្មី​ក្នុង​តំបន់ ។ ការពិត​ទៅ​អ្វីដែល​ទើប​នឹង​ពោល​នេះ​គឺ​គ្រាន់តែ​ជា​ភស្តុតាង បញ្ជាក់​ពី​កម្ម​វប្បធម៌​ប៉ុណ្ណោះ ។​

​យើង​គួរតែ​ចង​ចាំ​ថា ការស្វែងរក​វិធីសាស្ត្រ​ផ្សេងៗ សម្រាប់​ការពារ​ខ្លួន ឬក៏​ដើម្បី​ឈ្នះ​លើ​សត្រូវ​ក្នុង​សង្គ្រាម បាន​ធ្វើឲ្យ​លេចធ្លោ​រឡើង នូវ​ចំបាប់​និង​គុន​លំពែង​ខ្មែរ ដែល​ជា​ភាគ​មួយ​ក្នុង​សង្គ្រាម ហើយ​ការណ៍​នេះ​ក៏​បាន​កើតឡើង ក្នុង​អតីតកាល​និង​ត្រូវ​បាន​បន្ត​រហូត​ដល់​សម័យ​ក្រោយ​អង្គរ ។ ឧទាហរណ៍ ការបះបោរ ការប្រកួតប្រជែង​ដើម្បី​អំណាច ឬ​ការ​ទប់ទល់​ការឈ្លានពាន​មកពី​ខាងក្រៅ ជនជាតិ​ខ្មែរ​តាំងតែ​ពី​យូរលង់​ណាស់​មកហើយ រមែង​តែង​ប្រតិបត្តិ​ចំ​បាប់ និង​គុន​លំពែង​ជានិច្ច ។ មិនមែន​តែ​សម័យ​ប្រវត្តិសាស្ត្រ​ទេ ដែល​ខ្មែរ​ចេះ​ប្រើ​កាយវិការ​បែបនេះ សម័យ​បុរេ​អង្គរក៏​ដូច្នេះ​ដែរ បើ​យើង​សំអាង​លើ​ក្បាច់​ផ្តែរ​នា​ចុង​ស​.​ត​ទី​៦ ដើម​ស​.​ត​ទី​៧ នៃ​គ​.​ស ។​យ៉ាង ណា​មិញ​នៅ​សម័យ​វប្បធម៌​នគរ​ភ្នំ ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​បាន​ធ្វើ​សង្គ្រាម​ការពារ​ទឹកដី ឬ​ការពារ​សត្រូវ​អស់​រាប់​ស​.​ត ក៏​បាន​ប្រើ​គុន​ដាវ​ឬ​ខែល ដើម្បី​ការពារ​ជីវិត​របស់​ខ្លួន​ដែរ ។​

​ដោយសារ​មូលហេតុ​នេះ យើង​អាច​សន្និដ្ឋានបាន​ថា ចំ​បាប់ និង​គុន​ដាវ​លំពែង ដែល​ពី​មុន​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​ធ្វើ​សឹក​សង្គ្រាម ចម្បាំង​នោះ ត្រូវបាន​បុព្វការី​ជន​ខ្មែរ​ប្រតិបត្តិ​ដោយ​ពុំ​ខកខាន​ឡើយ ។​

​ប្រសិនបើ​យើង​មើល​ទៅលើ​ចំបាប់​ដែល​ឆ្លាក់​នៅលើ​ប្រាសាទ​បាយ័ន នា​ចុង​ស​.​ត​ទី​១២ ដើមទី​ស​.​ត​ទី​១៣ យើង​នឹង​ឃើញថា មាន​លក្ខណៈ​ស្រដៀង​គ្នា នឹង​ចំបាប់​ដែល​មាន​លើ​ផ្ទាំងគំនូរ​វត្ត​អារាម​នា​ស​.​ត​ទី​១៩​មួយចំនួន ។ ជាមួយនឹង​តឹកតាង​នេះ យើង​ក៏​អាច​លើក​រឿងព្រេង​មួយចំនួន​ទៀត​មក​សំអាង ដូចជា រឿងនិទាន​ខ្មែរ​មួយចំនួន​ដែល​បាន​ពិពណ៌នា អំពី​ភាព​ស្ទាត់ជំនាញ​ខាង​ចំបាប់​របស់​តួអង្គ​ដូច​រឿង​ប្រវត្តិ​ប្រាសាទតាព្រហ្ម ជាដើម ។ បើ​អីចឹង​យើង​បកស្រាយ​យ៉ាងដូចម្តេច​ទៅ អំពី​ភាពស្រដៀងគ្នា​ខាង​កាយវិការ​របស់​សិល្បក​រ​ដែល​សម្តែង ក្នុង​ពិធីបុណ្យ​ធំ​ដូច​ជា ពិធី​រាជា​អភិ​សេក និង​ច្រត់ព្រះនង្គ័ល​ជាដើម នៅពេលដែល​យើង​ធ្វើការ​សិក្សា​ប្រៀបធៀប ។​

​ជា​រឿង​ច្បាស់លាស់​ទៅ​ហើយ​ដែលថា ចំបាប់​និង​ក្បាច់គុន​លំពែង​គឺជា គឺជា​មរតក​វប្បធម៌​ខ្មែរ​ដ៏​ពិតៗ ដែល​បាន​ប្រសូត​ចេញ​ពី​មូលដ្ឋាន​មន​-​ខ្មែរ មុន​ឥណ្ឌា​នីយកម្ម ហើយ​ធ្លាប់​មាន​ភាពល្បីល្បាញ​ក្នុង​អតីតកាល ទោះបី​នា​សព្វថ្ងៃ​ស្ថិតក្នុង​ឱនភាព​ព្រោះតែ​មាន​ការផ្លាស់ប្តូរ ទម្រង់​សង្គម​វប្បធម៌​ក៏ដោយ ។​

​កុំភ្លេចថា ចំបាប់​និង​គុន​លំពែង ដែល​បាន​ទទួល​ការកោតសរសើរ​យ៉ាង​ខ្ពង់ខ្ពស់ និង​មាន​ការពេញនិយម​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​សម័យ​បុរាណ ពីព្រោះ​វា​តំណាង​ឲ្យ​វិរភាព និង​ភាពប៉ិនប្រសព្វ ក្នុង​ការ​យក​ជ័យជំនះ​លើ​គូវិវាទ ដោយ​ប្រើ​កម្លាំងកាយ បូកផ្សំ​នឹង​យុទ្ធសាស្ត្រ ដ៏​ចំណាន​គួរឲ្យ​កោតសរសើរ​យ៉ាង​ក្រៃលែង ។ ដោយសារ​មនុស្ស​ខ្មែរ​បុរាណ​បាន​យល់ច្បាស់ អំពី​សារៈសំខាន់​នៃ​ល្បែង​ទាំងនេះ ទើបបានជា​គេ​ឆ្លាក់​លើ​ប្រាសាទ​សិលា ទុកជា​ប្រវត្តិសាស្ត្រ​ដែល​ជា​ឧត្តមភាព ៕ (​ម​.​ត្រា​ណេ​)​

×