ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃើញការផ្សព្វផ្សាយរបស់សារព័ត៌មាន ក្នុងខ្លឹមសារ ស្នើសុំអោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បិទវេបសាយល្បែងអនឡាញចំនួនពីរ គឺ vina24.com និង minhngoc.net។
នាយកដ្ឋានបានធ្វើការស្រាវជ្រាវ ដោយពិនិត្យឃើញថា វេបសាយទាំង០២ គឺបច្ចុប្បន្នត្រូវបានបិទ។ គូសបញ្ជាក់ផងដែរថា កន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្នើសុំគោលការណ៍ពី ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងសហការជាមួយក្រសួងប្រៃសណីយ៍ទូរគមនាគមន៍ ដើម្បីធ្វើការបិទវេបសាយល្បែងអនឡាញជាច្រើនដែលមានសកម្មភាពខុសច្បាប់។
បច្ចុប្បន្ន នាយកដ្ឋានកំពុងប្រមូលព័ត៌មានបន្ថែម និងបន្តស្នើសុំការបិទគេហទំព័រល្បែងដែលមានសកម្មភាពខុសច្បាប់ផ្សេងៗទៀត។
នាយកដ្ឋាន យកចិត្តទុកដាក់ក្នុងការ បង្កា ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចូលរួមចំណែករក្សានូវ សន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គម តាមរយៈការផ្សព្វផ្សាយ ពីល្បិចកលឆបោករបស់ជនល្មើស ក៍ដូចជាវិធីសាស្រ្តការពារខ្លួនពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានបង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលកន្លងមក។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមថ្លែងអំណរគុណដល់សារធារណជន និងបណ្តាអង្គភាពសារព័ត៌មាន ដែលបានចូលរួមចែករំលែកព័ត៌មាន និងសហការជាមួយនាយកដ្ឋានក្នុងការ បង្កា ទប់ស្កាត់ និងបង្ក្រាបបទល្មើស។ ការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបទល្មើសនានា ទាមទារការចូលរួមពីសាធារណជន និងសង្គមទាំងមូលផងដែរ ឆ្លៀតក្នុងពេលនេះ នាយកដ្ឋាន សំណូមពរដល់បណ្តាអង្គភាពសារព័ត៌មាន សូមសហការផ្តល់ព័ត៌មានពាក់ព័ន្ធបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា មកកាន់នាយកដ្ឋានតាមរយៈលេខទូរស័ព្ទ(០២៣ ៧២៦ ៨២២) ឬតាមទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋាន ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
