ភ្នំពេញ ៖ គណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តមសាស្ដ្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) ទីក្រុងវីយែន ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងវីយែន ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានជួបប្រជុំទ្វេភាគីជាមួយ លោកបណ្ឌិត ZOU Ciyong អគ្គនាយករង នៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម និងជានាយកគ្រប់គ្រង នៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការ បច្ចេកទេស និងគុណភាពនៅទីស្នាក់ការកណ្តាល UNIDOក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស។ ឯកឧត្តមបណ្ឌិតសភា ចារ្យ ក៏បានជួបជាមួយនឹង លោកបណ្ឌិត Kai Bethke ប្រធានការិយាល័យគោលនយោបាយ និងបង្កើតគោលនយោបាយ នៃនាយកដ្ឋានភាពជាដៃគូសកល និងទំនាក់ទំនងខាងក្រៅ (GLO) ព្រមទាំងបានជួបពិភាក្សា ជាមួយមន្ត្រីជាន់ខ្ពស់ពីការិយាល័យភាពប្រកួតប្រជែង គុណភាព និងការបង្កើតការងារនៃសហគ្រាសធុនតូចនិងមធ្យមផងដែរ។
គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីត្រៀមលក្ខណៈសម្រាប់ការចូលរួមរបស់ប្រទេសកម្ពុជាក្នុង «កិច្ចប្រជុំកំពូលឧស្សាហកម្មសកល៖ សន្និសីទសាមញ្ញលើកទី២១ របស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងឱកាសដែល ឯកឧត្ដមបណ្ឌិតសភាចារ្យ នឹងអញ្ជើញចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ការពិភាក្សានេះក៏បានផ្ដោតសំខាន់ទៅលើការត្រៀមខ្លួនរបស់ប្រទេសកម្ពុជាក្នុងការចាកចេញពីប្រទេសដែលមាន
ការអភិវឌ្ឍតិចតួច (LDC) នាពេលខាងមុខ ដោយសង្កត់ធ្ងន់ទៅលើតម្រូវការចាំបាច់ក្នុងការបង្កើនសមត្ថភាព និងជំនាញបច្ចេកទេស ដើម្បីលើកកម្ពស់ស្តង់ដារក្នុងវិស័យអាទិភាពសំខាន់ៗ ដែលជាវិស័យស្នូលរបស់ប្រទេសកម្ពុជាមានដូចជា កសិកម្ម ជលផល ការកែច្នៃកសិផល និងបច្ចេកវិទ្យាបៃតង។ ឯកឧត្តមបណ្ឌិតសភាចារ្យ បាន គូសបញ្ជាក់អំពីផលប៉ះពាល់យូរអង្វែងនៃការរាតត្បាតជំងឺកូវីដ-១៩ និងការរំខានព្រំដែនថ្មីៗនេះ លើខ្សែសង្វាក់ ផ្គត់ផ្គង់ ដោយសង្កត់ធ្ងន់អំពីភាពបន្ទាន់ក្នុងការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងបន្ថែមអំពីផលវិបាកនៃការបិទព្រំដែនឯកតោភាគី និងបានអះអាងសារជាថ្មីនូវគោលជំហររបស់កម្ពុជាទៅលើបញ្ហាព្រំដែនដែលកំពុងបន្តនេះ។
អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានបង្ហាញការត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ ដល់ការអភិវឌ្ឍរបស់កម្ពុជាដើម្បីឱ្យការផ្លាស់ប្ដូរនេះទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព តាមរយៈ កិច្ចសហប្រតិបត្តិការរួមគ្នាក្នុងវិស័យអាទិភាពដូចជា ភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម ការកែច្នៃកសិផល និងបច្ចេកវិទ្យាបៃតង៕ រក្សាសិទ្ធដោយ៖សុទ្ធលី



