ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានសម្តែងក្តីអបអរសាទរ ដែលរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលប្រទេសនេប៉ាល់ បានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យរីកចម្រើនគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងការអភិវឌ្ឍវិស័យកសិកម្មជាដើម។
ឯកឧត្តម ខេ ភី សាម៉ា អូលី (K. P. Sharma Oli) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យ នេប៉ាល់ បានចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ខណៈឯកឧត្តមនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជាតបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។
សម្តេចបានគូសបញ្ជាក់ថាវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយករដ្ឋមន្ត្រីនាពេលនេះ ពិតជាបានផ្តល់នូវកិត្តិយស និងមានអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់ រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នឹងជាការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីឧត្តមប្រយោជន៍រួម នៃប្រជាជាតិយើងទាំងពីរ។
ឯកឧត្តម ខេ ភី សាម៉ា អូលី បានវាយតម្លៃខ្ពស់ពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើនកម្រិតជីវភាពប្រជាពលរដ្ឋ ដែលកម្ពុជាសម្រេចបានកន្លងមកនេះ។
ឯកឧត្តមខេ ភី សាម៉ា អូលី បានលើកឡើងពីកិត្តិសព្ទរបស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ថាជាឥស្សរជនដ៏សំខាន់មួយរូប ដែលបានពលិកម្មយ៉ាងធំធេង ដើម្បីប្រទេសជាតិ តាំងពីដើមរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ៕ ដោយ៖កូឡាប