កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរផ្លូវគោក បង្កឡើងដោយខ្លួនឯង បើកម៉ូតូបុករះបង្កាន់ដៃស្ពាន បណ្ដាលឲ្យធ្លាក់អ្នកបើកបរម៉ូតូពីលើស្ពានស្លាប់ម្នាក់ ឯម៉ូតូ ០១ គ្រឿង ខូចខាតស្រាល ដែលកើតហេតុថ្ងៃអង្គារ៍១១កើតខែពិសាខឆ្នាំ កុរឯកស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភាឆ្នាំ២០១៩ វេលាម៉ោង១២និង៤០នាទី នៅចំណុចដៃស្ពាន(ពីភ្នំពេញទៅកំពង់ចាមស្ថិតក្នុងភូមិសាស្ត្រ ភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្ត កណ្តាល ។
នគរបាលមូលដ្ឋានស្រុកពញាឮ បានរៀបរាប់ពីសភាពនៃរឿងហេតុនៃគ្រោះថ្នាក់បង្កឡើងដោយខ្លួនឯងនេះថា នៅថ្ងៃ-ខែ-ឆ្នាំ វេលាម៉ោងកើតហេតុខាងលើមានម៉ូតូ០១គ្រឿង ម៉ាក Dream សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល ១U-៤៨២៨ បើកបរដោយឈ្មោះ ឌូ ឌឿន ភេទប្រុសអាយុ៦៥ ឆ្នាំ ពាក់មួកសុវត្ថិភាព មានទីលំនៅភូមិគោករវៀង ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទិសដៅពីត្បូងទៅជើង(ភ្នំពេញ-កំពង់ចាម) លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ ដោយមានល្បឿនលឿនក៏បានបុករះជាមួយបង្កាន់ដៃស្ពានខាងឆ្វេង បណ្ដាលឲ្យអ្នកបើកបរខ្ទាតធ្លាក់ពីលើស្ពានស្លាប់នៅនឹងកន្លែងកើតហេតុ ។
បច្ចុប្បន្នសាកសពនិងម៉ូតូ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ៕ ដោយ ៖ កូឡាប