ភ្នំពេញ ៖ លោកគង់គាំបានលើកឡើងថា អតីតឧត្តមទីប្រឹក្សា CNRP យល់ថា ទ្រឹស្តី “សម រង្ស៊ី – កឹម សុខា” ជាមនុស្សតែមួយ មិនស៊ីជាមួយនឹងភាពជាក់ស្តែងតាមផ្លូវរូបកាយ និងចេតនារម្មណ៍របស់បុគ្គលទាំងពីរទេ ប៉ុន្តែទ្រឹស្តីនេះ វាចងភ្ជាប់ជានិច្ច ហេតុ និងផលពីអតីត និងអនាគត។
លោកគង់ គាំ អតីតតំណាងរាស្ត្រគណបក្សប្រឆាំង ដែលបានសុំសិទ្ធិធ្វើនយោបាយបាយពីរាជរដ្ឋាភិបាលវិញ និងជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ តាមានកូនខ្លួនឯងជាប្រធានបក្សនោះបានសរសេរលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី 13 ខែឧសភាថា អតីតឧត្តមទីប្រឹក្សា CNRP យល់ថា ៖ ទ្រឹស្តី “សម រង្ស៊ី – កឹម សុខា” ជាមនុស្សតែមួយ មិនស៊ីជាមួយនឹងភាពជាក់ស្តែងតាមផ្លូវរូបកាយ និងចេតនារម្មណ៍របស់បុគ្គលទាំងពីរទេ។
លោកគង់គាំបានបន្ថែមថា ប៉ុន្តែទ្រឹស្តីនេះវាចងភ្ជាប់ជានិច្ច ហេតុ និងផលពីអតីត និងអនាគតថាមេដឹកនាំទាំងពីរពិតជាបានផ្តើម និងប្រើប្រាស់យុទ្ធសាស្ត្រប្រើកម្លាំងប្រជាពលរដ្ឋក្រៅការបោះឆ្នោតដើម្បីផ្តួលរំលំផ្លាស់ប្តូររាជរដ្ឋាភិបាលកន្លងមក (ឆ្នាំ២០១៣) ដែលតម្រូវអោយ ហ៊ុន សែន ចុះចេញ និងតរហូតឆ្នាំ២០១៩ មានការអំពាវនាវ/មានផែនការ (ពីក្រៅ និងក្នុងប្រទេស) អោយងើបចាប់ ហ៊ុន សែន (ឈូស-ឆា)អ្វីៗទាំងអស់នៅកម្ពុជាដែលក្រុមគេថាសុទ្ធតែក្លែងក្លាយ។
លោកគង់គាំក៏បានលើកឡើងថា តំណាង EU ប្រចាំកម្ពុជា ដែលបញ្ចប់អាណត្តិ ក្នុងឱកាសទិវាអឺរ៉ុបកាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៩ បានបញ្ជាក់ថា៖ ទោះការបោះឆ្នោតឆ្នាំ២០១៨ នៅកម្ពុជាមិនមានកម្រិតស្តង់ដា ក៏បណ្តាប្រទេសទទួលយក និងបន្តទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោតសម្រាប់នីតិកាលទី៦នេះ។
លោកគង់គាំបានថ្លែងថា តំណាង EU យល់ថា ៖ អ្នកដែលយកស្បែក EBA/EU ជ្រកដណ្តប់សម្រាប់ផលប្រយោជន៍នយោបាយខ្លួន (ទារនេះ…..ថានោះ…..) ហួសពីបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គ្រាន់តែជាការលួងចិត្តខ្លួន និងលើកទឹកចិត្តក្រុមខ្លួន ដែលមិនបានផល និងគ្មានប្រសិទ្ធិភាពនោះទេ។
សោកស្តាយណាស់ដែល រ៉ូណា ស្មីត ក្តី មជ្ឈដ្ឋានអន្តរជាតិខ្លះនៃ (EU អំពី EBA) និង (USA អំពី GSP)បានមើលស្រាល(តុលាការកម្ពុជា) និងថ្កោលទោសចំពោះវិធានការរបស់រាជរដ្ឋាភិបាលចំពោះអំពើជួបជុំ ដើម្បីបង្កហេតុឆ្ពោះទៅការប្រឈមដោយហិង្សា និងភាពចលាចលឈានដល់បំផ្លាញសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍបច្ចុប្បន្ន និងចំពោះមុខអោយវិនាសអន្តរាយជាក់ជាមិខាននៅពេលខាងមុខ។
ទទួលសិទ្ធិធ្វើនយោបាយ និងរួមគ្នាកសាងអំណាចដឹកនាំប្រទេសតាមរយៈការបោះឆ្នោតពីប្រជាពលរដ្ឋទាំងអស់គ្នា គឺជាមធ្យោបាយតែមួយគត់ ដើម្បីធានាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលមជ្ឈដ្ឋានទាំងអស់ចង់បាន។
យើងជឿថាប្រជាពលរដ្ឋខ្មែរ ទោះកំពុងរងទុក្ខលំបាកខ្លះក៏ដោយ ក៏មិនចង់ជួបភាពវឹកវរ ចលាចល និងសោកនាដកម្មតូចធំណាឡើយ ហើយចំពោះអ្នកមានអំណាច មានទ្រព្យ អ្នករស់នៅធម្មតាបានក៏គេមិនចង់ជួញទុក្ខជួញទោស តាមអ្នកនយោបាយមួយក្រុមដែលទាល់ច្រកនោះឡើយ៕ ដោយ៖កូឡាប