ពោធិ៍សាត់ ៖ រន្ទះបាញ់តាមផ្ដាច់ជីវិតពីរនាក់ប្ដីប្រពន្ធ នៅនឹងកន្លែង និង៣នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ពេលឡប់មកពីរកផ្សិតនៅក្នុងព្រៃ ដែលមេឃរកកល់នឹងភ្លៀង នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៩ នៅចំណុចខាងលើស្ទឹងអំពុស ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ករណីរន្ទះបាញ់នេះ បានកើតឡើង ចំពោះមនុស្សប្រុសស្រី៥នាក់ គឺ ១-សុខ គឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្តី ស្លាប់នៅនឹងកន្លែង ២-ណុប ចន្ថា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតខ្មែរ ត្រូវជាប្រពន្ធ ស្លាប់នៅនឹងកន្លែង ទាំង២នាក់ប្តីប្រពន្ធមានទីលំនៅភូមិកាប៉ះលើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ៣-ហុីម យៈ ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរឥស្លាម របួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពឈើតុំ។ ៤-សុះ ឯល ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាម របួសស្រាល និង៥-ឯល ម៉ាលី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម របួសស្រាល ។ ទាំង៣នាក់ រស់នៅភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់៕ ដោយ ៖ បញ្ញាស័ក្តិ