តាកែវ ៖ អតីតមន្ត្រីបម្រើការងាររាជការចូលនិវត្តន៍ពីរនាក់ប្តីប្រពន្ធដែលខំបម្រើការងារជិតមួយជីវិតមកហើយ បានលើកដៃសំពះទាំងទឹកភ្នែកសុំឲ្យសម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ ក្រោយរូបគាត់អស់លទ្ធភាពការពារដីផ្ទះសម្បែងរបស់ខ្លួន បន្ទាប់ពីអាជ្ញាធរសម្រេចកាត់យកដីរបស់គាត់ដើម្បីបើកផ្លូវឲ្យគ្រប់៥ម៉ែត្រ តបតាមការស្នើសុំរបស់ប្រជាពលរដ្ឋជាង១០០គ្រួសារ ដែលរស់នៅខាងក្រោយ ដោយមិនមានជាសំណងតបតអ្វីដល់ពួកគាត់ឡើយ ។ បើទោះបីជាមានផលដំណាំរបស់គាត់ ដែលដាំនៅជាប់របងផ្ទះ មានអាយុកាល មិនក្រោមជាង ២០ឆ្នាំប្លាយឡើយ ដំណាំនោះរួមមាន ដើមត្នោត ដើមដូងជាច្រើនដើម ដាំជាជួរដែលនិងត្រូវ កាប់ គាស់រំលើងចោល ព្រោះតែការសុំពង្រីកផ្លូវរបស់ពលរដ្ឋរស់នៅខាងក្រោយ ជាងនេះទៅទៀត របងផ្ទះដែលគាត់បានសាងសងអស់ប្រាក់រាប់លានរៀលត្រូវបំផ្លាញចោលអស់ដោយគ្មានសំណងអ្វីពីអាជ្ញាធរ ។
អ៊ំប្រុសអ៊ំស្រីពីរនាក់ប្តីប្រពន្ធរស់នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាអតីតមន្ត្រីរាជការបម្រើការងារជូនពលរដ្ឋ សឹងតែមួយជីវិត បាននិយាយរៀបរាប់ប្រាប់ទាំងខ្លួនកំពុងបៀមទឹកភ្នែកកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះថា ឲ្យពួកគាត់រំពឹងអ្វីទៀតបើពីរនាក់ប្តីប្រពន្ធគាត់ខំបម្រើការងារជូនរាជការជិតមួយជីវិតទៅហើយ ប៉ុន្តែគ្មានលទ្ធភាពក្នុងការតតាំងនិងការពារដីធ្លីផ្ទះសម្បែងរបស់គាត់ដែលត្រូវបានអាជ្ញាធរសម្រេចឲ្យទៅមតិភាគច្រើនដែលមានជាង១០០គ្រួសារ ឈ្នះក្តីក្នុងការប្តឹងប្តល់សុំបើកផ្លូវ៥ម៉ែត្រ ឲ្យខានតែបានលើផ្លូវចាស់២,៥ម៉ែត្រ ដែលគាត់ធ្លាប់បានបរិច្ឆាគរួចមកហើយនោះ ។ ករណីនេះវាយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋជាង១០០គ្រូសារ ក៏ប៉ុន្តែវាអយុត្តិធម៌បំផុតសម្រាប់មួយគ្រួសារគាត់ ដែលត្រូវបាត់បង់ដីជាច្រើនម៉ែត្រដែលខំការពារនិងរស់នៅតាំងពីយូរណាស់មកហើយ ។
សូមបញ្ជាក់ផងដែរថា ការមានទំនាស់ដីធ្លីចំពោះពលរដ្ឋនិងគ្រួសាររបស់គាត់គឺមានជាយូរឆ្នាំណាស់មកហើយ លើបញ្ហាសុំបើកផ្លូវលើផ្លូវចាស់ដែលមានស្រាប់ដែលជាផ្លូវភ្លឺស្រែតែប៉ុណ្ណោះ រហូតកើតក្តីក្តាំតវ៉ាគ្នាតាំងពីឆ្នាំ២០០០មកម្លេះ។ លុះមកដល់ពេលបច្ចុប្បន្នភាគីទាំងសងខាងនៃផ្លូវបានសម្រេចផ្តល់ដីរបស់ខ្លួនដើម្បីពង្រីកផ្លូវឲ្យបានទំហ៊ំ ២,៥ ម៉ែត្រ ធំជាងមុនដែលជាផ្លូវភ្លឺស្រែនោះអាចបើកបររថយន្តចេញចូលបានដល់ប្រជាពលរដ្ឋដែលរស់នៅខាងក្រោយ។ ដោយមានមហិច្ឆតាចង់បានពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខាងក្រោយក៏កើតមានរឿងសុំបើកផ្លូវសារជាថ្មីម្តងទៀត ដែលក្នុងនោះ ក្រោមការដឹកនាំរបស់អតិតអភិបាលស្រុកត្រាំកក់ លោក តឹក តុងលីម បានធ្វើការបកស្រាយបំភ្លឺលើករណីពង្រីកផ្លូវនេះទៅថ្នាក់ខេត្តយ៉ាងច្បាស់ថា ដើមឡើយផ្លូវនេះគឺជាផ្លូវភ្លឺស្រែតែប៉ុណ្ណោះ ដោយមានសភាពតូចចង្អៀត ពលរដ្ឋដែលរស់នៅខាងក្រោយបានស្នើសុំឲ្យម្ចាស់ដីដែលនៅខាងមុខ គឺលោកពូ អូក ញ៉ និងភាគីដីម្ខាងទៀតនៃផ្លូវមេត្តាជួយបើកផ្លូវឲ្យបានធំជាងនេះ ក្រោយមកភាគីទាំងសងខាងបានសម្រេចបើកផ្លូវតាមសំណូមពរប្រជាពលរដ្ឋឲ្យធំជាងមុន ក្នុងទំហ៊ំ២,៥ ម៉ែត្រ។ លុះអភិបាលស្រុកចាស់ត្រូវចូលនិវត្តិ៍ប្តូរអភិបាលស្រុកថ្មីដោយលោក កៅ វគ្គសែល ក៏កើតមានរឿងសុំបើកផ្លូវសាជាថ្មីម្តងទៀតដែលមានទំហ៊ំរហូតដល់៥ម៉ែត្រ ដែលអនុវត្តដីការបស់សាលាដំបូងខេត្តតាកែវ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ឲ្យវាយកម្ទេចរបងផ្ទះរបស់គាត់ធ្វើឲ្យប៉ះពាល់ដីផ្ទាល់ខ្លួនរបស់លោកពូ អូក ញ៉ ជាច្រើនម៉ែត្រថែមទៀត។
អ្វីដែលគ្រួសារគាត់មិនសុខចិត្តនោះ ការពង្រីកផ្លូវគឺទាល់តែមានការចួករួមវិភាគទានគ្នាទាំងម្ចាស់ដីសងខាងនៃផ្លូវ ហេតុអ្វីបានជាពង្រីកផ្លូវយកដីគាត់តែម្ខាង តើនេះជារឿងយុត្តិធម៌ដែរឬទេ? តាកែវ