បាត់ដំបង ៖ គ្រោះថ្នាក់ចរាចររវាងរថយន្តធុនធំដឹកបន្លែ បើកបុករថយន្តមួយទៀតពីក្រោយ បណ្តាលឲ្យស្លាប់ព្រូឡានម្នាក់ គាបជាប់ក្នុងរថយន្ត កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី១០ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លោកអនុសេនីយ៍ទោម៉ៅ ហ៊ត មេបញ្ជាការរងមូលដ្ឋាអាវុធហត្ថ ស្រុកមោងឬស្សី បានឱ្យដឹងថា សពជនរងគ្រោះជាព្រូឡាន មិនស្គាល់អត្តសញ្ញាណ។ ចំណែកអ្នកបើកបររថយន្តរងគ្រោះ រងរបួសស្រាល ឈ្មោះ ណុប ពេញ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរបើកបរ ស្នាក់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ដោយឡែកតៃកុងរថយន្តបង្ក មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ដោយទុករថយន្តចោល។
លោកមេបញ្ជាការរងប៉េអឹមស្រុកមោងឬស្សី បានបញ្ជាក់ថា មុនពេលកើតហេតុមាន រថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ទម្ងន់៥តោន ដឹកបន្លែ ពណ៌ខៀវ ពាក់ស្លាក លេខភ្នំពេញ 3 E 5820 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន ធ្វើដំណើរទិសពីភ្នំពេញទៅបាត់ដំបង ពេលមកដល់ចំណុចខាងលើ បានបើកកៀររថយន្ត១គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ ដែលបើក ដោយឈ្មោះណុប ពេញ ហើយជ្រុលទៅបុកពីក្រោយ រថយន្ត១គ្រឿងទៀត មិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើករថយន្តគេចខ្លួនបាត់ បណ្តាលឱ្យស្លាប់ព្រូរថយន្តហ៊ីយ៉ាន់ដាយ ដឹកបន្លែ១នាក់ គាបជាប់ក្នុងកាប៊ីនរថយន្ត។
សមត្ថកិច្ចជំនាញចរាចរណ៍ស្រុកមោងឬស្សី បានបញ្ជាក់ថា កំពុងស្រាវជ្រាវរកក្រុមគ្រួសារ មកទទួលយកសព៕ ដោយ៖បញ្ញាស័ក្តិ