ភ្នំពេញ ៖ រថយន្តព្រូសបើកលឿង ជ្រុលទៅបុករះម៉ូតូសណ្ដោងរឺម៉កនិងម៉ូតូកង់បីឥណ្ឌាពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិត និងមនុស្ស៤នាក់ទៀតរងរបួសធ្ងន់និងស្រាល កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
នគរបាលមូលដ្ឋាន បានឲ្យដឹង មានម៉ូតូសណ្ដោងរឺម៉កមួយគ្រឿងនិងម៉ូតូកង់បីឥណ្ឌាបើកបរធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ដោយមានអ្នករួមដំណើរជាមួយផង មកដល់ចំណុចកើតហេតុស្រាប់តែ មានរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-0427 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត បញ្ច្រាសគ្នា ក្នុងល្បឿនលឿនដូចហោះ ហើយក៏រេចង្កូតជ្រុលទៅបុករះរុឺម៉កម៉ូតូនិងកង់បីឥណ្ឌាចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់ដែលជិះរុឺម៉កម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែង ព្រមទាំងមនុស្សប្រុសស្រី៤នាក់ទៀតរងរបួសធ្ងន់និងស្រាលត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ ភ្លាមៗអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ ។ ចំណែក រឺម៉កនិងម៉ូតូកង់បីឥណ្ឌាហើយរថយន្តបង្ករងការខូចខាត។
សមត្ថកិច្ច ជំនាញបានចុះមកវាស់វែង យករថយន្តនិងរុឺម៉កម៉ូតូ និងកង់បីឥណ្ឌាទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវ គោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ដោយ ៖ បញ្ញាស័ក្តិ