ភ្នំពេញ ៖ មានករណីបុរសម្នាក់ចងក ជាអ្នកបកប្រែភាសាចិននៅក្រុមហ៊ុនសាន់វ៉ា សម្លាប់ខ្លួន ប៉ុន្តែករណីនេះត្រូវបានក្រុមគ្រួសារស្អាតអះអាងថាមិនមែនជាករណីចងកនោះទេគឺជាករណីវាយប្លន់យកទ្រព្យសម្បត្តិហើយយកសពទៅចងកនៅលើជណ្ដើរដោយសពមានហូរឈាមនិងបែកក្បាល ។ ករណីឃាតកម្មដែលបន្លំធ្វើជាករណីចងកបានកើតឡើង កាលពីព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៩ នៅក្នុងក្រុមហ៊ុនសាន់វ៉ា (sunwah) នៅជិតនឹងក្រសួងបរិស្ថាន ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមអ្នកស្រីម៉ាក់រដ្ឋា ដែលជាប្រពន្ធរបស់សពបាននិយាយថា ប្ដីរបស់នាងឈ្មោះហួរផល្លីអាយុ ៣៥ឆ្នាំ មកធ្វើការក្នុងក្រុមហ៊ុនខាងលើនេះ ជាអ្នកបកប្រែភាសាចិន ដែលមានរយៈពេលប្រមាណជាងមួយឆ្នាំហើយ ។ នាងបាននិយាយថា នាងបានរៀបការជាមួយនឹងប្ដីរយៈពេល ១០ ឆ្នាំនិងមានកូនប្រុសម្នាក់ ដោយមានទីកន្លែងកំណើតនៅខេត្តតាកែវ ហើយបានមកស្នាក់នៅផ្ទះជួលនៅម្តុំចំការដូង។ ប្រពន្ធជនរងគ្រោះបាននិយាយថា នៅព្រឹកថ្ងៃនេះ ម៉ោងប្រមាណជា ៩ ព្រឹក ប្អូនថ្លៃរបស់ខ្លួនបានទូរស័ព្ទមកប្រាប់ថា ប្ដីបានស្លាប់ហើយដោយចងកនៅក្នុងក្រុមហ៊ុន។
ចំណែកបុរសម្នាក់ជាប្អូនប្រុសសពបាននិយាយថា ខ្ញុំក៏ធ្វើការជាមួយបងប្រុសដែរនៅក្នុងក្រុមហ៊ុននេះដែរ ហើយករណីនេះ មិនមែនជាករណីចងកនោះទេ ជាករណីឃាតកម្មតែម្ដង ព្រោះបងប្រុសមានស្នាមបែកក្បាលពីខាងក្រោយនិងហូរឈាមស្រោចខ្លួនហើយឈាមហូលើឥដ្ឋការ៉ូថែមទៀតផង។ បុរសរូបនោះបាននិយាយថា នគរបាលបានប្រាប់ថា មូលហេតុដែលមានបែកក្បាលនិងឈាមដោយសារតែជនរងគ្រោះ ឡើងជណ្ដើរដើម្បីចងក ហើយក៏ដួលជណ្ដើរបណ្ដាលឲ្យបែកក្បាល ទើបជនរងគ្រោះឡើងទៅចងកមួយសារទៀតរហូតដល់ស្លាប់។
ពេលនេះក្រុមគ្រួសារជនរងគ្រោះ មានការមិនសុខចិត្ តព្រោះករណីខាងលើនេះ សង្ស័យជាករណីឃាតកម្ម ព្រោះមើលទៅ សពមានសភាពបែកក្បាលហូរឈាមស្រោចពេញខ្លួន។
ចំណែកស្ត្រីជាម្ដាយរបស់សពបាននិយាយថា នៅពេលនេះសមត្ថកិច្ច កំពុងតែធ្វើកោសល្យវិច័យ មិនទាន់បញ្ជាក់ពីលទ្ធផលលម្អិតនៅឡើយ ប៉ុន្តែស្ត្រីរូបនេះ បានបញ្ជាក់ថា កូនគាត់ស្លូតណាស់ ហើយក៏គ្មានរឿងទាស់ទែងជាមួយអ្នកណាដែរ ហើយករណីនេះ គឺជាករណីប្លន់តែម្ដង ព្រោះទ្រព្យសម្បត្តិទាំងអស់បាត់អស់ ហើយហើយម្យ៉ាងទៀត ទូរស័ព្ទក៏តេមិនចូល ព្រោះគេយកទៅបាត់ ។ ស្ត្រីជាម្ដាយបានបញ្ជាក់ថា នេះជាករណីប្លន់យ៉ាងច្បាស់ក្រឡែត ព្រោះបាត់ម៉ូតូ pcx កាបូបលុយ ចិញ្ចៀន ទូរស័ព្ទ ហើយចំណែកក្រុមហ៊ុន ក៏មិនបើកកាមេរ៉ាសុវត្ថិភាពឱ្យមើលទៀត ហាក់ដូចជាមានការលាក់បាំងប្រាកដ ហើយសូមអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ សូមមេត្តាជួយរកយុត្តិធម៌ឲ្យកូនប្រុសខ្ញុំផង ៕ ដោយ ៖ កូឡាប