កោះកុង ៖ ស្នងការនគរបាលខេត្តកោះកុងបានឲ្យដឹងថា ករណីនេះបានកើតឡើង នៅវេលាម៉ោង ១០និង២០ នាទីព្រឹក នាថ្ងៃទី ១៧ ឧសភា ២០១៩ នៅចំណុចផ្សារចាស់ ស្ថិតក្នុងភូមិ ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បណ្តាលឲ្យឆេះខូចខាតផ្ទះមួយខ្នង ទំហំ ១០ ម៉ែត្រ គុណ៥ ម៉ែត្រ សង់ពីឈើ ប្រក់សង្ក័សី ដោយម្ចាស់ផ្ទះមានឈ្មោះ អ៊ុយ សុភ័ក្រ ភេទប្រុស អាយុ ៧៣ ឆ្នាំ (មន្ត្រីសាលាខេត្តចូលនិវត្តន៍) ជាមនុស្សចាស់ជរា បានអោយមកឈ្មោះ គឹម សំបូរ ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវជាកូន មកស្នាក់នៅ ។
តាមការសួរបញ្ជាក់ពីឈ្មោះ គឹម សំបូរ ដែលជាម្ចាស់ផ្ទះ បានអោយដឹងថា អគ្គីភ័យនេះ កើតឡើងដោយសារតែផ្ទុះកំប៉ុងហ្គាស់ រួចខ្លួនក៏រត់ចេញមកក្រៅ ទើបឆេះកាន់តែខ្លាំងឡើងៗ ។
អគ្គីភ័យដែលកំពុងឆាបឆេះនេះ ត្រូវបានកម្លាំងសមត្ថកិច្ចយើង ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ធ្វើការពន្លត់ទាន់ពេល ដោយមានការចូលរួមពីប្រជាពលរដ្ឋ ពុំរាលដាលដល់ផ្ទះប្រជាពលរដ្ឋដទៃឡើយ ៕ ដោយ ៖ កូឡាប