ខេត្តត្បូងឃ្មុំ ៖ រឿងតូចមួយ តែក្លាយជារឿងធំ រហូតដល់កើតជាអំពើឃាតកម្ម ម្នាក់ស្លាប់ និងរបួសម្នាក់ ចំណែក ៣នាក់ទៀត ដែលជាជនដៃដល់ត្រូវជាប់ខ្នោះរបស់ប៉ូលីស។ ពួកគេទាំង ៥ នាក់បានវាយតប់គ្នាដោយភាគីម្ខាង មានគ្នាពីរនាក់ ឯម្ខាងទៀតមានគ្នា៣នាក់ ដែលផ្ដើមចេញពីទំនាស់ ដោយក្មេងៗយកជំពាមកៅស៊ូបាញ់លេងត្រូវចំដំបូលផ្ទះ ធ្វើឲ្យចាស់ទុំទាំង សងខាង ខឹងកើតជាកំហឹង និងឈានដល់កាប់ចាក់គ្នានៅខាងមុខផ្ទះ។
បន្ទាប់ពីកើតទំនាស់ហើយ ភាគីទាំងសងខាងបាននាំគ្នា ទៅប្ដឹងនៅផ្ទះលោកមេភូមិ ដើម្បីឱ្យជួយដោះស្រាយ ខណៈកំពុងដោះស្រាយនោះ ស្រាប់តែភាគីទាំងសងខាង ផ្ទុះកំហឹង វាយតប់គ្នា ហើយភាគីម្ខាងរត់ទៅយកកូនកាំបិតចិតបន្លែ ចាក់ទៅលើភាគីម្ខាងទៀត បណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយបុរសម្នាក់ទៀតរងរបួសស្ថិតក្នុងដំណាក់កាលព្យាបាល។ ចំណែកជនដៃដល់ប្រុសស្រី ៣ នាក់រួមជាមួយវត្ថុតាងកូនកាំបិតមួយ ត្រូវនគរបាលចាប់ខ្លួនវ៉ៃខ្នោះ។
ហេតុការណ៍នេះកើតឡើង នៅត្រង់ចំណុចផ្ទះឈ្មោះ សាក់ សាយ ស្ថិតនៅភូមិជីមាន់ជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូង ឃ្មុំ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ នាព្រឹកម៉ោង១០ និង៣០នាទី ។
យោងតាមរបាយការណ៍ប៉ុស្តិ៍នគរបាលរដ្ឋបាលពញាក្រែក បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង១ព្រឹកឈ្មោះ ងីន ងួន ឈ្មោះឡឹក រ៉ាវី និងឈ្មោះ ងីន ងន់ បានឈ្លោះប្រកែកប្រវាយប្រតប់គ្នាជាមួយឈ្មោះឈឿន សុផានិត ឈ្មោះសិត សុធានិងឈ្មោះឡុង ផល្លាត នៅមុខផ្ទះឈ្មោះសាយនៅពេលនោះឈ្មោះងីន ងួន បានយកកាំបិតចុងស្រួច ចាក់ទៅលើឈ្មោះឈឿន សុផានិត ត្រូវចំពោះខាងស្ដាំមួយកន្លែង និងឈ្មោះសុត សុធា ត្រូវចំឆ្អឹងជំនីរខាងឆ្វេងមួយកន្លែង រងរបួសធ្ងន់ បន្ទាប់មកបញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យស្រុកពញាក្រែក ប៉ុន្តែដោយសារ របួសធ្ងន់ធ្ងរពេក បានបណ្តាលឱ្យឈ្មោះជឿន សុផានិត ស្លាប់។
បន្ទាប់ពីកើតហេតុ ដែលមានមនុស្សស្លាប់ និងរបួសរួចមក កម្លាំងសមត្ថកិច្ចចុះធ្វើការឃាត់ខ្លួនជនដៃដល់ និងបក្ខពួក ចំនួន ៣ នាក់យកមកសួរចម្លើយអនុវត្តតាមច្បាប់៕ ដោយ ៖ កូឡាប