ភ្នំពេញ ៖ ក្រោយពីហែលឆ្លងជីវិតដ៏លំបាកដោយជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយក្រោមការរស់នៅផ្ទះជួលតោកយ៉ាកនោះ តារាចម្រៀង ចាន់ សម័យទទួលបានផ្ទះវីឡាកូនកាត់មួយខ្នងជាទីជម្រកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។
ក្រោយផ្ទុះរឿងធ្លាក់ខ្លួនឈឺជំងឺរបេងឆ្អឹងខ្នង និងដល់ថ្នាក់ធ្លាក់ខ្លួនសំងំស្ទូចត្រីចិញ្ចឹមជីវិតគ្រួសារនោះ ម្ចាស់បទមិនស្រលាញ់អូនមិនបាន លោកចាន់ សម័យ ទទួលបានការជួយជ្រោមជ្រែងពីអ្នកសិល្បៈ និងសប្បុរសជនជាច្រើន។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានជួយឧបត្ថម្ភ ជាទឹកប្រាក់ និងការលើកទឹកចិត្តដល់តារាចម្រៀងរូបនេះផងដែរ។ មើលឃើញពីការលំបាកដែលត្រូវរងជីវភាពរស់នៅផ្ទះជួលនិងចិញ្ចឹមកូនប្រុសស្រីដល់៥នាក់ សម្តេចទាំងពីរក៏បានជួយឧបត្ថម្ភទីជម្រកសម្រាប់តារាចម្រៀងរូបនេះផងដែរ ដោយក្នុងនោះលោកឧកញ៉ា ឡេងណាវ៉ាត្រា ក៏បានជួយផ្តល់ដីសម្រាប់សាងសង់ផ្ទះ ដែលខណៈពេលនេះតារាចម្រៀងរូបនេះបានទទួលផ្ទះជាផ្លូវការដែលផ្ទះនោះនៅលើផ្ទះដីប្រមាណ៩ គុណ១២ម៉ែត្រនាតំបន់ទួលពង្រខណ្ឌដង្កោផងដែរ ដែលតាមការបញ្ជាក់របស់លោកឧកញ៉ា បានលើកឡើងថា ផ្ទះនេះសាងសង់អស់ទឹកប្រាក់ជាង១ម៉ឺនដុល្លារអាមេរិក និងតម្លៃដីគឺប្រមាណជាង៣ម៉ឺនដុល្លារអាមេរិកផងដែរ ។
តារាចម្រៀង ចាន់ សម័យបានបង្ហាញពីអារម្មណ៍រំភើបទាំងមិននឹកស្មានថាជីវិតដែលស្ទើស្លាប់របស់លោកត្រូវបានរស់ឡើងវិញជាមួយនឹងការទទួលបានការសណ្តោសប្រណីរបស់សម្តេចដោយផ្តល់ទីជម្រកសមរម្យសម្រាប់លោក ប្រពន្ធ និងកូនៗបានរស់នៅ។
សូមបញ្ជាក់ថា៖ កម្មវិធីប្រគល់ផ្ទះនេះ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២០ខែឧសភា ឆ្នាំ២០១៩ នៅផ្ទះផ្ទាល់ដោយមានការចូលរួមពីសំណាក់ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា លោកឧកញ៉ា ឡេងណាវ៉ាត្រា លោកចាន់ សម័យ និងក្រុមគ្រួសារផងដែរ ។
នៅពេលនេះតារាចម្រៀង ចាន់ សម័យ មានផ្ទះសម្បែងសម្រាប់ឲ្យប្រពន្ធកូនរស់នៅសមរម្យនឹងគេ ឈប់នៅផ្ទះជួលទៀតហើយ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អាណិតអាសូរ ទិញផ្ទះឲ្យលោកក្នុងបុរីឡេងណាវ៉ាត្រា ។ ពិធីប្រគល់បានធ្វើឡើងនៅ ល្ងាចថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០១៩ ក្រោមវត្តមានឧកញ៉ា ឡេង ណាវ៉ាត្រា និង លោក ហេង ឡុង ស្ថាបនិកសមាគមមិត្តស្ម័គ្រចិត្តសិល្បៈជួយសង្គម។
ក្រោយពីទទួលបានផ្ទះយ៉ាងស្រស់ស្អាតហើយនៅក្នុងបុរីក្នុងរាជធានីភ្នំពេញថែមទៀត លោក ចាន់ សម័យ បានសម្ដែងអារម្មណ៍រំភើបខ្លាំងណាស់ ដោយកន្លងមកលោកមិនធ្លាប់ ស្រមៃថា និងមានផ្ទះផ្ទាល់ខ្លួនដើម្បីឲ្យប្រពន្ធកូនស្នាក់នៅឡើយ។ ម្ចាស់បទ «សុំមេមាន់មួយ» លោកសូមអរគុណខ្លាំងណាស់ដល់សម្ដេចទាំងពីរ ដែលមានចិត្តប្រោសប្រណីដល់រូបលោកនិងក្រុមគ្រួសារ ដែលចាប់ពីពេលនេះ លោកមានផ្ទះសម្បែងផ្ទាល់ខ្លួនរស់នៅនឹងគេឯង ឈប់នៅផ្ទះជួលហើយ។
សូមបញ្ជាក់ផងដែរថា លោក ចាន់ សម័យ បានប្រឡូកលើវិស័យចម្រៀងជាង១០ឆ្នាំហើយ ម្ចាស់បទ «សុំមេមាន់មួយ» ត្រូវបានគេដឹងថា មានជំងឺរបេងឆ្អឹង ដោយលោកបានកើតជំងឺ១នេះតាំងពីអាយុ១៤ឆ្នាំមកម្ល៉េះ តែចាប់ផ្ដើមធ្វើទុក្ខខ្លាំងប្រហែល៥ឆ្នាំចុងក្រោយនេះ។ លោកបាត់មុខពីសិល្បៈជាច្រើនឆ្នាំ ហើយចុងក្រោយធ្លាយព័ត៌មានស្ដីពីស្ថានភាពរបស់លោកជួបការលំបាកខ្លាំង បន្ទប់មានមិត្តភក្ដិ បង្ហោះពីជីវភាពរបស់លោក ដើរស្ទូចត្រីលក់ ដើម្បីរកប្រាក់ចិញ្ចឹមកូនទាំង៥នាក់ ដែលកំពុងតែរបស់នៅផ្ទះជួយមួយកន្លែង ក្នុងទឹកដី ខណ្ឌជ្រោយចង្វា។ ដំណឹងស្ថានភាពជីវភាពរបស់លោកធ្វើឲ្យមហាជនសម្ដែងការអាណិតអាសូរជាខ្លាំង និងបានជួយឧបត្ថម្ភលោកជាបន្តបន្ទាប់ ជាពិសេសគឺសម្ដេចទាំង២តែម្ដង។
ជាមួយនិងការងារសិល្បៈវិញលោកមិនធ្លាប់នឹកស្រមៃថា នឹងវិលចូលសិល្បៈវិញទេ បន្ទាប់ពីបានស្ងប់ស្ងាត់ក្នុងវិថីនេះ មិនតិចជាង១០ឆ្នាំ។ ប៉ុន្តែក្រោយផ្ទុះព័ត៌មានពីស្ថានភាពក្រីក្រ និងជំងឺរបស់លោក ហើយត្រូវបានមហាជនជិតឆ្ងាយនៅតែអាណិតស្រលាញ់ នឹករលឹក ព្រមទាំងជួយឧបត្ថម្ភជាច្រើន ធ្វើឲ្យលោកកែប្រែគំនិតនេះឡើងវិញ។ បច្ចុប្បន្ន លោកកំពុងតែច្រៀងក្នុងផលិតកម្ម Galaxy របស់ឧកញ៉ា ឡេង ណាវ៉ាត្រានេះតែម្ដង៕ ដោយ៖បញ្ញាស័ក្តិ