ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រា បើករថយន្តស៊េរីទំនើប មែកសឺដេស បុកទ្រូងផ្លូវនៅមជ្ឈមណ្ឌលកោះពេជ្រ បណ្ដាលឲ្យបាក់ខូតខាតអស់ជាច្រើនកង់ និង ក្រឡាប់ផ្ងារជើងមួយចំហៀងរងការខូចខា យ៉ាងដំណំ តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះឡើយ ។ ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៣ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវកោះពេជ្រ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមសម្ដីសន្តិសុខដែលប្រចាំការនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក មែកសឺដេស GL350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-7698 បើកបរដោយយុវជនម្នាក់ជាជនជាតិចិន និងស្រវឹងស្រាឡើងជោកជាំផង ក្នុងល្បឿនលឿនផង ស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់បែកចំនួន៧កង់ ឯរថយន្តបង្កបានក្រឡាប់ផ្ងារជើងមួយចំហៀងខូចខាតយ៉ាងដំណំ តែអ្នកបើកបរមិនរងរបួសនោះឡើយ ។
តៃកុងរថយន្តបង្កបានទាក់ទងទៅមិត្តភក្តិឲ្យមកទទួល តែត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង និងធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕ ដោយ៖បញ្ញាស័ក្តិ