ភ្នំពេញ ៖ សមាគមខ្មែរកម្ពុជាក្រោម នឹងប្រារព្ធពិធីខួបលើកទី៧០ឆ្នាំ នៃថ្ងៃប្រវត្តិសាស្ត្រ ដែលអាណានិគមបារាំងបានកាត់ទឹកដី ខ្មែរកម្ពុជាក្រោមឲ្យវៀតណាមគ្រប់គ្រងរហូតដល់បច្ចុប្បន្ន។
ការប្រារព្ធពិធីនេះ នៅថ្ងៃទី៤ ខែមិថុនាខាងមុខ ដែលនឹងធ្វើឡើងនៅទីលានប្រជាធិបតេយ្យថ្មី នៅទល់មុខឃ្លាំងឫស្សីកែវ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ ពិធីនេះនឹងចាប់ផ្ដើមពីម៉ោង ៧កន្លះដល់ម៉ោង ៥ល្ងាច និងមានពិធីរាប់បាត្រព្រះសង្ឃចំនួន ១.៩៤៩អង្គ គឺត្រូវនឹងចំនួនឆ្នាំ ដែលបារាំងបានធ្វើច្បាប់ផ្ទេរទឹកខ្មែរកម្ពុជាក្រោមឲ្យវៀតណាម នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ ការប្រារព្ធពិធីនេះ ក៏មានព្រះរាជតំណាងព្រះមហាក្សត្រ នរោត្តម សីហមុនី យាងចូលរួមដែរ។
សេចក្ដីអំពាវនាវរបស់សមាគមខ្មែរកម្ពុជាក្រោម បញ្ជាក់ពីគោលបំណងប្រារព្ធពិធីខួបថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោមនេះ គឺជាការចងចាំនូវទិវាប្រវត្តិសាស្ត្រ និងសម្ដែងនូវកតញ្ញុតាធម៌ ចំពោះព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ និងវីរយុវជន និងវីរយុវនារី ខ្មែរស្នេហាជាតិ ដែលបានពលីជីវិតក្នុងព្វហេតុជាតិ សាសនា និងមាតុភូមិខ្មែរ ជាពិសេស មាតុភូមិខ្មែរកម្ពុជាក្រោម។ អង្គការសមាគមខ្មែរកម្ពុជាអំពាវនាវដល់ពលរដ្ឋទាំងអស់ឱ្យទៅចូលរួមក្នុងពិធីនេះ និងផ្ដល់ជំនួយជាសម្ភារៈ ទឹកបរិសុទ្ធ ថវិកា ដើម្បីឲ្យពិធីនេះរលូនទៅមុខ។
លោកថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម បានថ្លែងថា ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ អង្គការ-សមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ បានរៀបចំពិធីបុណ្យដើម្បីរំលឹកដល់ការបាត់បង់ដីកម្ពុជាក្រោម។
អាណានិគមនិយមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ឱ្យស្ថិតក្រោមអាណានិគមវៀតណាមគ្រប់គ្រងបន្ត នៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩។ ប្រធានប្រតិបត្តិសហគមន៍ខ្មែរក្រោម លោក ថាច់ សេដ្ឋា លើកឡើងថា ចាប់ពីពេលនោះមក អាជ្ញាធរអាណានិគមវៀតណាម បានប្រើគ្រប់មធ្យោបាយដើម្បីរំលាយពូជសាសន៍ និងព្រះពុទ្ធសាសនាខ្មែរយ៉ាងសាហាវឃោរឃៅជាទីបំផុត។ លោក ថាច់ សេដ្ឋា បានបន្តថា ការតស៊ូពលីជីវិតនៃប្រជាជាតិខ្មែរ ក៏ចាប់ផ្ដើមឡើង ដើម្បីការពារអត្តសញ្ញាណជាតិ សិល្បៈ វប្បធម៌ អក្សរសាស្ត្រ ព្រះពុទ្ធសាសនា ទំនៀមទម្លាប់ ប្រពៃណីជាតិជាដើម ហើយដើម្បីសម្ដែងនូវកតញ្ញុតាធម៌ និងគារវកិច្ច ចំពោះវីរបុរសស្នេហាជាតិ ក្នុងបុព្វហេតុមាតុភូមិ ក្រុមអង្គការ សហគមន៍ខ្មែរក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ តែងតែប្រារព្ធខួបបាត់បង់ទឹកដីដោយនាំគ្នា រាប់បាត្រព្រះសង្ឃ ១៩៤៩អង្គ និងប្រារព្ធទិវាកាន់ទុក្ខជាតិខ្មែរ រាល់ថ្ងៃទី៤ មិថុនា ៕ ដោយ ៖ កូឡាប