Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់​ផែនការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ឱកាស​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​,​ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិ​ទី​៣

ភ្នំពេញ ​៖​ ដើម្បី​ឲ្យ​ដំណើរការ​នៃ​ការបោះឆ្នោត​អសកល​នា​ថ្ងៃ​ទី​២៦​ ខែឧសភា​ខាងមុខ​នេះ​ដំណើរការ​ទៅ​បាន​ជោគជ័យ​និង​មាន​សន្តិសុខ​ពេញ​បរិបូណ៌​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួង​ស្រេង​នា​រសៀល​ថ្ងៃ​ទី​២៣​ឧសភា​នេះ​បាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​អាជ្ញាធរ​និង​កងកម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ពង្រឹង​ឲ្យបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​នា​ឱកាស​បោះឆ្នោត​អសកល​ខាងលើនេះ​។​

លោក​ឃួង​ស្រេង​បាន​មានប្រសាសន៍ថា​ដើម្បី​អោយ​ដំណើរការ​នៃ​ការបោះឆ្នោត​នេះ​ដំណើរ​ទៅ​បាន​ល្អ​មាន​យុត្តិធម៌​មាន​តម្លាភាព​និង​ប្រជាធិបតេយ្យ​ដាច់ខាត​យើង​ត្រូវ​ពង្រឹង​លើ​ការងារ​សន្តិសុខ​នេះហើយ​។​ ដូច្នេះ​ទេ​កងកម្លាំងប្រដាប់អាវុធ​ចំណុះ​អោយ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​និង​អាជ្ញាធ​រទាំង​១៤​ខណ្ឌ ​ត្រូវ​តែ​ពង្រឹង​សន្តិសុខ​សម្រាប់​ការបោះឆ្នោត​នេះ​អោយបាន​ល្អ​ប្រើ​សើរ​។​

គួរបញ្ជាក់​ថា​ការឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​,​ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិ​ទី​៣​ បាន​បើក​យុទ្ធនា​កាលពី​ព្រឹក​ថ្ងៃទី​១៧ ​ឧសភា​ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ​តាម​កាលបរិច្ឆេទ​របស់​គ​.​ជ​.​ប​ហើយ​ការឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី ​៣​នេះ ​ត្រូវ​ធ្វើឡើង​រយៈពេល​៨​ថ្ងៃ​ជាប់ៗ​គ្នា​ តាម​ប្រតិទិន​របស់​គ​.​ជ​.​ប​កំណត់​ដែល​នឹង​ត្រូវ​បញ្ចប់​ ២៤​ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត។ ​ការឃោសនាបោះឆ្នោត​អាច​ធ្វើ​ជា​រួម​នៅ​ថ្នាក់​រាជធានី​ឬ​តាម​ខណ្ឌ​(​តាម​ការជាក់ស្តែង​)​ដែល​គោលដៅ​សំខាន់​គឺ​ឆ្ពោះទៅ​រក​ក្រុម​ប្រឹក្សា​សង្កាត់​ដែល​ជា​អង្គ​បោះឆ្នោត​។​

គួរ​បញ្ជាក់​ទៀត​ថា ​បើ​តាម​ការ​ឲ្យដឹង​ពី​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​រាជធានី​ភ្នំពេញ​បញ្ជាក់ថា​នៅ​រាជធានី​ភ្នំពេញ​មាន​គណបក្សនយោបាយ​ចំនួន​៦​បាន​ចុះឈ្មោះ​ជា​ផ្លូវការ​ក្នុង​ការចូលរួម​ប្រកួតប្រជែង​សំរាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​នេះ​។​
គណបក្ស​ទាំង​៦​នោះ​រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា​,​គណបក្ស​យុវជន​កម្ពុជា​,​គណបក្ស​ឆន្ទៈខ្មែរ​,​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​,​គណបក្ស​ហ្វ៊ុន ស៊ីន​ប៉ិច​,​គណបក្ស​សញ្ជាតិ​កម្ពុជា​។​តាម​ការចុះបញ្ជី​គណបក្សនយោបាយ​និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្នុងនោះ​មណ្ឌល​រាជធានី​ភ្នំពេញ​មាន​បេក្ខជន​សរុប​ចំនួន​២៧៤​រូប​ ស្រី​ចំនួន​១១៥​រូប​ និង​មណ្ឌល​ខណ្ឌ​ទាំង​ ១៤​ មាន​បេក្ខជន​សរុប​ចំនួន​១.៣៤៣​ រូប​ស្រី​ ៥៣៧​រូប​។ ​ក្រោយពី​មាន​ការជួបជុំ​នៅ​កោះ​ពេជ្រ​អង្គ​មិ​ទ្ទិញ​ក៏បាន​បំបែក​គ្នា​ដង្ហែរ​ក្បួន​ទៅ​តាម​ខណ្ឌ​រៀងៗ​ខ្លួន​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​៕​ ដោយ​៖​កូឡាប​

×