ព្រះវិហារ៖ ជនជាតិវៀតណាម៤នាក់ បានជិះរថយន្តកាមរី ធ្លាក់ចេញពីផ្លូវជាតិ ហើយបានក្រឡាប់ផ្ងារជើង ទ្រមេឃ បណ្តាលឲ្យរងរបួស ហើយរថយន្តនោះ បានឆេះយ៉ាងសន្ធោសន្ធៅ ខ្ទេចខ្ទីរ សល់តែគ្រោងឆ្អឹង។ ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង នៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧។
លោកវរសេនីយ៍ទោ រួន យ៉េត អធិការនគរបាល ស្រុកជាំក្សាន្ត បានថ្លែងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ មានគ្នា៤នាក់ ជាជនជាតិវៀតណាម ជិះរថយន្តមួយគ្រឿង ម៉ាក កាមរីឆ្លាម ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ ប្រហែលជារថយន្ត បែកកង់ខាងមុខ ក៏បានរេចង្កូត ក្រឡាប់ធ្លាក់ផ្ញារជើង បណ្តាល ឲ្យរថយន្តឆេះ យ៉ាងសន្ធោសន្ធៅតែម្តង។
លោកវរសេនីយ៍ទោ រួន យ៉េត បានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមផ្លូវបានរាយការណ៍ មក លោកក៏ដឹកនាំកម្លាំង និងរថយន្តពន្លត់អគ្គីភ័យ ទៅជួយសង្គ្រោះ តែមិនអាចជួយទាន់ ដោយភ្លើងឆេះខ្លាំងពេក បណ្តាលឲ្យរថយន្ត និងទ្រព្យសម្បត្តិមួយចំនួន រងការ ខូចខាតទាំងស្រុង។
ដោយឡែកជនរងគ្រោះ ទាំង៤នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ សម្តេចតេជោ ហ៊ុន សែន ស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត៕ដោយ៖បញ្ញាស័ក្តិ