Thursday, January 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញ​សាកសព​បុរស​ម្នាក់ ត្រូវបាន​គេ​យក​ទៅ​បោះចោល​នៅ​ក្បាល​ស្ពាន​ទឹកសាប ស្រុក​ព្រៃនប់ ទំនង​ជា​ក្នុង​គោលបំណង​បំបិទដាន​

​ខេត្ត​ព្រះសីហនុ ​៖ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​រាម ស្រុក​ព្រៃនប់​មួយរូប ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩​កន្លងទៅនេះ នៅ​ជិត​ស្ពាន​ទឹកសាប មាន​ករណី​ឃាតកម្ម​មួយ​ករណី បាន​កើតឡើង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ហើយ​សាកសព​ត្រូវបាន​គេ​យក​ទៅ​បោះចោល​នៅ​ក្បាល​ស្ពាន​ទឹកសាប ទំនង​ជា​ក្នុង​គោលបំណង​ចង់​បំបិទ​ដាន​។​

​ប្រភព​ដដែល​បន្តថា ក្រោយ​កើតហេតុ ក៏​មាន​ការស្រាវជ្រាវ​ពី​សមត្ថកិច្ច ហើយ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​មក ក៏​មាន​ការចាប់ខ្លួន​ជនសង្ស័យ​មួយចំនួន ដែល​ពាក់ព័ន្ធ​ផ្ទាល់ និង​អ្នក​រួមគំនិត ក្នុង​នោះ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ទាំង​លោក​នាយ​នគរបាល​ប៉ុស្តិ៍​ដ្ឋ​បាល​ឃុំ​រាម និង​ប្រជា​ការពារ​មួយចំនួន​ថែមទៀត​ផង​ដែរ​។​

​ប្រភព​ដ​ព័ត៌មាន​ដដែល បាន​ប្រាប់​ពី​ដំណើរ​រឿង​ខ្លះៗ ដែល​ឈាន​ដល់​ការចាប់ខ្លួន​មនុស្ស​ច្រើន​នាក់​ខាងលើនេះ ដើមហេតុ​ដំបូង គឺ​កើតឡើង​ពី​ជម្លោះ រវាង​ជនរងគ្រោះ​និង​ម្ចាស់ផ្ទះ​មួយ​កន្លែង មាន​លំនៅឋាន​នៅ​ម្តុំ​ស្ពាន​ទឹកសាប ដោយ​ប្រើ​ហឹង្សា​ដាក់​គ្នា​ទៅវិញទៅមក រហូត​ដល់​ជនរងគ្រោះ​ស្លាប់​។​

​ប្រភព​បាន​អះអាង​ថា ក្រោយ​ជនរងគ្រោះ​ស្លាប់ មិនដឹង​ថា​យល់ឃើញ​យ៉ាងណាទេ ទើប​លោក​មេ​ប៉ុស្តិ៍​ឃុំ​រាម មិន​ព្រម​រាយការណ៍​ជូន​ថ្នាក់លើ បែរ​ជា​ឲ្យ​ក្រុម​ប្រជា​ការពារ​ដឹក​សាកសព​ទៅ​បោះចោល​នៅ​ជិត​ស្ពាន​ទឹកសាប​ទាំង​យប់​ទៅ​វិញ​។​

​ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ ហើយ​ថា​លុះដល់​ព្រឹក​ឡើង​ថ្ងៃទី​៣១ ខែ​ឧសភា ទើប​គេ​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​។ ភ្លាមៗ​នោះ​សមត្ថកិច្ច ក៏​បាន​ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ រហូតដល់​មាន​ការចាប់ខ្លួន​មនុស្ស​មួយចំនួន​ដូច​រៀបរាប់​ខាងលើ​។​

​ទាក់ទិន​បញ្ហា​នេះ ប្រភព​ពី​សមត្ថកិច្ច​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹងថា ឃាតកម្ម​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ថែម​ដើម្បី​បញ្ជាក់​ពី​រឿងរ៉ាវ​ពិត ហើយ​ថា​បទល្មើស​នេះ ប្រសិនបើ​សមត្ថកិច្ច បាន​រកឃើញ​ពិរុទ្ធភាព​ពិតប្រាកដ អ្នកពាក់ព័ន្ធ​បទល្មើស ឬ​ឃាតកម្ម​នេះ នឹង​ត្រូវ​ផ្តន្ទាទោស​មិន​អាច​លើកលែងឲ្យ​បានទេ​។​

​យ៉ាងណា​ក៏ដោយ​ចុះ នៅ​មិនទាន់​អាចទាក់ទង លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​ឃាតកម្ម​ខាងលើ​នេះ​បាន​ទេ តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ ២០១៩​។ ចំណែក​លោក ហួ យ៉ៃ អធិការនគរបាល​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក៏​មិន​លើក​ទូរស័ព្ទ ដើម្បី​បំភ្លឺ​រឿង​នេះ​ដែរ​៕ ដែន សីមា​