ខេត្តព្រះសីហនុ ៖ ស្នងការនគរបាលខេត្តព្រះសីហនុ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ប្រាប់បណ្តាញផ្សព្វផ្សាយនៅរសៀលទី៤ ខែមិថុនាថា សមត្ថកិច្ចបានបញ្ជូនជនសង្ស័យក្នុងអំពើឃាតកម្មរំលោភសម្លាប់ កុមារាកុមារីពីរនាក់បងប្អូនបង្កើត រស់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុរួចហើយ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យក្នុងបទល្មើសខាងលើ ឈ្មោះ មាង វិចិត្រ អាយុ២៦ឆ្នាំ គឺជាជនដៃដល់ ដែលបានរំលោភកុមារី ផា ស្រីល័ក្ខ អាយុ១០ឆ្នាំ រួចហើយក៏បានសម្លាប់កុមារីនេះ និងសម្លាប់កុមារាម្នាក់ទៀតត្រូវជាប្អូនបង្កើត ឈ្មោះ ផា សុខលី មុនរត់គេចខ្លួន។
លោក ជួន ណារិន្ទ បន្តថា ចំពោះស្ត្រីជាភរិយាជនសង្ស័យរូបនេះ ដែលសមត្ថកិច្ចឃាត់ខ្លួនពីដំបូងដែរនោះ គឺមិនមានពិរុទ្ធភាព និងមិនបានបញ្ជូនទៅកាន់តុលាការទេ គឺបញ្ជូនតែជនដៃដល់ឈ្មោះមាង វិចិត្រ តែម្នាក់ប៉ុណ្ណោះ ដើម្បីឲ្យតុលាការបន្តនីតិវិធីតាមច្បាប់៕ ដែន សីមា