សៀមរាប ៖ នគរបាលព្រហ្មទណ្ឌក្រុងសៀមរាបកាលពីថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2019 បានឲ្យដឹងថា ជនសង្ស័យដ៏សកម្មម្នាក់ ដែលតែងតែធ្វើសកម្មភាព គាស់ទម្លុះទម្លាយផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ចូលលួច យកទ្រព្យសម្បត្ត របស់អ្នកដទៃ ត្រូវបាននគរបាលក្រុងសៀមរាប ឃាត់ខ្លួនបានហើយ ។
កាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព គាស់ទម្លុះទម្លាយ ចូលលួចយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះ ឈ្មោះ សូ វឿន ភេទប្រុស អាយុ ៥៩ ឆ្នាំ មានទីលំនៅ ដូចខាងលើ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ នៅថ្ងៃទី០៣ខែឧសភាឆ្នាំ២០១៩ កំលាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម និងកំលាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរនបាលក្រុងសៀមរាប ដោយការសហការណ៍ ពីបងប្អូនប្រជាការពារឃើញ បានបើកការស្រាវជ្រាវ តាមនិតិវិធីជំនាញ នៅបរិវេណកន្លែងកើតហេតុ រហូតឈានដល់ការកំណត់ មុខសញ្ញាជនសង្ស័យ និងនាំខ្លួន ជនសង្ស័យឈ្មោះ គង់ បញ្ញា ហៅ (ញ៉ា) ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅជួលបន្ទប់ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មកធ្វើការសាកសួរ ។
នៅចំពោះមុខនគរបាលយើង ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថារូបខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះខាងលើពិតប្រាកដមែន។
បន្ទាប់មកកំលាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម បានបន្តនិតិវិធី ស្រាវជ្រាវ និងដកហូតបាននូវ សម្ភារៈជាវត្ថុតាង ដែលជនសង្ស័យខាងលើបានលួចយកមកទុកនៅឯផ្ទះ មួយកន្លែងស្ថិតនៅក្រោយសាលារៀនបន្ទាយចាស់ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប មានដូចជា ៖
-ទូទឹកកកតូចម៉ាកអាគីរ៉ា០២គ្រឿង
-ម៉ាស៊ីនកំដៅនំប៉័ងម៉ាកអាគីរ៉ា ចំនួន០១គ្រឿង
-ម៉ាស៊ីនទឹកក្តៅម៉ាក internastional ចំនួន០៩ គ្រឿង
-ម៉ាស៊ីនគៀបទឹកផ្លែឈើម៉ា international ០១គ្រឿង
-ទូរទស្សន៍ម៉ាកអាគីរ៉ា ៣២អ៊ីញ ០៧គ្រឿង
-ម៉ាស៊ីនឆុងកាហ្វេម៉ាក kinos ០២ឈុត
-កង្ហារម៉ាកហាតារីព្យួរជញ្ជាំង ៨គ្រឿង
-ម៉ូទ័របូម០១គ្រឿង
យោងតាម ពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ រួមទាំងវត្ថុតាងដែលដកហូតបាន ជនសង្ស័យត្រូវបាន នគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បី ផ្តន្ទាទោសតាមផ្លូវច្បាប់។
ចំណែកវត្ថុតាងដែលដកហូតបានមកវិញ ដោយមានការឯកភាពពីលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរនបាលក្រុងសៀមរាប ត្រូវបាន នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម ធ្វើការប្រគល់ទទួល ជូនជនរងគ្រោះ យកទៅប្រើប្រាស់ឡើងវិញរួចរាល់ហើយ ៕ ដោយ៖កូឡាប