សៀមរាប ៖ នគរបាលព្រហ្មទណ្ឌក្រុងសៀមរាបកាលពីថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០១៩ បានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពជួលម៉ូតូ(រំលោភលើទំនុកចិត្ត) ពីខេត្តសៀមរាប រួចហើយបម្រុងយកទៅលក់នៅភ្នំពេញ តែមិនបានសម្រេច ខណៈដែលលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការក្រុងសៀមរាប សហការជាមួយលោកវរសេនីយ៍ឯក ញែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែន និងលោកវរសេនីយ៍ឯក ខេង ឈុនគ័ន អធិការនគរបាលស្រុកកំពង់ស្វាយ ឃាត់ខ្លួនជនសង្ស័យបាន២ម្នាក់ ចំណែកបក្ខពួកផ្សេងទៀតគេចខ្លួនបាត់។
កាលពីថ្ងៃទី២៩និងថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះអៀង គាហេង នឹងបក្ខពួក បានក្លែងធ្វើជាជួលម៉ូតូ អោយភ្ញៀវ ជិះកំសាន្ត ក្នុងភូមិសាស្ត្រ ក្រុងសៀមរាប ពីកន្លែងជួលម៉ូតូយីហោ “សៀមរាបស្គូតធឺរេនថល”ស្ថិតនៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ចំនួន០៥គ្រឿងមាន៖
-ម៉ូតូម៉ាកzoomer X សេរីឆ្នាំ២០១៨ ចំនួន០៣គ្រឿង
~ស្លាកលេខ សៀមរាប1AE-9752
~ស្លាកលេខ សៀមរាប1AC-9508
~ស្លាកលេខ បាត់ដំបង1AF-0066
-ម៉ូតូម៉ាក Click០១គ្រឿង សេរីឆ្នាំ២០១៩ពាក់ផ្លាកលេខសៀមរាប1AC-6195
-ម៉ាកPCX០១គ្រឿង សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ សៀមរាប1AC-1576. ដែលម៉ូតូខាងលើនេះ ជារបស់ ជនរងគ្រោះ ឈ្មោះហុង សុថុល ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប ។
លុះដល់ថ្ងៃទី០១ខែមិថុនាឆ្នាំ ២០១៩ វេលាម៉ោង ២២និង០០នាទី ជនសង្ស័យខាងលើក៏បានមករកជួលម៉ូតូបន្ថែមទៀត តែជនរងគ្រោះឆ្ងល់ ហើយសួរជនសង្ស័យថា ម៉ូតូ៥គ្រឿងមុនយកទៅណាមិនឃើញ ? ជនសង្ស័យខាងលើបានឆ្លើយថាម៉ូតូដែលជួលជិះនោះគឺនៅផ្ទះសំណាក់ ដោយមានការសង្ស័យមិនឃើញម៉ូតូដែលជនសង្ស័យជួលជិះនោះជាច្រើនគ្រឿង ហើយបន្តជួលជិះបន្ថែមទៀត ជនរងគ្រោះ ក៏បានប្តឹងសមត្តកិច្ចនិងនាំជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដើម្បីធ្វើការសាកសួរ និងទទួលពាក្យបណ្តឹងពីជនរងគ្រោះ ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ នៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០១៩ កំលាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ និងកំលាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរនបាលក្រុងសៀមរាប ក្រោមកិច្ចសហការណ៍ដ៏ល្អ រវាង ផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង ផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ក្រុងសៀមរាប ដឹកនាំនីតិវិធីដោយលោកវរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ បាននាំជនរងគ្រោះ ទៅរាជធានីភ្នំពេញ ដើម្បីសហការណ៍គ្នា ជាមួយ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចុះធ្វើការស្រាវជ្រាវនិងដកហូត ម៉ូតូរបស់ជនរងគ្រោះចំនួន០៥គ្រឿង ត្រឡប់មកខេត្ត សៀមរាប វិញ។
នៅថ្ងៃទី០៣ខែមិថុនាឆ្នាំ ២០១៩វេលាម៉ោង១២ថ្ងៃត្រង់ ខណៈដែលនគរបាលយើង និងជនរងគ្រោះ ត្រឡប់មកសៀមរាបវិញ បុគ្គលិក ហាងជួលម៉ូតូ យីហោ “សៀមរាបស្គូតធឺរេនថល”បានខលប្រាប់មក ជនរងគ្រោះថា មានជនសង្ស័យម្នាក់ ឈ្មោះអ៉ឹង ឆាយហេង ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិ០១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានមកជួលម៉ូតូម៉ាកហុងដាCLICK ពណ៌ស សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខសៀរាប 1AC6135 លេខម៉ាស៊ីន ០១៦១៨០៥ ដោយជនសង្ស័យបានប្រាប់ទៅបុគ្គលិក ជនរងគ្រោះថាជួលជិះក្នុងភូមិសាស្ត្រក្រុងសៀមរាប តែសង្ស័យ បានកំពុងជិះគេចខ្លួនទៅភ្នំពេញ ។
ក្រោយពីជនរងគ្រោះ និង នគរបាលក្រុងសៀមរាប យើង ទទួលបានព័ត៌មានភ្លាមៗ ក៏បានស្នើរតាមរយៈលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដើម្បីសុំកិច្ចសហការពី អធិការដ្ឋាននគរបាលក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីធ្វើការ ឃាត់ជនសង្ស័យ រួមទាំងម៉ូតូរបស់ជនរងគ្រោះ យកមក អធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីធ្វើការសាកសួរ ។
ក្រោយសួរនាំជនសង្ស័យ ឈ្មោះអ៊ឹង ឆាយហេង ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិ០១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានសារភាពថាខ្លួនពិត ជាយកម៉ូតូរបស់ជនរងគ្រោះ បំរ៉ុងយកទៅលក់ក្នុងរាជធានីភ្នំពេញពិតមែន។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងពាក្យបណ្ដឹងរបស់ជនរងគ្រោះ ជនសង្ស័យ នៅថ្ងៃទី៤ ខែមិថុនានេះ ត្រូវបាន នគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
ចំណែក វត្ថុតាងដែលដកហូតបានមកវិញ ដោយ មានការឯកភាព ពី លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ត្រូវបាន នគរបាលព្រហ្មទណ្ឌក្រុងសៀមរាបធ្វើការប្រគល់ទទួលជូនជនរងគ្រោះយកទៅប្រើប្រាស់ឡើងវិញរួចរាល់ហើយផងដែរ ។
ក្នុងករណីនេះសមត្តកិច្ចយើងខ្ញុំក៏សូមធ្វើការអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ដែលប្រកប មុខរបរដូចខាងលើមេត្តាបង្កើនការប្រុងប្រយ័ត្នឲបានខ្ពស់ដើម្បីជៀសវាងកើតបញ្ហាដូចដែលបានរៀបរាប់ខាងលើផងដែរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា រូបគេនិងបក្ខពួក២ម្នាក់ទៀត ដែលកំពុងតែរត់គេចខ្លួន ពិតជាបានធ្វើសកម្មភាពជួលម៉ូតូពីជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាំមកទៅកាន់អធិការដ្ឋានក្រុងសៀមរាប ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចាត់ការតាមនីតិវិធី ៕ ដោយ៖កូឡាប