ត្បូងឃ្មុំ៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា កងកម្លាំងនគរបាលបានប្រើពេលប្រមាណជាង២ខែ ដើម្បីស្រាវជ្រាវនិងឈានទៅដល់ការចាប់ខ្លួនឃាតករ៣នាក់ដែលបានធ្វើសកម្មយ៉ាងឃោរឃៅប្លន់សម្លាប់២នាក់ប្តីប្រពន្ធ ដែលជាអ្នករកស៊ីលក់ទិញម៉ូតូ ស្ថិតនៅភូមិ៧ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃ២០ ខែតុលា ឆ្នាំ២០១៧។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានប្រាប់ថា ជនសង្ស័យចំនួន២នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែតុលា ហើយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ មេឃាតករម្នាក់ ត្រូវបានចាប់ខ្លួន ។ ជនសង្ស័យទាំង៣នាក់រួមមាន៖ ទី១-ឈ្មោះ ជ្រូក ចាន់ អាយុ៤៤ឆ្នាំ ទី២-ឈ្មោះ មួន ជ្រាយ អាយុ៤១ឆ្នាំ ដែលពួកគេទាំង២នាក់ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។ ដោយឡែកមេឃាតក ឈ្មោះ អ៊ី សារី អាយុ៥០ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៨ ខែធ្នូ ដោយជនសង្ស័យរូបនេះ ទើបចេញពីពន្ធនាគារ ខណៈប្រពន្ធរបស់ខ្លួនកំពុងជាប់នៅក្នុងពន្ធនាគារនៅឡើយ ដោយសារបទល្មើសគ្រឿងញៀន។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ជនរងគ្រោះ២នាក់ប្តី-ប្រពន្ធ ដែលប្តីឈ្មោះ គីម សេងគាង អាយុ៤៨ឆ្នាំ មុខរបរលក់ និងទិញម៉ូតូ និងប្រពន្ធឈ្មោះ ហួយ ពៅ អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ត្រូវបានជនសង្ស័យទាំង៣នាក់ ចូលប្លន់តែមិនបានសម្រេច ក៏សម្លាប់ពួកគេចោលតែម្តង៕ ដោយ៖បញ្ញាស័ក្តិ