ប្រជាជនចំនួនជិត ២លាននាក់ បានចូលរួមការតវ៉ាយ៉ាងធំក្នុងទីក្រុងហុងកុង ដើម្បីប្រឆាំងទៅនឹងច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស់។ នេះបើតាមការបញ្ជាក់របស់អ្នករៀបចំការតវ៉ា។
វាអាចជាការចូលរួមការតវ៉ាដ៏ច្រើន និងធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ហុងកុង។ ប៉ុន្តែប៉ូលីសបញ្ជាក់ថា តួលេខនៃអ្នកតវ៉ាគឺត្រឹមតែជាង ៣០០.០០០ប៉ុណ្ណោះ។
បើទោះបីជារដ្ឋាភិបាលបានប្រកាសពីការពន្យារពេលអាន និងអនុម័តសេចក្តីស្នើច្បាប់ធ្វើបត្យាប័ននោះក្តី ចំនួនអ្នកតវ៉ាកាន់តែច្រើនបានចូលរួម។
ចំណែកមេដឹកនាំហុងកុង អ្នកស្រី Carrie Lam នៅថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការសុំទោសដោយសារពន្យាពេលសេចក្តីស្នើច្បាប់នោះ។
អ្នកតវ៉ាជាច្រើនបានស្នើឲ្យមេដឹកនាំហុងកុងលាលែងពីដំណែងដោយសារមានបញ្ហាតវ៉ាយ៉ាងខ្លាំង។ ពួកគេសំដែងការព្រួយបារម្ភថា សេចក្តីស្នើច្បាប់នោះនឹងជួយបង្កើនឥទ្ធិពលរបស់ចិនលើទីក្រុងហុងកុង។
ក្រុមបាតុករក៏បានធ្វើការទាមទារឲ្យរដ្ឋាភិបាលបោះបង់ចោលច្បាប់នោះ មិនត្រឹមតែព្យួរនោះទេ។
សូមបញ្ជាក់ថា បើមានការអនុម័តច្បាប់បត្យាប័នដ៏ចម្រូងចម្រាស់នោះ វានឹងអនុញ្ញាតឲ្យមានការបញ្ជូនជនសង្ស័យ (ធ្វើបត្យាប័ន) ពីទីក្រុងហុងកុងទៅកាន់ប្រទេសចិន ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC