អតីតប្រធានាធិបតីអេហ្សីប លោក Mohamed Morsi វ័យ ៦៧ឆ្នាំ បានស្លាប់បបន្ទាប់ពីដួលសន្លប់កំឡុងពេលឡើងសវនាការកាលពីថ្ងៃច័ន្ទម្សិលមិញនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោកមានបញ្ហាគាំងបេះដូង។
មុនពេលដួលសន្លប់ គាត់កំពុងតែចូលរួមសវនាការក្នុងទីក្រុង Cairo ជាមួយនឹងមនុស្សចំនួន ២២នាក់ផ្សេងទៀត។
សកម្មជន និងគ្រួសាររបស់គាត់បាននិយាយថា លោក Morsi មិនទទួលបានការព្យាបាលលើជំងឺដ៏ធ្ងន់ធ្ងររបស់លោកទេ ដូចជាជំងឺលើសឈាម និងទឹកនោមផ្អែមជាដើម។
សូមបញ្ជាក់ថា លោក Morsi គឺជាអតីតមន្ត្រីជាន់ខ្ពស់របស់ចលនាអ៊ីស្លាម Muslim Brotherhood។ គាត់បានឡើងកាន់ដំណែងកាលពីឆ្នាំ ២០១២ តាមរយៈការបោះឆ្នោតបែបប្រជាធិបតេយ្យ ប៉ុន្តែត្រូវបានទម្លាក់ចេញពីដំណែងនៅឆ្នាំ ២០១៣ ដោយសារបាតុកម្មយ៉ាងធំប្រឆាំងនឹងការដឹកនាំរបស់លោក។
គាត់រងការចោទប្រកាន់ពីបទឃាតកម្ម អំពើហឹង្សា និងការធ្វើចារកម្មជាដើម។ លោកត្រូវបានកាត់ទោសអោយជាប់គុក 20ឆ្នាំពីបទញុះញង់ឲ្យមានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រ និងគូបដិបក្សរបស់លោកក្នុងឆ្នាំ ២០១២ និងរងការកាត់ទោសជាប់គុក 25ឆ្នាំពីបទធ្វើឲ្យបែកធ្លាយឯកសារសំខាន់ដល់ប្រទេសកាតា៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Xinhua