ក្រុមហ៊ុន Huawei នឹងបាត់បង់ប្រាក់ចំណូលពីការលក់ប្រមាណ ៣០ពាន់លានដុល្លារក្នុងរយៈពេល ២ ទៅ ៣ឆ្នាំខាងមុខទៀត ដោយសារតែយុទ្ធនាការរបស់អាមេរិចប្រឆាំងនឹងយើង។ នេះបើតាមការបញ្ជាក់របស់ស្ថាបនិក និងប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei លោក Ren Zhengfei បញ្ជាក់នៅថ្ងៃច័ន្ទម្សិលមិញនេះ។
លោកបានថ្លែងដូច្នេះថា “នៅ ២ឆ្នាំខាងមុខ ខ្ញុំគិតថា ពួកយើងនឹងត្រូវកាត់បន្ថយចំណុះនៃការផលិត។ ចំណូលរបស់យើងនឹងត្រូវធ្លាក់ចុះប្រមាណ ៣០ពាន់លានដុល្លារ បើប្រៀបធៀបនឹងការព្យាករណ៍ ដូច្នេះចំណូលលក់របស់យើងនៅឆ្នាំនេះ និងឆ្នាំក្រោយនឹងបានប្រមាណ ១០០ពាន់លានដុល្លារ”។
កាលពីឆ្នាំមុន ការលក់របស់ Huawei បានកើនឡើងចំនួន ២០ភាគរយដោយរកចំណូលបាន ១០៤ពាន់លានដុល្លារ។
សូមបញ្ជាក់ថា កាលពីពាក់កណ្តាលខែឧសភាកន្លងទៅ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនោះបានក្លាយជាផ្នែកមួយនៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិច និងចិន។ រដ្ឋាបាលដូណាល់ ត្រាំ បានប្រកាសដាក់ក្រុមហ៊ុន Huawei ក្នុងបញ្ជីខ្មៅ ដោយហាមមិនឲ្យក្រុមហ៊ុនអាមេរិចណាមួយធ្វើជំនួញជាមួយនឹងក្រុមហ៊ុនខាងលើឡើយ។
ការយក Huawei ដាក់ក្នុងបញ្ជីខ្មៅ កើតឡើងដោយសារអាមេរិចមានការព្រួយបារម្ភថា ទីក្រុងប៉េងកាំងអាចនឹងប្រើប្រាស់ឧបករណ៍របស់ Huawei ដើម្បីធ្វើចារកម្មលើសន្តិសុខជាតិអាមេរិច ហើយអាមេរិចក៏បានដាក់សម្ពាធឲ្យសម្ព័ន្ធមិត្តផ្សេងៗរបស់ខ្លួនឲ្យបោះបង់ចោល Huawei ផងដែរ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN