Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនាការ វិធានការ​ទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ ក្នុង​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ​

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​កា​ងារ បាន​អំពាវនាវ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ចូលរួម​ទាំងអស់គ្នា សហការ​យ៉ាង​ជិតស្និទ្ធ​និង​អនុវត្ត​ឱ្យបាន​ហ្មត់ចត់ តាម​ទិសដៅ​នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដោយមាន​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការចូលរួម​អនុវត្ត​ប្រឆាំង​ដាច់ខាត​ទៅនឹង​សកម្មភាព​គ្រប់​រូបភាព​ក្នុងការ​ប្រើប្រាស់​ពលកម្ម​កុមារ​នៅក្នុង​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ​ឱ្យបាន​ជោគជ័យ​។​

​ដើម្បី​គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ​ឱ្យមាន​បទដ្ឋាន​ការងារ​ល្អប្រសើរ និង​ធានា​និរន្តរភាព លុបបំបាត់​ពលកម្ម​កុមារ​នៅក្នុង​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ បានរៀបចំ​សិក្ខាសាលា​ស្តីពី យុទ្ធនាការ វិធានការ​ទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ ក្នុង​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ នៅតាម​បណ្តា​រាជធានី​ខេត្ត ដែលមាន​សិប្បកម្ម​ផលិត​ឥដ្ឋ លើកទីមួយ ឆ្នាំ​២០១៩​។

​សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​គោលបំណង​៖

១.​ផ្តល់​ការណែនាំ​ដល់​មន្ត្រី​អធិការកិច្ច​ការងារ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ទទួល​សិទ្ធិ​ជា​នគរបាល​យុត្តិធម៌ ធ្វើ​អន្តរាគមន៍​ក្នុងការ​ដកហូត ទប់ស្កាត់ និង​សមាហរណកម្ម​កុមារ​រងគ្រោះ និង​ងាយ​រងគ្រោះ​នៅក្នុង​​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ​។

២.​បង្កើន​ការយល់ដឹង និង​លើកកម្ពស់​យុទ្ធនាការ​ប្រឆាំងនឹង​ពលកម្ម​កុមារ តាមរយៈ​ការកំណត់​និយមន័យ​ពលកម្ម​កុមារ ការ​លាតត្រដាង​អំពី​មូលហេតុ និង​ផលប៉ះពាល់​នៃ​ពលកម្ម​កុមារ គោលនយោបាយ និង​បទដ្ឋាន​គតិយុត្តិ និង​វិធានការ​នានា ដើម្បី​ប្រឆាំងនឹង​ពលកម្ម​កុមារ​នៅក្នុង​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ​។

៣.​សហការ និង​ចូលរួម​អនុវត្ត​វិធានការ​អធិការកិច្ច​ការងារ យន្តការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស និង​ប្រព័ន្ធ​ត្រួតពិនិត្យ តាមដាន​ពលកម្ម​កុមារ​នៅ​កន្លែងធ្វើការ (​សិប្បកម្ម​ផលិត​ឥដ្ឋ​) នៅ​សាលារៀន និង​នៅតាម​សហគមន៍​ដែល​កុមារ និង​ក្រុមគ្រួសារ​របស់​ពួកគេ​រស់នៅ ជូន​ស្ថាប័ន​ថ្នាក់ក្រោម​ជាតិ​បន្ត​អនុវត្ត​។​

៤. ការចូលរួមចំណែករ​បស់​មន្ត្រី​អធិការកិច្ច​ការងារ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​ផ្តល់យោបល់ ចែករំលែក​បទពិសោធ​ន៍ និង​ឆ្លុះបញ្ចាំង​វឌ្ឍនភាព​ថ្មីៗ​នៃ​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ ដើម្បីអោយ​សេចក្តីព្រាង​គោលការណ៍​ណែនាំ​នេះ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ក្នុងន័យ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ និង​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​អញ្ជើញ​ជា​អធិបតី​នាឱកាស​បើក​សិក្ខាសាលា​នេះដែរ លោកស្រី​ស៊ើ​ង សរ​សុចិត្តា រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍​លើកឡើងថា កុមារ គឺជា​ធនធានមនុស្ស​ដែល​មិនអាច​ខ្វះ​បាន សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​នាពេល​អនាគត ដើម្បីឱ្យ​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពល ការផ្តល់​កិច្ចការពារ និង​ការអភិវឌ្ឍ​កុមារ គឺជា​ភារកិច្ច​យ៉ាងសំខាន់ ដែល​តម្រូវឱ្យ​មានការ​អនុវត្ត​តាមបែប​ពហុ​វិស័យ​បញ្ចូល​គ្នា ហើយ​សកម្មភាព អាទិភាព​ទាំងឡាយ​ដែល​ត្រូវអនុវត្ត រួមមាន ការងារ​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត ការកែលម្អ​យន្តការ​ដែលមាន​ស្រាប់ ការពិនិត្យ​តាមដាន ការពង្រឹង និង​ពង្រីក​សេវា​អប់រំ ការការពារ និង​ថែទាំ​សុខភាព​កុមារ ដោយ​ផ្តោត​ជាពិសេស​លើ​កុមារ​រងគ្រោះ និង​ងាយ រងគ្រោះ​។

​លើសពីនេះ​ទៀត ក្នុងនាម​រដ្ឋ​ភាគី ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​សច្ចាប័ន​លើ យុទ្ធុបករណ៍​អន្តរជាតិ​នានា ដើម្បី​ការពារ​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម​កុមារ និង​លើកកម្ពស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ ជាអាទិ៍ អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​របស់​អង្គការសហប្រជាជាតិ អនុសញ្ញា​លេខ ១៣៨ ១៨២ និង​២៩​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការហាម​ប្រាម និង​លុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​។​

​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​ការលុបបំបាត់​ពលកម្ម​កុមារ​ជា​បញ្ហា​ដ៏​សំខាន់​មួយ នៅក្នុង​ចំណោម​បញ្ហាសំខាន់​ជាច្រើន​របស់​កម្ពុជា ជាពិសេស​គឺ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុង​ដំណើ​ឆ្ពោះទៅ​ការបញ្ចប់​ពលកម្ម​កុមារ​នៅ​ឆ្នាំ​២០២៥ ដែល​ស្រប​នឹង​គោលដៅ​អភិវឌ្ឍន៍​សាកល​ប្រកបដោយ​ចីរភាព​(២០១៥-២០៣០)​។

​លោកស្រី​រដ្ឋលេខាធិការ បាន​អំពាវនាវ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ចូលរួម​ទាំងអស់គ្នា សហការ​យ៉ាង​ជិតស្និទ្ធ​និង​អនុវត្ត​ឱ្យបាន​ហ្មត់ចត់ តាម​ទិសដៅ​នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដោយមាន​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការចូលរួម​អនុវត្ត​ប្រឆាំង​ដាច់ខាត​ទៅនឹង​សកម្មភាព​គ្រប់​រូបភាព​ក្នុងការ​ប្រើប្រាស់​ពលកម្ម​កុមារ​នៅក្នុង​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ​ឱ្យបាន​ជោគជ័យ​ដែលជា​កាតព្វកិច្ច​ចូលរួម​ទប់ស្កាត់​កុមារ​ពី ទង្វើ​ដែលនាំឱ្យ​អន្តរាយ​ដល់​ឱកាស​សិក្សា សុខភាព សុខុមាលភាព និង ការអភិវឌ្ឍ​របស់​កុមារ​។ លោកជំទាវ​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា ខ្លឹមសារ​នៃ​សិក្ខាសាលា​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ជា​ប្រយោជន៍ រួមទាំង​មានការ ប្តេជ្ញាចិត្ត​យ៉ាង​ធំធេង​ក្នុងការ​អនុវត្ត​សកម្មភាព​ជាក់លាក់​ប្រកបដោយ​ជោគជ័យ ដើម្បី​រួមចំណែក​ធ្វើឱ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​គ្មាន​ពលកម្ម​កុមារ​៕​ ដោយ​៖​កូ​ឡាប​

×