ខេត្តស្វាយរៀង ៖ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត លោក ពេជ្រ សាវ៉ាន់ ទីប្រឹក្សាក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្មុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងបាវិត អាណត្តិទី៣ និងមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ដឹកនាំមន្ត្រីសាលាក្រុង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ពិធីនេះបានប្រព្រឹត្តនាសាលប្រជុំសាលាក្រុងបាវិត ខេត្តស្វាយរៀង។
លោក សេង សីលា អភិបាលក្រុងបាវិតបានជំរាបជូនអំពីវឌ្ឍនភាពការងាររបស់រដ្ឋបាលក្រុង ដែលខិតខំបំពេញតួនាទីភារកិច្ច កិច្ចការងាររដ្ឋបាល ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងបាវិតនៃខេត្តស្វាយរៀងសម្រេចបាននាពេលកន្លងទៅ។
លោក ជុំ ហាត មានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងក្នុងនាមខ្ញុំផ្ទាល់ សូមសំដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាក្រុងបាវិតនៃខេត្តស្វាយរៀង ដែលត្រូវបានតំណាង ប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្ត ឲ្យកាន់រីកចម្រើន លើគ្រប់វិស័យថែមទៀត ។
លោកបានបន្តទៀតថា ការពង្រឹងសាមគ្គីភាពឯកភាព ផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ និងភាពជាម្ចាស់ របស់មន្ត្រីនៅក្នុងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការ របស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង។
លោកប្រធានក្រុមប្រឹក្សាខេត្តបានបញ្ជាក់ថា គណៈបញ្ជាការឯកភាពក្រុងត្រូវដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនការថែរក្សាការពារ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្របខណ្ឌខេត្តទាំងមូល ដោយត្រូវយកចិត្តទុកដាក់ លើវិធានការសំខាន់ៗក្នុងនោះ ត្រូវជំរុញលើកទឹកចិត្ត ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ នៅតាមមូលដ្ឋានរៀងៗខ្លួន ជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ប្លន់និងល្បែងស៊ីសងខុសច្បាប់ នៅគ្រប់មូលដ្ឋានទូទាំងខេត្ត ៕ ដោយ ៖ វ៉ៃកូ