ភ្នំពេញ ៖ នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបទីតាំងផលិតនិងស្តុកទុកឡេរបស់ក្រុមហ៊ុន ហុងថន ខសបេធីក ឯ.ក លួចផលិត វេចខ្ចប់ គ្រឿងសម្អាងគ្មានច្បាប់ ដកហូតបានគ្រឿងសម្អាង ២៥ មុខ ស្មើនិងជាង ១២ តោន និងនាំខ្លួនស្ត្រី ២ នាក់ ។ សមត្ថកិច្ចបាននាំខ្លួនស្ត្រី ២នាក់ ទៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីសាកសួរបន្ត ដោយឡែក ទីតាំងខាងលើរួមនិងវត្ថុតាងគ្រឿងសម្អាងខាងលើ ត្រូវបានសមត្ថកិច្ចឃ្លុំបេទុកនៅក្នុងក្រុមហ៊ុន ដើម្បីរង់ចាំចំណាត់ការពីតុលាការបន្តទៀត ។
លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះលេខ ៣ I ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដោយមានការសម្រេចពីលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងចម្រុះបានសម្រេចធ្វើការបិទទ្វារ ទីតាំងខាងលើជាបណ្តោះអាសន្ននៅថ្ងៃទី២០ ខែមិថុនានេះ។
ក្នុងនោះមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន លោក សុខ សាត ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ លោកវរសេនីយ៍ ឯក ម៉ាត់ យូសុះ នាយការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា លោក ឱសថការី សោម សំណាង និងលោកវរសេនីយ៍ទោ មិញ ចន្ថា ។
លោកបានបញ្ជាក់ថា មុននឹងឈានដល់ការបង្ក្រាប សមត្ថកិច្ចបានបើកការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃ និងបានដាក់កម្លាំងហ៊ុព័ទ្ធទីតាំងនេះ ២យប់៣ថ្ងៃមកហើយ ដោយសង្ស័យថា សង្ស័យលួចផលិត វេចខ្ចប់ គ្រឿងសម្អាងគ្មានច្បាប់។ ជាលទ្ធផលសមត្ថកិច្ចរកឃើញគ្រឿងសម្អាងនិងឡេទាំងនោះ មានច្បាប់ផលិតចេញពីរោងចក្រ ប៉ុន្តែគ្មានច្បាប់ពីចេញពីក្រសួងសុខាភិបាលនោះទេ ៕ ដោយ៖កូឡាប