Thursday, August 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ដុះបណ្ដាល​ដល់​មន្ត្រី​នៅ​ថ្នាក់ក្រោម​ជាតិ អំពី​សមត្ថភាព​ថ្មីៗ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​កិច្ចការ​អាទិភាព​ជាច្រើន​ទៀត នៅ​ថ្នាក់មូលដ្ឋាន​

​កោះកុង​ ៖ ​អភិបាល​អភិបាល ខេត្តកោះកុង បានស្នើ​ឲ្យ​មាន​​ការបណ្ដុះបណ្ដាល​ដល់​ក្រុមប្រឹក្សា គណៈ​អភិបាល និង​មន្ត្រី​នៅ​ថ្នាក់ក្រោម​ជាតិ​អំពី​សមត្ថភាព​ថ្មីៗ ដើម្បី​ជាការ​លើកកម្ពស់​សមត្ថ​ភាព និង​ការទទួលខុសត្រូវ​រប​ស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​និង​កិច្ចការ​អាទិភាព​ជាច្រើន​ទៀត នៅ​ថ្នាក់មូលដ្ឋាន​។​

​លោកស្រី មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាល ខេត្តកោះកុង បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ស្រុក​បូ​ទុម​សាគរ អាណត្តិ​ទី​៣​នៅ​ថ្ងៃ​ព្រហស្បតិ៍ ៣ រោច ខែជេស្ឋ ឆ្នាំកុ រ​ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩​។ លោកស្រី​អភិបាលខេត្ត បាន​លើកឡើងថា ការខិតខំ​សម្រេចបាន​នូវ​សមិទ្ធផល​នានា​ជាច្រើន ក៏មាន​បញ្ហា​ប្រឈម​នឹង​កិច្ចការ​អាទិភាព​ជាច្រើន​ទៀត ដែល​ពុំទាន់​បាន​សម្រេចបាន​ទាំងស្រុង​នៅឡើយ​។ រាជរដ្ឋាភិបាល​បន្ត​ខិតខំ​ជំរុញ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ឱ្យ​ឈានចូល​ដំណាក់កាល​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។ ក្នុងនោះ​មាន​កិច្ចការ​សំខាន់ៗ​ជា​អាទិភាព​ចំនួន​៤ គឺ ទីមួយ ការបង្កើន​ការផ្ទេរ​មុខងារ និង​ធនធាន​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ទី​ពីរ ការផ្ទេរ​មន្ត្រី​បុគ្គលិក​ក្រសួងមហាផ្ទៃ មកជា​មន្ត្រី​បុគ្គលិក​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ទី​បី ការកែសម្រួល​រចនាសម្ព័ន្ធ និង​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រុង ស្រុក និង​ទី​បួន ការបង្កើន​ការផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍​មូលដ្ឋាន​ដល់​រដ្ឋបាល​ឃុំ សង្កាត់​។​

ដើម្បី​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​កិច្ចការ​ជា​អាទិភាព​ទាំង ៤ ខាងលើ ជំរុញ​ឲ្យ​មានការ​ត្រៀម​រៀបចំ​កិច្ចការ​នានា​ជាច្រើន ចាប់ពី​ឆ្នាំ​២០១៩ នេះ​តទៅ​ដែលមាន​ជាអាទិ៍ ការបណ្ដុះបណ្ដាល​ដល់​ក្រុមប្រឹក្សា គណៈ​អភិបាល និង​មន្ត្រី​នៅ​ថ្នាក់ក្រោម​ជាតិ​អំពី​សមត្ថភាព​ថ្មីៗ ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង និង​ការចាត់ចែង​ការងារ​ខាងលើនេះ​ប្រកបដោយ​ប្រសិទ្ធភាព ជាពិសេស​អំពី​រចនាសម្ព័ន្ធ និង​ប្រព័ន្ធគ្រប់គ្រង​នៅ​ថ្នាក់ក្រុង ស្រុក និង​ការចាត់ចែង​គ្រប់គ្រង​បុគ្គលិក​ដែល​បាន​ផ្ទេរ​ស្របតាម​លក្ខន្តិកៈ​ដោយឡែក​របស់​មន្ត្រី​បុគ្គលិក​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

ការលើកកម្ពស់​សមត្ថ​ភាព និង​ការទទួលខុសត្រូវ​រប​ស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​អនុវត្ត​មុខងារ​ដែល​បាន​ផ្ទេរ​។​

​ការកំណត់​អំពី​តម្រូវការ​ថវិកា មធ្យោបាយ សម្ភារៈ​ដែល​ត្រូវ​ផ្ទេរ​ទៅដល់​រដ្ឋបាល​ក្រុង ស្រុក ដោយ​ផ្អែកលើ​តម្រូវការ​នៃ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ដែល​នឹងត្រូវ​រៀបចំ​ឡើងវិញ​។​

​សិក្សា និង​រៀបចំ​ឡើងវិញ​នូវ​ទំនាក់ទំនង ការគាំទ្រ និង​ការតាមដាន ការត្រួតពិនិត្យ ការវាយតម្លៃ​ពី​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត ទៅលើ​ក្រុង ស្រុក និង​ទំនាក់ទំនង​រវាង​ថ្នាក់ក្រុង ស្រុក និង​ឃុំ សង្កាត់​។​

​ពិនិត្យ និង​រៀបចំ​ឡើងវិញ​នូវ​ប្រព័ន្ធ​គាំទ្រ​ដល់​រដ្ឋបាល​ឃុំ សង្កាត់ ដើម្បី​ធានា​ដល់​ការចាត់ចែង​ប្រើប្រាស់​ថវិកា ដែល​បាន​បង្កើន​ប្រកបដោយ​តម្លាភាព គណនេយ្យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕​ ដោយ​៖​កូ​ឡាប

×