Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ប្រជាពលរដ្ឋ​ស្នើ​រដ្ឋមន្ត្រីក្រសួង​ដែនដី ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី ជាមួយ​ក្រុមហ៊ុន​ញូ​ញៀន យក​ដី​ទៅ​សាងសង់​ព្រលានយន្តហោះ តែ​មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី បញ្ជាក់ថា ការសាងសង់​ព្រលានយន្តហោះ មិនមាន​ផលប៉ះពាល់​

​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ មាន​ក្រុម​ប្រជាពលរដ្ឋ​មួយចំនួន បាន​ឡើង​មកពី​ខេត្តកោះកុង ដល់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ តវ៉ា​ដោះស្រាយ​ទំនាស់​ដីធ្លី ជាមួយ​ក្រុមហ៊ុន ញូ​ញៀន ដែល​ក្រុមហ៊ុន​មួយ​នេះ បាន​ជាប់​ដី​របស់​ប្រជាពលរដ្ឋ​ចំនួន​ជាង​បួន​រយ​ហិកតា​ទៅ​អភិវឌ្ឍ​ធ្វើ​ព្រលានយន្តហោះ​ដោយ​មិនបាន​ផ្ដល់​សំណង​អ្វី​នោះទេ ក្នុង​រយៈពេល​ជិត ១០ ឆ្នាំ​មកហើយ​។

​បើ​យោងតាម​លិខិត​របស់​តំណាង​ប្រជាពលរដ្ឋ​ដែល​ដែល​ស្នើ​សុំចូល​អន្តរាគមន៍​ពី​សំណាក់​លោក​ជា​សុផារ៉ា​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​កាលពី​ថ្ងៃទី 20 ខែមិថុនា​ឆ្នាំ 2019 ។ តំណាង​ប្រជាពលរដ្ឋ​ទាំង 5 នាក់ “​ស្នើសុំ​ជួយ​ដោះស្រាយ​ដីធ្លី​ពួកគាត់​ទាំងអស់គ្នា​ជា​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ចំនួន 417,75​ហិកតា នៅ​ភូមិ​តា​នួន ព្រែក​ខ្យង ទូល​ពោ និង​បាក់​រនាស់ ស្រុក​បុ​ទុម​សាគរ​ខេត្តកោះកុង​។ កន្លងមក​មានការ​វិវាទ​ជាមួយ​ក្រុមហ៊ុន​ញូ​ញៀន​បាន​យក​ដី​កសិកម្ម​របស់​យើងខ្ញុំ​កសាង​ព្រលានយន្តហោះ​អន្តរជាតិ​ចំនួន 91 គ្រួសារ ព្រមទាំង​ឈូសឆាយ​ផ្ទះសម្បែង​យើងខ្ញុំ ។ អាស្រ័យហេតុនេះ​យើងខ្ញុំ​សូមមេត្តា​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​យូ​ញៀន ដើម្បី​ប្រគល់​ដី​សង​ពួកយើងខ្ញុំ​ទាំងអស់គ្នា​វិញ ព្រមទាំង​សង​សំណង​នៃ​ផលប៉ះពាល់​ខូចខាត​ផ្ទះសម្បែង និង​ដំណាំ​អស់​រយៈពេល​ជិត 10 ឆ្នាំ​កន្លងទៅ​។ ក្រុម​ប្រជាពលរដ្ឋ​ស្នើសុំ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ជួយ​រក​យុត្តិធម៌​ជូន​ពួកយើងខ្ញុំ​ទាំងអស់គ្នា​ដែល​រងគ្រោះ​អត់​បង​ផ្ទះសម្បែង​ដោយ​អយុត្តិធម៌​”​។​

​ទាក់ទង​នឹង​ការសាងសង់​ព្រលានយន្តហោះ​របស់​ក្រុមហ៊ុន​ចិន​ញូ​ញៀន​នៅលើ​ទឹកដី​ស្រុក​បុ​ទុម​សាគរ​ខេត្តកោះកុង​នេះ​ត្រូវបាន​​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បំភ្លឺ​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ ឱ្យដឹង​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ នៅ​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ពុំ​បង្ក​ផលប៉ះពាល់​ជាមួយ​លំនៅដ្ឋាន និង​ដំណាំ​ប្រជាពលរដ្ឋ​នោះទេ​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី បានបញ្ជាក់​ឱ្យដឹងថា ការសាងសង់​ព្រលានយន្តហោះ​នៅ​ខេត្តកោះកុង​ស្ទើរ​រួចរាល់​ហើយ ត្រូវបាន​សិក្សា​យ៉ាងច្បាស់​លាស់ បញ្ហា​ជាមួយ​ប្រជាពលរដ្ឋ​កន្លងទៅ ក៏ត្រូវ​ក្រសួង​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ចប់​រួចរាល់​ហើយ​ដែរ ដែល​មិនមាន​បញ្ហា​ទៀត​នោះទេ​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន Union Development Group បានទទួល​សិទ្ធិ​សម្បទាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​វិនិយោគ​រម​ណី​យ​ដ្ឋា​ន​តារា​សាគរ ខេត្តកោះកុង ដើម​ប្រជាពលរដ្ឋ​តំបន់​នោះ​ហៅថា​នាគ​ក្បាល 8 ដែលមាន​ផ្ទៃដី​ជាង​៣​ម៉ឺន​ហិកតា​។ គម្រោង​នេះ​រួមមាន​លំនៅដ្ឋាន សណ្ឋាគារ ទីលាន​វាយ​កូន​ហ្គោល ព្រលានយន្តហោះ កំពង់ផែ​ទឹក​ជ្រៅ និង​សេវាកម្ម​ជាច្រើន​ទៀត សម្រាប់​ទទួលភ្ញៀវ​ទេសច​រ​ជាតិ និង​អន្តរជាតិ​។ ក្រុមហ៊ុន​នេះ​គ្រោង​បោះទុន​វិនិយោគ​ប្រមាណ​៥០០០​លាន​ដុល្លារ​អាមេរិក​។​

​ព្រលានយន្តហោះ​ដែលមាន​ផ្លូវ​យន្តហោះ​ចុះ​ប្រវែង​៣២០០​ម៉ែត្រ និង​ទទឹង​៦០​ម៉ែត្រ គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​ឧសភា ឆ្នាំ​២០២០ ខណៈដែល​ការស្ថាបនា​ព្រលានយន្តហោះ​ដ៏​ធំ​នេះ បានចាប់ផ្តើម​កាលពី​ចុងឆ្នាំ​២០១៨៕​ ដោយ​៖​កូ​ឡាប​

×