Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ធ្វើជា​អធិបតី នៃ​ពិធី​ប្រកាស​ជា​ផ្លូវការ សមាជិក​ក្រុមប្រឹក្សា​ស្រុក​កំពង់​សិលា អាណ​តិ្ត​ទី​៣

​ខេត្ត​ព្រះសីហនុ​ ៖ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ នា​ឱ​កាដ​ចូលរួម​ប្រកាស​ជា​ផ្លូវការ សមាសភាព សមាជិក​ក្រុមប្រឹក្សា​ស្រុក​កំពង់​សិលា កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ នា​សាលាស្រុក​កំពង់​សិលា​។ លោក​បាន​ណែនាំ​ដល់​សមាជិក​ក្រុមប្រឹក្សា​ស្រុក​កំពង់​សិលា អាណត្តិ​ទី​៣ ទាំងអស់ ត្រូវ​ធ្វើខ្លួន​ជា​បុគ្គល​នីតិប្រតិបត្តិ បំពេញការងារ ដើម្បី​អភិវឌ្ឍន៍​មូលដ្ឋាន ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​នា​ឱកាស​នោះ លោក យន្ត មីន បាន​ក្រើនរំលឹក​ដល់​សមាជិក​ក្រុមប្រឹក្សា​ស្រុក​កំពង់​សិលា ទើប​តែងតាំង​ថ្មី​ចំនួន ១១​រូប ដែលមាន លោក ដឹក ហ៊ួ ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កំពង់​សិលា​អាណត្តិ​ទី​៣​នេះ ត្រូវខិតខំ​បំពេញ​ការងារ​បម្រើ​ផលប្រយោជន៍ និង​សេចក្តី​ត្រូវការ របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឱ្យបាន​ស្មើភាព យុត្តិធម៌ និង​មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ទេ ដើម្បី​ចូលរួម​កសាង និង​អភិវឌ្ឍន៍​មូលដ្ឋាន របស់ខ្លួន ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។​

​លោក​អភិបាលខេត្ត​ពន្យល់ថា ក្រុមប្រឹក្សា​ស្រុក​អាណត្តិ​ទី​៣ មាន​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ដិត ដល់​។ ហេតុ​ដូច្នេះ​សមាជិក​ក្រុមប្រឹក្សា​ទាំងអស់ ត្រូវបំពេញ​តួនាទី​ឱ្យបាន​ល្អ ជាមួយ គណ​:​អភិបាលស្រុក មន្ត្រីរាជការ និង កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ អង្គការ​សង្គម​ស៊ីវិល ដោយ​ឈរ​លើ​មូលដ្ឋាន​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ការគោរព​ច្បាប់ និង​គោលការណ៍​នានា របស់​រដ្ឋ ថ្វី​ត្បិត​ស្រុក​កំពង់​សិលា មិនទាន់​មាន​បញ្ហា​ប្រឈម និង​បរិស្ថាន កើតឡើង​ទេ​។ ដូច្នេះ ត្រូវ​បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ ឱ្យ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​នី​មួយៗ គោរព​ច្បាប់ និង​យក​ច្បាប់​ជា​គោល ដើម្បី​ធានា​សុវត្ថិភាព ភាពស្មោះត្រង់​ដល់​ប្រជាពលរដ្ឋ ក្នុង​ការដឹកនាំ​ធ្វើ​ជា​គំរូ​ល្អ សម្រាប់​ទាំងអស់គ្នា​។​

​ឆ្លៀត​ឱកាស​នេះ លោក យន្ត មីន ក៏បាន​អំពាវនាវ​ដល់​សមាជិក​ក្រុមប្រឹក្សា​ស្រុក​កំពង់​សិលា និង​ផ្នែក​ពាក់ព័ន្ធ ត្រូវ​រក្សា​ព្រៃឈើ​ក្នុង​មូលដ្ឋាន​នេះ កុំឱ្យ​បាត់បង់ ព្រោះ​ព្រៃឈើ​អាច​ជួយ​កាត់បន្ថយ​កំដៅ នុង​ព្យុះភ្លៀង​បោកបក់​។ ជា​ពិសេស​ជាង​នេះ ត្រូវ​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​ស្រឡាញ់​ព្រៃឈើ និង​ដាំ​ដុះ​ព្រៃឈើ​នៅ​តាម​លំនៅដ្ឋាន និង​ទីតាំង​សមរម្យ​ណាមួយ​ឱ្យ​បាន​ទាំងអស់​គ្នា​។​

​លោក យន្ត មីន បានឱ្យ​ដឹង​ដូច្នេះ រួច​បាន​រំលឹក​ដល់​សមាជិក​ក្រុមប្រឹក្សា​ស្រុក​កំពង់​សិលា​អាណត្ត​ថ្មី​នេះ ឱ្យ​បន្ដ​ថា ការលើកកម្ពស់​ការទទួល​ខុស​ត្រូវ និង​ភាព​ជា​ម្ចាស់​ក្នុង​ការបំពេញ​តួនាទី ភារកិច្ច របស់​ខ្លួន​ឱ្យបាន​ល្អ សំដៅ​អភិវឌ្ឍន៍​មូលដ្ឋាន ឆ្លើយ​បត​តាម​តម្រូវការ​នានា របស់​ប្រជាពលរដ្ឋ​។ ព្រមទាំង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព​។​

​លោក​សង្កត់ធ្ងន់​ថា សមាជិក សមាជិកា​ក្រុមប្រឹក្សា ដែល​ទើប​តែងតាំង​ថ្មី ត្រូវ​ពិនិត្យ​ទៅលើ​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ និង​រាជធានី ខេត្ត ឱ្យ​យល់​ជ្រួតជ្រាប ដើម្បី​ពង្រឹង​ការងារ​ទទួលខុសត្រូវ របស់​ខ្លួន​ឱ្យបាន​ល្អ​។​

​ជា​ពិសេស​ជាង​នេះ ដើម្បី​សម្រេចបាន​នូវ​កិច្ច​ការងារ​ចាំបាច់​នានា នៅក្នុង​មូលដ្ឋាន​ស្រុក​កំពង់​សិលា គឺ​ចាំបាច់ ត្រូវ​រួមគ្នា​ខិតខំ​ពង្រឹងស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ឱ្យបាន​ល្អ​នៅក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ ដោយ​ឈរ​លើ​មូលដ្ឋាន នៃ​ការលើកកម្ពស់​ប្រសិទ្ធភាព​ការងារ គោរព​ច្បាប់​គោរព​គោលការណ៍ និង​ពង្រឹង​របៀប​ធ្វើការ ដើម្បី​លើកកម្ពស់​ការទទួលខុសត្រូវ និង​ភាព​ជា​ម្ចាស់​របស់​មន្ត្រីរាជការ ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​ការងារ សំដៅ​អភិវឌ្ឍ​មូលដ្ឋាន ដើម្បី​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួន​។​

​លោក យន្ត មីន សង្ឃឹម​ថា​ក្រុមប្រឹក្សា​គណៈ​អភិបាល និង​មន្ត្រី​អ្នកមុខអ្នកការ ព្រមទាំង​ប្រជាពលរដ្ឋ រស់​នៅ​មូលដ្ឋាន​ស្រុក​កំពង់​សិលា​ទាំងអស់ និង​ខិតខំ​បំពេញ​ការងារ​រួមគ្នា ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​ក្នុង​រយៈពេល ៥​ឆ្នាំ​ខាង​មុខ​ទៀត​នេះ​៕ ដែន សីមា​

 

×