អភិបាលរាជធានីភ្នំពេញជំរុញឲ្យរដ្ឋបាលខណ្ឌសង្កាត់ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ ដើម្បីបង្កើនភាពកក់ក្តៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងពីធីប្រកាសដាក់អោយដំណើរការរដ្ឋបាលខណ្ឌកំបូលនៅព្រឹកថ្ងៃទី ២១ ខែមិថុនា នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់គណៈអភិបាលខណ្ឌ ក្រុម ប្រឹក្សាខណ្ឌនិងអង្គភាពពាក់ព័ន្ធត្រូវរួមគ្នាស្វែងរកយន្តការថ្មីៗក្នុងការទប់ស្កាត់បញ្ហាជនទំនើង ចោរកម្ម គ្រឿងញៀន ល្បែងស៊ីសង និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់មួយចំនួនទៀត ដើម្បីធានា ឲ្យភូមិឃុំសង្កាត់មានសុវត្ថិភាពប្រជាពលរដ្ឋបានរស់នៅដោយភាពកក់ក្តៅនិងគ្មានការរំខាន។
លោកអភិបាលបានបញ្ជាក់ថា តំបន់ជាយក្រុងត្រូវតែបង្កើនការយកចិត្តទុកដាក់ឲ្យខ្លាំង ជាងគេ ព្រោះសំបូរទៅដោយទីតាំងស្មុគស្មាញដែលជនល្មើសងាយស្រួលក្នុងការធ្វើសកម្មភាព ដែលទាមទាររួមគ្នាទប់ស្កាត់ឲ្យបានព្រមៗគ្នា។
លោកបានបញ្ជាក់ថា “រឿងសន្តិសុខជារឿងសំខាន់ ប៉ុន្តែឥឡូវនេះយើងទទួលស្គាល់ថាសន្តិសុខធ្វើបានល្អ តែត្រូវខិតខំបន្ថែមទៀត ទីតាំងនេះជាទីតាំងដែលស្មុគស្មាញ មានបងប្អូនកម្មករ កម្មការិនីស្នាក់ នៅ ធ្វើការងារតំមរោងចក្រច្រើន ចឹងយើងត្រូវតែពិនិត្យមើលលើបញ្ហានេះ យកចិត្តទុកដាក់នៅតាមផ្ទះរបស់ពួកគាត់ ធ្វើយ៉ាងណាកុំអោយមានអសន្តិសុខនៅទីតាំងដែលគាត់រស់នៅស្នាក់នៅ”។
លោកបានអះអាងថា កន្លងមកនេះរាជធានីភ្នំពេញបានគ្រប់គ្រងបញ្ហាសន្តិសុខបានល្អ ដោយបានដាក់ប៉ុស្តិ៍យាមនៅគ្រប់ភូមិសង្កាត់និងកន្លែងដែលស្មុគស្មាញសម្បូរបទល្មើសកើត ឡើង បង្កើតក្រុមដើរល្បាត ក្រុមប្រចាំការ និងការចូលរួមពីប្រជាពលរដ្ឋដែលធ្វើឲ្យសមត្ថកិច្ច ងាយស្រួលធ្វើសកម្មភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗបានទាន់ពេលវេលា។
លោកនៅ សារឿន ប្រធានក្រុមប្រឹក្សាខណ្ឌកំបូលអណត្តិទី៣ បានសន្យាពង្រឹងកិច្ចសហការជា មួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងខណ្ឌ ដើម្បីរួមគ្នាដោះស្រាយបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានឲ្យបានល្អ ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋចង់រស់នៅដោយភាពកក់ ក្តៅ។
សូមបញ្ជាក់ថា ខណ្ឌកំបូលគឺជាខណ្ឌទើបតែបង្កើតថ្មីតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៨ខែមករាឆ្នាំ២០១៩នេះ ដោយមាន៧សង្កាត់ ក្នុងនោះ៦សង្កាត់បំបែកចេញពីខណ្ឌពោធិសែនជ័យមានសង្កាត់ កំបូល កន្ទោក ស្នោ ភ្លើងឆេះរទេះ ឪឡោក និងសង្កាត់បឹងធំ និងមួយសង្កាត់ទៀតបំបែកចេញពីខណ្ឌដង្កោគឺសង្កាត់ប្រទះឡាង ៕ ដោយ៖កូឡាប