សាកសពរបស់គ្រូបង្រៀនម្នាក់ដែលបានបាត់ខ្លួនអស់រយៈពេល ១៦ឆ្នាំ នៅក្នុងប្រទេសចិន ត្រូវបានគេរកឃើញកប់នៅក្រោមសាលារៀនដែលគាត់ធ្លាប់បង្រៀន។
កាលពី ១៦ឆ្នាំមុន លោក Deng Shiping ត្រូវបានខាងសាលាចាត់តាំងឲ្យធ្វើជាអ្នកមើលការខុសត្រូវលើការសាងសង់អាគារកីឡា ប៉ុន្តែគាត់បានបាត់ខ្លួន ក្រោយពេលបដិសេធលើការអនុម័តការសាងសង់កន្លែងកីឡាមួយ ដែលគាត់បានមើលឃើញថា វាត្រូវបានសាងសង់គ្មានគុណភាព និងមានការកឹបគេងលុយ។
បុរសម្នាក់ដែលជាអ្នកចូលរួមក្នុងការសាងសង់អគារនោះ បានចូលខ្លួនមកសារភាពថាបានសម្លាប់ និងកប់លោកគ្រូខាងលើ ក្នុងខែមករា ឆ្នាំ ២០០៣។ នេះបើតាមការបញ្ជាក់របស់ប៉ូលីស។
បុរស ៦នាក់ផ្សេងទៀតដែលគេជឿជាក់ថាជាអ្នកសាងសង់ដែរនោះ ក៏ត្រូវបានចាប់ខ្លួនផងដែរ។
សាកសពរបស់គ្រូខាងលើត្រូវបានគេប្រទះឃើញនៅក្រោមទីលានរត់ នៃសាលា Xinhuang កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
កូនរបស់ជនរងគ្រោះបានថ្លែងប្រាប់សារពត៌មានថា កាលនោះឪពុករបស់លោកគឺជាអ្នកចាត់ចែង មើលការខុសត្រូវលើការសាងសង់អាគារកីឡា។
ប៉ុន្តែក្រោយមក គាត់បានដាក់ពាក្យប្តឹង ដោយចោទប្រកាន់ថា លោក Du Shaoping ដែលជាអ្នកសាងសង់ពេលនោះ បានលួចកឹបគេងលុយ និងត្បិតត្បៀតលើវត្ថុធាតុដើមសម្រាប់សាងសង់។
កូនប្រុសលោគ្រូខាងលើបានថ្លែងថា ឪពុកគាត់បានបដិសេធចុះហត្ថលេខាលើកិច្ចការសាងសង់ និងបានរាយការណ៍ទៅកានរដ្ឋាភិបាល ក្រោយមកគាត់បានបាត់ខ្លួន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC