អាមេរិចបានបើកការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេតទៅលើប្រព័ន្ធគ្រប់គ្រងមីស៊ីល និងបណ្តាញចារកម្មរបស់អ៊ីរ៉ង់ ដែលការវាយប្រហារនេះគឺជាការឆ្លើយតបទៅនឹងអ៊ីរ៉ង់ ដែលបានបាញ់ទម្លាប់យន្តហោះដ្រូនរបស់អាមេរិចកាលពីពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយរបស់សារពត៌មានអាមេរិច។
ប្រធានាធិបតីដូណាល់ ត្រាំ បានបញ្ជាជាសម្ងាត់ឲ្យទីបញ្ជាការអ៊ីធឺណេតអាមេរិចធ្វើការវាយប្រហារសងសឹកលើអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយរបស់កាសែត Washington Post។ ការវាយប្រហារនោះកើតឡើងភ្លាមៗ ក្រោយពេលលោក ត្រាំ បានប្តេជ្ញាចិត្តថានឹងដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងអ៊ីរ៉ង់។
ក្រុងតេហេរ៉ងមិនទាន់មានប្រតិកម្មនៅឡើយទេចំពោះការចុះផ្សាយខាងលើ។
កាលពីថ្ងៃសុក្រកន្លងទៅនេះ លោក ត្រាំបញ្ជាឲ្យមានការវាយប្រហារយោធាប្រឆាំងអ៊ីរ៉ង់ ប៉ុន្តែគាត់បានផ្លាស់ប្តូរចិត្តវិញ។ លោកត្រាំថ្លែងថា អ៊ីរ៉ងបានបង្កើតកំហុសដ៏ធំមួយក្នុងការបាញ់ទម្លាក់យន្តហោះដ្រូនរបស់អាមេរិច។
អាមេរិចចោទប្រកាន់អ៊ីរ៉ង់ថា បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ខ្លួននៅដែនអាកាសអន្តរជាតិ ប៉ុន្តែអ៊ីរ៉ង់ឆ្លើយវិញថា យន្តហោះនោះហោះចូលដែនអាកាសរបស់ខ្លួន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ channelnewsasia