Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោទប្រកាន់​លោក​ឧកញ៉ា សុខ ប៊ុន និង ចៅសង្កាត់ ក្រុមប្រឹក្សា និង​មេភូមិ នៅ​សង្កាត់​កោះរ៉ុង ៦​នាក់ ករណី​រំលោភ​ដីធ្លី​

​ភ្នំពេញ ​៖ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ បានសម្រេច​ចោទប្រកាន់​លោក​ឧកញ៉ា សុខ ប៊ុន និង​មន្ដ្រី​អាជ្ញាធរ​សង្កាត់​កោះរ៉ុង ចំនួន​៥​នាក់​ផ្សេង​ទៀត ពាក់ព័ន្ធ​ការរំលោភ​ដី​ខុសច្បាប់ នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ។​

​ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវបាន​ចោទប្រកាន់​នោះ​រួមមាន​៖ ១ -​ឈ្មោះ អ៊ុង និត ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ។ ២- ឈ្មោះ សេង ហួ​លាង ចៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ។ ៣- ឈ្មោះ ហែម សា​ឡេះ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។ ៤-​ឈ្មោះ កែ សោម ចៅសង្កាត់រង​ទី​២ ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ។ ៥- ឈ្មោះ កែវ ពៅ មេ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ និង​៦- ឈ្មោះ សុខ ប៊ុន អគ្គនាយក សុខ ប៊ុន គ្រុប​។​

​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​​លោក​ឧកញ៉ា សុខ ប៊ុន ពីបទ ក្លែងបន្លំ​ឯកសារ​សាធារណៈ​, ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ផ្តើមគំនិត​ក្នុង​អំពើ​បំផ្លាញ​ដោយ​ចេតនា និង​តៃ​បំបាត់ដោយ​ទុច្ចរិត ប្រព្រឹត្ត​នៅ​សង្កាត់​កោះរ៉ុង ក្រង​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា ៦២៩, ៦៣០ និង ២៨ (៦០១) ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ចោទប្រកាន់​ឈ្មោះ អ៊ុង និត ពីបទ បំផ្លាញ​ដោយ​ចេតនា និង​តៃ​បំបាត់ដោយ​ទុច្ចរិត​, វីតិក្រម​, ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ ក្លែង​ប្រព្រឹត្ត​នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា​៦០១, ៥៩២, ៥៩៣, ៦២៩ និង​៦៣០ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឈ្មោះ សេង ហូ​លាង​, ឈ្មោះ ហែម សាឡៈ​, ឈ្មោះ កែវ សោម​, ឈ្មោះ កែវ ពៅ ពីបទ បំផ្លាញ​ដោយ​ចេតនា និង​តៃ​បំបាត់ដោយ​ទុច្ចរិត​, ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ប្រព្រឹត្ត​នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា ៦០១, ៥៩២, ៥៩៣, ៦២៩ និង​៦៣០ ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមបញ្ជាក់​ថា ឧកញ៉ា សុខ ប៊ុន រួម​ជាមួយ​មន្ដ្រី​អាជ្ញាធរ ៥​នាក់​ទៀត នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ត្រូវបាន​កម្លាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ឃាត់ខ្លួន និង​បាន​បញ្ជូន​ទៅកាន់ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ ពាក់ព័ន្ធ​ការរំលោភ​យក​ដី​រដ្ឋ និង​ក្លែង​លិខិត​បន្លំ​យក​ដី​អ្នកដទៃ នៅ​សង្កាត់​កោះរ៉ុង ចន្លោះ​ឆ្នាំ​២០១៦-២០១៩​។​

​មន្ដ្រី​ស៊ើបអង្កេត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ម្នាក់ បាន​ថ្លែងថា នេះ​ករណី ប៉ះពាល់​ទ្រព្យសម្បត្តិ​រដ្ឋ​ធ្ងន់ធ្ងរ ជា​ការបំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត​, ការរំលោភ​អំណាច ប្រព្រឹត្ត​កាលពី​អំឡុង ឆ្នាំ​២០១៦-២០១៩ នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។ មន្ត្រី​នៅ​កោះ​រុង ៥​នាក់ និង​អ្នករកស៊ី​ម្នាក់​គឺ​ឧកញ៉ា សុខ ប៊ុន ត្រូវ​បាន​ជាប់​អង្កេត និង​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ព្រឹក​ថ្ងៃទី​២៤​មិថុនា​នព ក្រោយ អ​.​ប​.​ព ឃាត់ខ្លួន​ស្តាប់​ចម្លើយ​៧២​ម៉ោង​៕​ ​ដោយ​៖​កូឡាប​

×