ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះត្រួតពិនិត្យ ការស្ថាបនាផ្លូវ និងសម្របសម្រួលផលប៉ះពាល់ នៃការដាក់ប្រព័ន្ធលូររំដោះទឹកដែលនៅសេសសល់ចំនួន១គ្រួសារ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ជាលទ្ធផលទទួលបានជោគជ័យ ដោយប្រជាពលរដ្ឋ១គ្រួសារនេះឯកភាពតាមការសម្របសម្រួលរបស់លោកអភិបាលខេត្ត ដើម្បីឲ្យក្រុមហ៊ុនបន្តការស្ថាបនា។
អមដំណើរក្នុងការចុះពិនិត្យនេះមានលោកមេបញ្ជាកងរាជអាវុធហត្តខេត្ត លោកអភិបាលក្រុងបាវិត កងកម្លាំងទាំងបី លោកមេភូមិ ចៅសង្កាត់បាវិត លោកប្រធានមន្ទីរជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
បើយោងតាមមន្ត្រីគ្រប់គ្រងគម្រោងកែលំអរពង្រីកទទឹងផ្លូវ និងប្រពន្ធ័លូរំដោះទឹកតំបន់ នៅក្រុងបាវិត ខេត្តស្វាយរៀង បានឲ្យដឹងថា ដំណើរការពង្រីកទទឹងផ្លូវ ដាក់លូររំដោះទឹកភ្លៀង និងសំណល់រាវ ចាប់ពីបង្គោលលេខ ១៥៩ ដល់បង្គោលលេខ ១៦៥ មានប្រវែង ៤០០០ម៉ែត្រ ក្រោមកម្ចីថវិកាពីធានាគារពិភពលោក ADB តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលសាងសង់ដោយក្រុមហ៊ុន MTA សហការជាមួយក្រុមហ៊ុនស៊ីនជាំងម៉ីស៊ីនរួតអេនព្រីនគ្រុប ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ រហូតមកដល់ពេលនេះ ក្រុមការងារសំរេចបានប្រមាណជាង ៧០ភាគរយ និងឈានទៅបញ្ចប់នៅក្នុងឆ្នាំ២០១៩នេះ។
លោកបន្តថា ទន្ទឹមនឹងការងារដាក់លូរំដោះទឹក នៅអមសងខាងផ្លូវខាងលើនេះ ក្រុមការងារផ្សេងៗទៀត បានដំណើរការធ្វើស្ពានអប់ឆ្លងកាត់ផ្លូវជាតិលេខ១ នៅតំបន់ទីប្រជុំជនក្រុងបាវិត ដើម្បីរំដោះទឹកចំនួន ៥កន្លែង បច្ចុប្បន្ន សំរេចបានជាង៨០ភាគរយ និងពង្រីកផ្លូវចាប់កៅស៊ូ AC នៅអមសងខាងប្រពន្ធ័លូររំដោះទឹក ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៏របស់ពលរដ្ឋដែលមានកំណើនច្រើនដែលសំរុកស្វែងរកការងារធ្វើ និងចរាចរណ៏ទំនិញ ចេញពីរោងចក្រ សហគ្រាសនានា ដែលមានទីតាំង នៅបាវិតនេះ។
បន្ទាប់មកលោកអភិបាលខេត្តនិងប្រតិភូបានបន្តដំណើរពិនិត្យមើលទីតាំងសាងសង់ សាលាសង្កាត់ កងរាជអាវុធហត្ថក្រុង និងប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិតផងដែរ ៕ ដោយ ៖ វ៉ៃកូ