Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ព្រះ​រាជូបត្ថម្ភ​ដ៏​ថ្លៃថ្លា ជូន​ដល់​ក្រុមគ្រួសារ​រងគ្រោះ បណ្តាលមកពី​ឧបទ្ទវហេតុ​ដួលរលំ​អគារ នា​ខេត្ត​ព្រះសីហនុ​

​នា​វេលា​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជហឫទ័យ​សណ្តោស​ប្រណី ព្រួយបារម្ភ​ដល់​សុខទុក្ខ​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ ស្តេច​សព្វព្រះរាជហឫទ័យ​ត្រាស់បង្គាប់ ថ្នាក់ដឹកនាំ​នៃ​ក្រសួងព្រះបរមរាជវាំង នាំយក​នូវ​ព្រះ​រាជអំណោយ​ជា​ព្រះរាជ​ទ្រព្យ​ផ្ទាល់ នៃ​ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ជា​ព្រះ​រាជូបត្ថម្ភ​ដ៏​ថ្លៃថ្លា ជូន​ដល់​ក្រុមគ្រួសារ​សព ជនរងគ្រោះ​តាម​លំនៅឋាន និង​ជនរងគ្រោះ ដែល​ទទួល​រងរបួស កំពុង​សម្រាក​ព្យាបាល​តាម​មន្ទីរពេទ្យ បណ្តាលមកពី​ឧបទ្ទវហេតុ​ដួលរលំ​អគារ ៧​ជាន់ នា​ខេត្ត​ព្រះសីហនុ​។​

​នៅក្នុង​ព្រះរាជសារ​ចុះ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ របស់​ព្រះអង្គ​ទាំង​ទ្វេ​បាន​គូសបញ្ជាក់ថា “​ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណាខ្ញុំ មាន​សេចក្ដី​រន្ធត់​ឥតឧបមា ដោយបាន​ទទួល ដំណឹង​អំពី​បងប្អូន កូនចៅ ដែល​បានទទួល​រងគ្រោះ​ដោយ​ការបាក់​រលំ​អគារ នៅ​ក្រុង​ព្រះ សីហនុ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ បណ្ដាលឱ្យមាន​អ្នកស្លាប់ និង​របួស​ជាច្រើន​នាក់​”​។ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ មាន​សេចក្ដីសោកស្ដាយ​ជាទីបំផុត និង​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ជាមួយ​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​ដែល​បាន​បាត់បង់ ជីវិត និង​សូមឱ្យ​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ទាំងអស់​បាន​ទៅកាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត ឡើយ និង​សូម​ជូនពរ​ដល់​បងប្អូន កូនចៅ ដែល​រងរបួស​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ទាំងអស់ សូមឱ្យ​បាន​ឆាប់​ជាសះស្បើយ​។​

​គួរ​បញ្ជាក់ដែរថា រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​សេចក្តីជូនដំណឹង​អំពី​ប្រតិបត្តិការ រុករក​ជនរងគ្រោះ ក្នុង​ឧបទ្ទវហេតុរ​លំបាក់​អគារ​កម្ពស់​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ បាន​បិទ​បញ្ចប់ នៅវេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ បន្ទាប់ពី​បើក​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​អស់​រយៈពេល​២​ថ្ងៃ​កន្លះ​។ តុល្យការ​ជនរងគ្រោះ​ដែល​ក្រុមការងារ បាន​ជួយសង្គ្រោះ​យក​ចេញពី​គំនរ​អគារ​បាក់បែក មាន​ចំនួន​សរុប​ចំនួន​៥៤​នាក់ ក្នុងនោះ​ស្លាប់​ចំនួន​២៨​នាក់ ស្រី​០៤​នាក់ និង​រងរបួស​ចំនួន​២៦​នាក់ ស្រី​០២​នាក់​៕​ ដោយ​៖​កូ​ឡាប​

×