(ភ្នំពេញ) ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញណែនាំឱ្យមន្ត្រីក្រោមឱវាទ និងក្រុមការងារជំនាញ ត្រូវរៀបចំចងក្រងឯកសារមេរៀនសម្រាប់ធ្វើការបណ្តុះបណ្តាល និងផ្សព្វផ្សាយដល់និយោជក កម្មករនិយោជិត និងមហាជនទូទៅឱ្យបានយល់ដឹងពីហានិភ័យនានា ដែលបង្កឡើងដោយសារធាតុអាសបេស្តុស។
ការជំរុញការងារខាងលើនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយកម្រងព័ត៌មានជាតិស្តីពី សារធាតុអាសបេស្តុសនៅកម្ពុជា នៅភោជនីយដ្ឋានទន្លេបាសាក់ទី២ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។
តើសារធាតុអាសបេស្តុសជាអ្វី ហើយបង្កផលប៉ះពាល់អ្វីខ្លះដល់មនុស្ស?
នាឱកាសថ្លែងសុន្ទរកថាបើកកម្មវិធី លោកអ៉ិត សំហេង បានពន្យល់ថា «អាសបេស្តុស ពិតជាមានប្រយោជន៍ច្រើនចំពោះវិស័យឧស្សាហកម្ម ដោយសារវាធន់រឹងមាំ ប៉ុន្តែវាក៏បណ្តាលឱ្យមានផលប៉ះពាល់យ៉ាងច្រើនដល់សុខភាពមនុស្ស តាមរយៈការដកដង្ហើម ហើយភាគច្រើនបណ្តាលឱ្យកើតជំងឺ មានជាអាទិ៍មហារីកសួត មហារីកស្រោមសួត មហារីកស្បូន ដុំក្នុងសួត រលាកសួត ស្រោមសួតក្រាស ត្បៀតទងសួត ជំងឺប្រព័ន្ធផ្លូវដង្ហើម និងរហូតដល់កើតជំងឺមហារីកបំពង់អាហារ មហារីកក្រពះ និងមហារីកពោះវៀនទៀតផង»។
តាមរយៈការរៀបចំពិធីផ្សព្វផ្សាយកម្រងព័ត៌មានជាតិស្តីពី សារធាតុអាសបេស្តុសនៅកម្ពុជានេះ គឺជាសក្ខីភាពមួយទៀត ដែលឆ្លុះបញ្ជាំងពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងពីគ្រប់ភាគីពាក់ព័ន្ធចំពោះការអភិវឌ្ឍវិស័យសុខភាព និងសុវត្ថិភាពការងារនៅកន្លែងធ្វើការក្នុងប្រទេសកម្ពុជា។
លោក អ៊ិត សំហេង បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំ ដឹកនាំ និងការចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំចេញជាសៀវភៅដ៏មានសារសំខាន់នេះឡើង ជាពិសេសចំពោះក្រុមការងារកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុសនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងប្រមែប្រមូលផ្តល់ទិន្នន័យ ព័ត៌មាន និង របាយការណ៍នានា ហើយនឹងត្រូវធ្វើបច្ចុប្បន្នភាពញឹកញាប់ ដើម្បីជូនព័ត៌មានពីការអភិវឌ្ឍគោលនយោបាយ ការកំណត់បញ្ហាប្រឈមនៅកន្លែងធ្វើការ ជួយក្នុងការរៀបចំផែនការ និងកំណត់សកម្មភាពអាទិភាពសំដៅកាត់បន្ថយការប៉ះពាល់នៃសរសៃអាសបេស្តុស។
ទន្ទឹមនឹងនេះ លោកក៏បានស្នើដល់ អង្គការដៃគូអភិវឌ្ឍនានា រួមមានទីភ្នាក់ងារសុវត្ថិភាព និងការលុបបំបាត់ សារធាតុអាសបេស្តុនៃប្រទេសអូស្ត្រាលី អង្គការអាហ្វីដា អង្គការILO/Japan និងអង្គការសុខភាពពិភពលោក(WHO) បន្តជួយគាំទ្រ ដើម្បីកម្ពុជាមានលទ្ធភាពរៀបចំឱ្យទៅជាផែនការសកម្មភាពនានា ឈានទៅការប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងទប់ស្កាត់នូវរាល់ហានិភ័យទាំងឡាយដែលបង្កឡើងដោយសារធាតុអាសបេស្តុសនេះ។
ដើម្បីទប់ស្កាត់ហានិភ័យទាំងឡាយ ដូចបានលើកឡើងខាងលើ ជំហានដំបូង លោករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារនេះ រៀបចំចងក្រងឯកសារមេរៀនសម្រាប់ធ្វើការបណ្តុះបណ្តាល ផ្សព្វផ្សាយដល់និយោជក កម្មករនិយោជិត និងមហាជនបានយល់ជ្រួតជ្រាបពីហានិភ័យ ដែលបង្កឡើងដោយសារធាតុអាសបេស្តុសនេះ៕ ដោយ ៖ កូឡាប