មនុស្សចំនួន ១២នាក់ បានស្លាប់ទាំងអស់ បន្ទាប់ពីយន្តហោះខ្នាតតូចមួយបានធ្លាក់ កាលពីថ្ងៃអាទិត្យម្សិលមិញ ក្នុងប្រទេសកូស្តារីកា។ ក្នុងចំណោមអ្នកស្លាប់ មាន ១០នាក់ជាជនជាតិអាមេរិច។
អ្នកបើកបរយន្តហោះ ២នាក់ ក៍បានស្លាប់នៅក្នុងហេតុការណ៏នោះផងដែរ។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតី Luis Guillermo Solis Rivera នៅក្នុងសេចក្តីប្រកាស ដែលបង្ហោះនៅលើបណ្តាញសង្គម។
គេមិនទាន់បានដឹងពីមូលហេតុនៃការធ្លាក់នោះនៅឡើយទេ ដែលបានកើតឡើងនៅរសៀល ថ្ងៃអាទិត្យ នៅតំបន់ Nandayure ស្ថិតក្នុងខេត្ត Guanacaste របស់ប្រទេសកូស្តារីកា។
យន្តហោះខ្នាតតូចនោះបានហោះចេញពីព្រលាន Punta Islita នៅម៉ោង ១២ និង ១០នាទីថ្ងៃត្រង់ ឆ្ពោះទៅកាន់រដ្ឋធានី សាន ជូសេ (San Jose)។
បើតាមមន្ត្រីរបស់ប្រទេសនេះបានឲ្យដឹងថា មានសេចក្តីរាយការណ៏ពីការធ្លាក់យន្តហោះនៅម៉ោង ១២ និង ២០នាទី ពោលគឺ ១០នាទីក្រោយពេលយន្តហោះនោះបានហោះចេញពីព្រលាន។
កាលពីព្រឹកថ្ងៃអាទិត្យ អ្នកបើកបរយន្តហោះនោះបានបង្ខំចុះចតនៅព្រលានយន្តហោះផ្សេង ដោយសារតែបញ្ហាខ្យល់ខ្លាំង៕ សុភ័ក្ត្រ