ភ្នំពេញ៖ សម្តេចអគ្គមពញាចក្រី ហេង សំរិន បានលើកទឹកចិត្តដល់រាជរដ្ឋាភិបាល បន្តកិច្ចខិតខំពន្លឿនការអនុវត្តកម្មវិធី និងអាទិភាពគោលនយោបាយ សំខាន់ៗ ដូចជាបន្តអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់វិស័យកសិកម្ម ឧស្សាហកម្ម ការងារវិមជ្ឈការ និងវិសហមជ្ឈិការ ដើម្បីឲ្យកម្ពុជាមានប្រព័ន្ធរដ្ឋបាលសាធារណៈមួយ កាន់តែស្អាតស្អំ ឆ្លាតវៃ និងមានសមត្ថភាពអាចដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដែលអាចឱ្យកម្ពុជា សម្រេចបាននូវវឌ្ឍនភាព និងវិបុលភាព តាមការរំពឹងទុក សំដៅធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ និងនិរន្តរភាព។
សម្តេចបានលើកឡើងដូច្នេះនៅក្នុងឱកាសអញ្ជើញ បើកសិក្ខាសាលាស្វែងយល់ ពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។
ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើររាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០១៨ ប្រកបដោយភាពត្រឹមត្រូវ និងសមស្រប ធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនប្រកបដោយចីរភាព និង បរិយាប័ន្ន និងបានជំរុញដល់ការវិនិយោគ ទាំងក្នុងស្រុក និងវិនិយោគផ្ទាល់ពីបរទេស ហើយបានធ្វើឲ្យកំណើនសេដ្ឋកិច្ច សម្រេចបានលើសពីការរំពឹងទុក រហូតដល់ ៧,៥%។
ជាមួយគ្នានេះ សម្តេចបានលើកទឹកចិត្តដល់រាជរដ្ឋាភិបាល ក្នុងការបន្ត និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរក្សា និងធានានូវកំណើនសេដ្ឋកិច្ចខ្ពស់ រឹងមាំ និងមាននិរន្តរភាព និងអាចដោះស្រាយបញ្ហាប្រឈមនានា។ សម្តេចបានជំរុញដល់រាជរដ្ឋាភិបាល បន្តអភិវឌ្ឍ និងការគ្រប់គ្រងធនធានមនុស្ស ក្នុងវិស័យសាធារណៈ ឱ្យកាន់តែប្រសើរ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍នៃចរន្តវិវត្តន៍សេដ្ឋកិច្ចតំបន់ និងសកលលោក ។ បន្តអភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតលើការបង្កើនផលិតភាព ពិពិធកម្ម ការកែច្នៃកសិផល និងពាណិជ្ជូបនីយកម្ម។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកទឹកចិត្តរាជរដ្ឋាភិបាល បន្តអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម២០១៥-២០២៥ ឱ្យយកាន់តែមានប្រសិទ្ធភាព សំដៅបង្កើនសង្វាក់ផលិតកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ ក្នុងនោះការបន្តរៀបចំផែនការមេក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលដៅលើកកម្ពស់សមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា ចូលក្នុងទីផ្សារអន្តរជាតិ និងត្រៀមចំពោះហានិភ័យនានា ដែលអាចកើតមានជាយថាហេតុ។ លើកទឹកចិត្ត និងគាំទ្រដល់ការធ្វើការកែទម្រង់វិមជ្ឈការ និងវិសហវិមជ្ឈការ ឱ្យកាន់តែប្រសើរ សំដៅលើកកម្ពស់គុណភាពនិងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈ។
ចំពោះក្របខ័ណ្ឌនីតិប្បញ្ញត្តិវិញ សម្តេច បានស្នើឱ្យមានការជជែក ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ដើម្បីរួមចំណែក និងគាំទ្រដល់កិច្ចខិតខំរាជរដ្ឋាភិបាល ក្នុងដំណើរការកសាង និងអនុវត្តន៍គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យ ក្នុងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់ស្ថាប័ននីតិប្បញ្ញត្តិ ត្រូវបន្តការសិក្សា ស្រាវជ្រាវ និងផ្តួចផ្តើមគំនិតធ្វើច្បាប់ ឬវិសោធនកម្មច្បាប់នានា ដែលមានភាពខ្វះចន្លោះ ឬមិនទាន់ស្របទៅនឹងសភាពការណ៍ សំដៅបង្កើនប្រសិទ្ធភាពនៃការអនុវត្ត ជាពិសេសច្បាប់នានា ដែលទាក់ទងនឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្តលើកកម្ពស់តួនាទីតាមដាន និងភាពជាតំណាងប្រជាពលរដ្ឋ ដោយត្រូវស្វែងយល់ពីក្តីកង្វល់ កង្វះខាត និងភាពប្រឈម របស់ប្រជាពលរដ្ឋ នៅតាមមណ្ឌលរបស់ខ្លួន ឱ្យកាន់តែសកម្ម ដើម្បីធានាបាននូវភាពសុខដុម និងវិបុលភាពជូនប្រជាពលរដ្ឋ ជាដើម៕ ដោយ៖កូឡាប